ដក​តំណែង​អធិការ​ប៉ូលិស​ក្រុង​បាត់ដំបង

ដក​តំណែង​អធិការ​ប៉ូលិស​ក្រុង​បាត់ដំបង



ខេត្តបាត់ដំបង ៖ ទីបំផុត​ត្រូវ​បាន​ក្រសួងមហាផ្ទៃ ចេញ​សេចក្ដីសម្រេច​ប្រកាស​ដក​តំណែង​អធិការ​នគរបាល​ក្រុង​បាត់ដំបង លោក យឹ​ម វិចិត្រ ជា​ផ្លូវការ​ហើយ ប៉ុន្តែ​បាន​ផ្ទេរ​ឲ្យ​លោក​ទៅ​កាន់​តំណែង​ថ្មី​ដ៏​ធំដុំ​មួយ​ដែរ​នៅ​ស្នងការដ្ឋាន​ខេត្ត ដែល​គេ​តែង​និយាយ​លេង​ថា​ជា «​តំណែងអង្គុយ​អាន​​កាសែត​..» ដែលកន្លងមក​សម្បូរ​ទៅ​ដោយ​រឿងអាស្រូវ​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​អង្គភាព ។

ពិធី​ប្រកាស​ដក​តំណែង​លោក​អធិការ​នគរបាល​ក្រុង​បាត់ដំបង ក្រោម​រូបភាព​«​ធ្វើ​កំណែទម្រង់​មន្ត្រី​នគរបាល​»​នេះ គឺ​បាន​ធ្វើ​ឡើង​ព្រម​គ្នា​ជាមួយនឹង​ពិធី​«​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្ដិ​» ដល់​មន្ត្រី​នគរបាល​ជាតិ​ជាង​២៥០​រូប នា​ព្រឹក​ថ្ងៃ​ទី​៣០​ខែឧសភា នៅ​សាល​ប្រជុំ​សាលាខេត្ត​ក្រោម​អធិបតីភាព​លោក​ឧត្ត​សេនីយ៍​ទោ ស ថេ​ត ស្នងការ​នគរបាល​ខេត្ត ដោយ​មានការ​ចូលរួម​ពី​អស់លោក​ជា​ស្នងការ​រង និង​មន្ត្រី​នគរបាល​ជិត​៤០០​រូប ។

យោងសេចក្ដី​សម្រេច​របស់​ក្រសួងមហាផ្ទៃ ដែល​ប្រកាស​ដោយ​មន្ត្រី​ការិយាល័យ​បុគ្គលិក​បាន​ឲ្យ​ដឹង​ថា លោក យឹ​ម វិចិត្រ ត្រូវ​បាន​ផ្លាស់​ប្ដូរ​ចេញពី​អធិការ​នគរបាល​ក្រុង​បាត់ដំបង ហើយ​តែងតាំង​លោក ប៉ា​ង ហៀ​ង អធិការរង​នគរបាល​ស្រុក​សង្កែ ឱ្យ​ចូល​កាន់​តំណែង​ជា​អធិការ​នគរបាល​ក្រុង​បាត់ដំបង​វិញ ។ សេចក្ដី​ប្រកាស​បាន​បញ្ជាក់​ថា លោក យឹ​ម វិចិត្រ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ការិយាល័យ​កណ្ដាល​ភ័​ស្ដ​ភារ​នៃ​ស្នងការដ្ឋាន​ខេត្ត ដែល​តំណែង​នេះ​ត្រូវ​គេ​មើលឃើញ​ថា​ ហាក់​ធំដុំ​ជាង​មុន តែ​ដូច​ជា​សូវ​មិន​ចំ​កន្លែង «​ខ្លាញ់​» ដូច​នៅ​កាន់​អធិការ​ក្រុង​បាត់ដំបង​ទេ ។

អតីត​អធិការ​នគរបាល​ក្រុង​បាត់ដំបង លោក យឹ​ម វិចិត្រ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ក្នុងអំឡុងពេល​លោក​កាន់​តំណែង​ជា​អធិការ​នគរបាល​ក្រុង​បាត់ដំបង​។ លោក​មានឈ្មោះ​អាស្រូវ​បំផុត គឺ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។ កុំ​ថា​ឡើយ​ការ​រិះគន់​ពី​ប្រជា​ពលរ​ដ្ធ សូ​ម្បី​តែ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ក៏​រិះគន់​ខ្លាំង​ណាស់​ដែរ រហូត​មាន​មន្ត្រី​មួយ​ចំនួន​សរសេរ​ខិត្តប័ណ្ណ​វាយប្រហារ​ពី​ទ​ង្វើ​អាក្រក់ ចរិត​ក្រអឺតក្រទម និង​សម្តី​ដ៏​អសុរោះ​គ្មាន​សីលធម៌​របស់​លោក​ទៀត​ផង ក្នុង​នាម​លោក​ជា​ថ្នាក់ដឹកនាំ​មួយ​រូប​។​ក្រៅពី​នេះ អតីត​អធិការ​រូប​នេះ ក៏​រង​ការ​ប្ដឹងប្តល់​ផង​ដែរ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ចាប់​មនុស្ស​គ្មាន​កំហុស​ជំរិត​យក​លុយ ។​ល​។​និង​។​ល​។

សំណុំរឿង​ទាំងនេះ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ហែក​ទម្លាយ​ច្រើន​លើក​ច្រើន​សា​ហើយ តែ​ថ្នាក់លើ​ហាក់​មិន​បាន​អើពើ​នឹង​សំណុំរឿង​ដ៏​អាស្រូវ​របស់​លោក យឹ​ម វិចិត្រ នេះ​ទេ​។ លុះ​បែកធ្លាយ​នូវ​ការ​ប្រព្រឹត្ត​ចុង​ក្រោយ ដែល​ប្ដឹង​ដោយ​មន្ត្រី​យោធា​មួយ​រូប​ពី​បទ​«​បង្ខាំង​មនុស្ស​បង្អត់អាហារ​និង​ជំរិត​ទា​ប្រាក់​៣.០០០​ដុល្លា​» ទើប​លោកស្នងការ​នគរបាល​ខេត្ត សម្រេច​បង្កើត​គណៈកម្មការ​មួយ​បើក​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​លោក យឹ​ម វិចិត្រ តែ​ម្ដង​។

ក្រោយ​ពី​រក​ឃើញ​ថា លោក​យឹ​ម វិចិត្រ បាន​ប្រព្រឹត្ត​នូវ​កំហុស​ជា​ច្រើន​ដែល​មិន​អាច​លើកលែង​បាន  លោកស្នងការ​ក៏​បាន​សម្រេច​ធ្វើ​សំណើ​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ក្រសួងមហាផ្ទៃ សុំ​ដក​តំណែង​លោក​អធិការ​រូប​នេះ​តែ​ម្ដង​ទៅ​។

នៅ​ក្នុង​ពិធី «​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្ដិ​» ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ​ជាង​២៥០​រូប​ខាងលើ​នេះ ក្រៅ​តែ​វត្តមាន​មន្ត្រី​នគរបាល​ជិត​៤០០​រូប​បាន​ចូលរួម គេ​សង្កេត​ឃើញ​មាន​តែ​លោក​អភិបាលរង​ស្រុក​បាណ​ន់​មួយ​រូប និង​លោក​អភិបាលក្រុង​បាត់ដំបង​ប៉ុណ្ណោះ ដែល​ចូលរួម​ក្នុង​ពិធី​នេះ​។

ថ្លែង​ក្នុង​ពិធី​បំពាក់​ឋានន្តរស័ក្ដិ​នេះ ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ទោ ស ថេ​ត មាន​ប្រសាសន៍​ថា «​ការ​ផ្លាស់​ប្ដូរ​មុខ​តំណែង ការ​តែងតាំង​មុខ​តំណែង ឬ​បំពាក់​ឋានន្តរស័ក្ដិ​ដល់​មន្ត្រី​នគរបាល​ជាតិ គឺជា​រឿង​ធម្មតា​ដែល​យើង​ត្រូវ​តែ​ធ្វើ ដើម្បី​ធ្វើ​កំណែទម្រង់​ដល់​អង្គភាព និង​ស្ថាប័ន​នគរបាល​ជាតិ​ទាំងមូល​» ។

ជាមួយ​គ្នា​នេះ លោកស្នងការ​បាន​ផ្ដល់​ដំបូន្មាន​ជា​ច្រើន​ដល់​មន្ត្រី​ដែល​ទើប​ទ​ទូល​មុខ​តំណែង​ថ្មី ក៏​ដូច​ជា​មន្ត្រី​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ឬ​ផ្ទេរ​ភារកិច្ច​ថ្មី​ដែរ ត្រូវ​ខិតខំ​បំពេញការងារ​ជាមួយនឹង​ភាព​ស្មោះត្រង់ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ចៀសវាង​ការ​ប្រព្រឹត្ត​សកម្មភាព​នានា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​និង​សង្គម​ជាតិ​។ ជា​ពិសេស ត្រូវ​គោរព​ដាច់ខាត​នូវ​បទបញ្ជាផ្ទៃក្នុង និង​វិន័យ​របស់​កងកម្លាំង ៕