មុននេះបន្តិច ​សម្តេចតេជោ ហ៊ុន សែន​ ស្នើឲ្យពិចារណា​បិទមណ្ឌលព្រៃស្ពឺ

រាជធានីភ្នំពេញ​ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន​ បានស្នើឲ្យក្រសួង​សង្គមកិច្ចនិងអតីតយុទ្ឋជន​ និង សាលារាជធានី​ភ្នំពេញពិចារណា​បិទមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ។

សម្តេចប្រមុខរាជរដ្ឋាភិបាល​មានប្រសាសន៍ខាងលើបែបនេះ​បានធ្វើឡើងក្នុងឱកាស​ដែលសម្តេចនិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ០១​ មិថុនា ខួប​ទី​៦៧​ និង​ទិវា​ពិភពលោក​​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា ​ខួប​ទី​១៥ និង​ទិវា​កុមារ​កម្ពុជា ​នៅមជ្ឈមណ្ឌលកម្សាន្តនិង​ពិព័រណ៍កោះពេជ្រ ​នាព្រឹកថ្ងៃទី៣១ ឧសភា ២០១៦ ។

គួរបញ្ជាក់ថា​ មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ​ដែលមានទីតំាងស្ថិតនៅក្នុង​ខណ្ឌពោធិសែនជ័យនេះ ​កន្លងមកបានទទួលរងនូវការ​រិះគន់​ពីមជ្ឈដ្ឋាន​​ប្រជាពលរដ្ឋក៍ដូចជាក្រុមសង្គមស៊ីវិល​មួយចំនួនដែលធ្វើការងារពាក់​ព័ន្ឋនឹងបញ្ហាសិទ្ឋិមនុស្ស​​ថាមជ្ឈមណ្ឌល​នេះ​មិនមានការទទួលខុស​ត្រូវក្នុងការគ្រប់គ្រងក្មេងអនាថា ​អ្នកសុំទាន ចាស់ជរាគ្មានទីពឹង ​និងជនប្រើបា្រស់គ្រឿង​​ជាដើមឲ្យ​បាន​ល្អ​នោះទេ ​ហាក់ដូចជាយកពួកគេទៅឃុំទុក​ រហូតដល់មានអ្នកស្លាប់​ក្នុងមណ្ឌល​នោះថែមទៀត ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ចប់​សុន្ទរកថានៅវេលាម៉ោង៩និង០៨នាទី​ព្រឹកថ្ងៃអង្គារដដែលនេះ ៕