​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ឥណ្ឌូណេស៊ី ជួយ​ពលករ​ខ្មែរ​រងគ្រោះ​ជាង​៥០​នាក់​

:
​តាម​របាយការណ៍​ចុងក្រោយ​ដែល​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទទួលបាន​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី  នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ​២០១៦ បានអោយដឹងថា ស្ថានទូត បាន​សហការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី និង​អង្គការ​អន្តរជាតិ​ទេស​ន្ត​ប្រវេសន៍ (IOM) រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​ខ្មែរ​រងគ្រោះ​ចំនួន​៥៤​នាក់ ពី​កោះ Pontianak ប្រទេស​ឥណ្ឌូណេស៊ី ជា​ពីរ​ក្រុម​៖
-​ក្រុមទី​១ មាន​ចំនួន​២៧​នាក់ មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ១៧:១០​នាទី​ល្ងាច តាម​ជើងយន្តហោះ MH៧៦២ ។​
-​ក្រុមទី​២ មាន​ចំនួន ២៧ នាក់ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ១៧:១០​នាទី​ល្ងាច តាម​ជើងយន្តហោះ MH៧៦២​។​

​ដោយឡែក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​ចំនួន​១ នាក់ ឈ្មោះ​ហេង តូច អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​អំពិល​ក​ញ្ច្រិ​ញ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ដែល​បាន​ទៅធ្វើ​ការ​ជា​ស្ត្រី​ជំនួយការ​មេផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី  តាំងពី​ថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០១១ តាមរយៈ​ក្រុមហ៊ុន PH នៅ​កម្ពុជា និង​ក្រុមហ៊ុន LAW & CHEW នៅ​ម៉ាឡេស៊ី និង​បាន​ទៅ​ស្ថានទូត នៅ​ថ្ងៃទី​១៤​ខែឧសភា ឆ្នាំ​២០១៦ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។

​តាម​ការសំរបសំរួល​របស់​ស្ថានទូត ថៅកែ​បាន​បើកប្រាក់​ខែ​ជូន​គ្រប់​ចំនួន និង​យល់ព្រម​ទិញ​សំបុត្រ​យន្តហោះ ឱ្យ​ពល​ការិនី​រូបនេះ​។

​ពល​ការិនី ហេង តូច បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី ២៩ ខែឧសភា  ឆ្នាំ​២០១៦ វេលា​ម៉ោង ០៣:៥៥ នាទី រសៀល តាម​ជើងយន្តហោះ AK ៥៣៤​។​
      ​
កំឡុងពេល​រង់ចាំ​ការ​ត្រឡប់មក​កម្ពុជា​វិញ ស្ថានទូត​បានផ្តល់​កន្លែង​ស្នាក់នៅ និង​ហូប​-​ចុក ជូន​ដល់​ពល​ការិនី ហេង តូច ផងដែរ ៕s​