កុំព្យូទ័រ​​ស៊េរី​ថ្មី​របស់​ Asus លឿន​ជាង​ ស្រាល​ជាង​ និង​ស្ដើង​ជាង​ MacBook

ក្នុង​កម្មវិធី​ Computex ដែល​ប្រព្រឹត្ត​ឡើង​កាល​ពី​ម្សិលមិញ​នេះ​ ក្រុមហ៊ុន​ ASUS បាន​បង្ហាញ​ផលិតផល​អេឡិចត្រូនិក​ជា​ច្រើន​ប្រភេទ​ រួម​មាន​ ZenBook 3 ​គូ​ប្រជែង​ថ្មី​របស់​ MacBook។

 

កុំព្យូទ័រ​​ស៊េរី​ថ្មី​របស់​ Asus លឿន​ជាង​ ស្រាល​ជាង​ និង​ស្ដើង​ជាង​ MacBook

 

​កុំព្យូទ័រ​យួរ​ដៃ​​ ZenBook 3 មាន​អេក្រង់​ទំហំ​ ១២,៥​ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ច្បាស់​ល្អ​ក្នុង​កម្រិត​ ១៩២០ x ១០៨០​ភីកសែល។ វា​មាន​កម្រាស់​ស្ដើង​ត្រឹម​តែ​ ១១,៩​ ម.ម​ និង​មាន​ទម្ងន់​​ត្រឹម​ ០,៩​ គីឡូក្រាម ស្ដើង​ជាង​និង​ស្រាល​ជាង​ MacBook ដែល​មាន​ទម្ងន់​ ០,៩២ គីឡូក្រាម​ និង​​កម្រាស់​ ១៣,១​ ម.ម។

 

កុំព្យូទ័រ​​ស៊េរី​ថ្មី​របស់​ Asus លឿន​ជាង​ ស្រាល​ជាង​ និង​ស្ដើង​ជាង​ MacBook

 

កុំព្យូទ័រ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows នេះ​មាន​បំពាក់​ទៅ​ដោយ​ CPU Intel Core i7 ដែល​មាន​ RAM ទំហំ​ ១៦GB, អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ​ SSD ទំហំ​ ១TB និង​មាន​រន្ធ​បំពង​សំឡេង​ចំនួន​បួន។ ZenBook 3 នេះ​ប្រើ​ប្រាស់​រន្ធ USB ​ត​ភ្ជាប់​ប្រភេទ​ C សម្រាប់​ការ​សាក​ថ្ម​ និង​ ការ​ត​ភ្ជាប់​នានា​ ដូច​​នឹង​ MacBook ដែរ។

 

កុំព្យូទ័រ​​ស៊េរី​ថ្មី​របស់​ Asus លឿន​ជាង​ ស្រាល​ជាង​ និង​ស្ដើង​ជាង​ MacBook

 

កុំព្យូទ័រ​ដ៏​ស្ដើង​នេះ​​មាន​ថាមពល​ថ្ម​ដែល​អាច​ប្រើ​ប្រាស់​បាន​ដល់​រយៈ​ពេល​ ៩​ ម៉ោង​ ហើយ​ថែម​ទាំង​មាន​បច្ចេកវិទ្យា​បញ្ចូល​ថ្ម​បាន​លឿន​ អាច​សាក​ថាមពល​បាន ៦០% ដោយ​ប្រើ​ពេល​តែ​ ៤៩​ នាទី។ ចំណុច​ពិសេស​របស់​ ZenBook 3 នេះ​ គឺ​មាន​បំពាក់​​មុខងារ​ស្កេន​ក្រយៅ​ដៃ​ ​សម្រាប់​ប្រើ​ជា​មួយ​ Windows Hello ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Sign In និង​ដោះ​សោ​កុំព្យូទ័រ​ ដោយ​ប្រើ​តែ​ម្រាម​ដៃ​បាន។

 

 

​​​​​​​ZenBook 3 នឹង​មាន​ដាក់​លក់​នៅ​អំឡុង​​ត្រីមាស​ទី​បី​ឆ្នាំ​នេះ​ ដោយ​​តម្លៃ​លើ​ទីផ្សារ​អាមេរិក​នឹង​មាន​ចាប់​ពី​ ៩៩៩​ ដុល្លារ​ សម្រាប់​ប្រភេទ​ Intel Core i5, RAM 4GB និង​ SSD 256GB។ ចំណែក​ឯ​ប្រភេទ​ SSD 512GB មាន​តម្លៃ​ ១៤៩៩ ដុល្លារ​ និង​ប្រភេទ​ខ្ពស់​ជាង​គេ​ Intel Core i7, RAM 16GB និង​ SSD 1TB មាន​តម្លៃ​ ១៩៩៩ ដុល្លារ៕​​

 

ចុច​អាន៖ Hacker​ ​កូរ៉េ​ខាង​ជើង​ ​ត្រូវ​សង្ស័យ​​លួច​លុយ​ធនាគារ​អន្តជាតិ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumors​​​​​​