ខ្វែង​គំនិតគ្នារឿង​​តម្លៃ​អគ្គិសនី​ ដើរ​ចេញពី​វេទិកា

ខេត្ដស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា នៅ​វត្ត​ក្រោលគោ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ មាន​បើក​វេទិកាសាធារណៈ​ដោះ ស្រាយ​បញ្ហា​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ចំនួន​២.៥០០​គ្រួសារ ជាមួយ​ខាង​អគ្គិសនី​ក្រោលគោ ដែល​ប្រជាពលរដ្ឋ​លើកគ្នា​តវ៉ា​ពី​បញ្ហា​តម្លៃ​បញ្ហា​អគ្គិសនី​ខ្ពស់ ហើយ​មន្ត្រី​អគ្គិសនី​កម្ពុជា​បាន​សន្យា​បញ្ចុះតម្លៃ​ពី​១.០០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​មក​ត្រឹម​៨០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​នៅ​ខែមីនា ក៏​ប៉ុន្តែ​មិន​គោរព​ពាក្យ​សន្យា ។

វេទិកា​នេះ​មានការ​ចូលរួម​ពី​សំណាក់​លោក​ស៊ុំ សុ​ជាតិ អភិបាលរង​ខេត្ត លោក សុទ្ធ គឹ​ម ច័ន្ទ អភិបាលស្រុក​ស្វាយ​ជ្រំ តំណាង​អគ្គិសនី​កម្ពុជា តំណាង​អគ្គិសនី​ក្រោលគោ ក្រុមប្រឹក្សា​ឃុំ និង​ប្រជាពលរដ្ឋ​១០០​នាក់​តំណាង​ឲ្យ​២.៥០០​គ្រួសារ ដើម្បី​ធ្វើការ​ដោះស្រាយ ។

ប្រជាពលរដ្ឋ​និយាយ​ថា ពួក​គាត់​គ្មាន​ជំនឿ​ថា​អ្នក​មក​ចូលរួម​ដោះស្រាយ​គោរព​តាម​ពាក្យ​សន្យា​ទេ ទើប​យក​ក្បាល​ជ្រូក ស្រា​បៀរ និង​ផ្លែ​ឈើ មក​សែន​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​វត្ត​ក្រោលគោ​ធ្វើ​ជា​សាក្សី ។ ពួក​គាត់​និយាយ​ថា មន្ត្រី​អគ្គិសនី​កម្ពុជា​មិន​គោរព​ពាក្យ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​សន្យា​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា​ថា នៅ​ខែមីនា គឺ​បញ្ចុះតម្លៃ​អគ្គិសនី​ពី​១.០០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​មក​នៅ​ត្រឹម​៨០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ប៉ុន្តែ​នៅ​តែ​យក​១.០០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​ដដែល​ហើយ​មិន​ទទួលខុសត្រូវ​ទើប​ពួក​គាត់​គ្មាន​ជំនឿ ។

ក្នុង​ឱកាស​នោះ លោក​សុទ្ធ គឹ​ម​ច័ន្ទ អភិបាលស្រុក​ស្វាយ​ជ្រំ មាន​ប្រសាសន៍​ថា យើង​មិន​គួរ​យក​ការ​បែ​បន់​មក​ដោះស្រាយ​ទេ ពីព្រោះ​ការ​ស្បថ​គឺ​គ្រោះថ្នាក់​ណាស់​អាច​ស្លាប់​បាន ។ លោក​បាន​លើក​ឧទាហរណ៍​ករណី​ជាក់ស្តែង​ក្នុង​រឿង​ទំនាស់​ដីធ្លី ដោយ​ភាគី​ម្ខាង​ទាល់ច្រក​ក៏​និយាយ​ថា បើ​ឯង​ថា​ដី​នេះ​ថា​ដី​របស់​ឯង​ស្បថ​នៅ​វត្ត​ស្វាយ​ជ្រំ​រួច​យក​ចុះ ។ ឯ​ភាគី​ម្ខាង​នោះ​យល់ព្រម​ស្បថ​ទាំង​បំពាន ក្រោយ​ពី​ស្បថបាន​តែ​៧​ថ្ងៃ ចាញ់​សម្បថ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត ដូច្នេះ​កុំ​យក​ការ​ស្បថ​មក​ដោះស្រាយ​អី ។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ក្រោលគោ បាន​មាន​ប្រសាសន៍​ក្នុង​វេទិកា​នោះ​ថា មូលហេតុ​នាំ​ឲ្យ​មាន​ទំនាស់​កើតឡើង​មក​ពី​មន្ត្រី​អគ្គិសនី​កម្ពុជា បាន​មក​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា នៅ​ខែមីនា បញ្ចុះតម្លៃ​អគ្គិសនី​ពី​១.០០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​មក​៨០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ហើយ​នេះ​មិនមែន​ប្រជាពលរដ្ឋ​ជា​អ្នក​សុំ​បញ្ចុះតម្លៃ​ទេ គឺ​មន្ត្រី​អគ្គិសនី​ខ្លួនឯង​ជា​អ្នក​សន្យា​ហើយ​មិន​គោរព​ពាក្យ​សន្យា ។ ចំពោះ​ប្រជាពលរដ្ឋ​មិន​ទាន់​ទៅ​បង់ប្រាក់​ថ្លៃ​អគ្គី​ស​នី គឺ​មក​ពី​មន្ត្រី​អគ្គិសនី​មិន​គោរព​ពាក្យ​សន្យា ហើយ​មិន​ព្រម​ចេញ​មក​បកស្រាយ​ជូន​ប្រជាពលរដ្ឋ ដោយ​ប្តូរ​អ្នក​ផ្សេង​មក​ជំនួស​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ ។

ទាក់ទង​នឹង​ករណី​នេះ លោក​ឃុន ពិសិដ្ឋ ប្រធាន​ផ្នែក​បញ្ជី​ថ្លៃ​លក់​នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ថ្លែង​ថា ការ​សន្យា​ពី​មុន​លោក​មិន​បានដឹង​ទេ ហើយ​បើ​អ្នក​មុន​មក​ផ្សព្វផ្សាយ​និង​បាន​សន្យា​បញ្ចុះតម្លៃ​រហូត​៨០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង គឺ​គាត់​យល់​ច្រឡំ​ហើយ ។ ដូច្នេះ​ក្នុង​នាម​អាជ្ញាធរ​អគ្គិសនី​កម្ពុជា លោក​សុំ​ទោស​ដែល​មន្ត្រី​មុន​យល់​ច្រឡំ គឺ​ខុស​ពី​ផែនការ​ថ្នាក់​ជាតិ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​សិក្សា​ធ្វើ​ផែនការ​ធ្វើ​យ៉ាងណា​ឲ្យ​តម្លៃ​ខិត​ជិត​គ្នា ឆ្ពោះទៅ​រក​តម្លៃ​មួយ​ដូច​គ្នា​ទូ​ទាំង​ប្រទេស ។

ដោយឡែក​នៅ​ស្រុក​ស្វាយ​ជ្រំ យើង​នឹង​បញ្ចុះតម្លៃ​ថ្មី​តាម​លទ្ធភាព​គឺ អគ្គិសនី​កម្ពុជា​បញ្ចុះតម្លៃ​ពី​១.០០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង មក​តម្លៃ​៩៥០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ដោយ​គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៦​នេះ​តទៅ ។ នៅ​ឆ្នាំ​២០១៧ យើង​មាន​អនុ​ស្ថានីយ​អគ្គិសនី​ត​ភ្ជាប់​ពី​បណ្តាញ​ថ្នាក់​ជាតិ​ដោយ​ខ្លួនឯង គឺ​អាច​បញ្ចុះតម្លៃ​មក​៨០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​តាម​ផែនការ ។

ក្រុម​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ដើរ​ចេញ​ឈប់​នៅ​ស្តាប់​ដោយ​ពួក​គាត់​និយាយ​ថា ប្រជាពលរដ្ឋ​ខកចិត្ត​យ៉ាង​ខ្លាំង​ពេល​ឮ​និយាយ​ថា យល់​ច្រឡំ​មិន​ទទួលខុសត្រូវ​លើ​ពាក្យ​សន្យា ។ រីឯ​ស្ត្រី​ម្នាក់​ដែល​ជា​តំណាង​ឲ្យ​អ្នក​ផ្គត់ផ្គង់​អគ្គិសនី​ក្រោលគោ​និយាយ​ថា អគ្គិសនី​ក្រោលគោ​ទទួល​អាជ្ញាប័ណ្ណ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​អតិថិជន​ចំនួន​២.៧០០​គ្រួសារ ហើយ​ក្នុង​ឃុំ​ឈើទាល ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ និង​ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង គឺ​អតិថិជន​បាន​មក​បង់ថ្លៃ​ភ្លើងអគ្គិសនី​បាន​ចំនួន​ជាង​២០០​គ្រួសារ​ហើយ នៅ​ជាង​៦០០​គ្រួសារ​ទៀត​មិន​ទាន់​មក​បង់ ។

អគ្គិសនី​ក្រោលគោ​បាន​ចេញ​លិខិត​ជូន​ដល់​ដៃ​អ្នក​ដែល​មិន​ទាន់​បាន​បង់ប្រាក់​សេវា​អគ្គិសនី​ឲ្យ​មក​បង់ប្រាក់ ហើយ​បើ​មិន​ព្រម​មក​បង់​ទេ ខាង​អគ្គិសនី​ក្រោលគោ​និង​អនុវត្ត​តាម​ការ​កំណត់ គឺ​ផ្អាក​ការ​ផ្តល់​អគ្គិសនី​ឲ្យ​ប្រើប្រាស់​(​ផ្តាច់​ភ្លើង​)​ចាប់ពី​ថ្ងៃ​ទី​២ មិថុនា តទៅ ។ ពេល​នេះ​ប្រជាពលរដ្ឋ​មិន​ទាន់​យល់ព្រម​ទទួលយក​ការ​បញ្ចុះតម្លៃ​៩៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​នោះ​នៅឡើយ​ទេ ៕