នាយ​ស្មាញ​ស្រណោះ​ខ្លួន​គ្មាន​ផ្ទះ​ជ្រកកោន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​នាយ​ស្មាញ​ដែល​ធ្លាក់ខ្លួន​ឈឺ ហើយ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាង​១​ខែ​មក​ហើយ​នោះ ក្រោម​ការ​ជួយ​ខ្នះខ្នែង​ពី​ក្រុម​គ្រូពេទ្យ​បាន​ធូរស្រាល​ខ្លះ​ហើយ ។ តារា​កំប្លែង​រូប​នេះ​ហាក់​អស់សង្ឃឹម​ចំពោះ​អាជីព​សិល្បៈ​របស់​ខ្លួន​ដែល​មិន​អាច​មាន​ប្រាក់​ទិញ​ផ្ទះ​ជ្រកកោន​បាន ។

គ្រា​ដែល​ទៅ​ទទួល​អំណោយ​នៅ​កុដិ​លេខ​៤២​វត្ត​នាគ​វ័ន កាលពី​រសៀល​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០១៦ តារា​កំប្លែង​នាយ​ស្មាញ​ឈ្មោះ​ដើម​សួន សុខ​ហ៊ី​ម វ័យ​៦៥​ឆ្នាំ រៀបរាប់​ឱ្យ​ដឹង​ថា លោក​ធ្លាក់ខ្លួន​ឈឺ​ជាង​១​ខែ​មក​ហើយ គឺ​ជំងឺ​ចេញ​ឈាម​តាម​មាត់ ។ នាយ​ស្មាញ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ។ ដោយ​បានការ​ខ្នះខ្នែង​ពី​មន្ទីរពេទ្យ នាយ​ស្មាញ​បាន​ទទួល​ថ្នាំ និង​ការ​ព្យាបាល​ដោយ​មិន​អស់ប្រាក់​កម្រៃ​ទេ ។ ជំងឺ​របស់​នាយ​ស្មាញ​គឺជា​ជំងឺរបេង​សួត ហើយ​គ្រូពេទ្យ​ឱ្យ​លេបថ្នាំ​ទៀងទាត់​ទើប​ជា​ស្បើយ​។ រយៈពេល​ជាង​១​ខែ​មកនេះ ជំងឺ​របស់​នាយ​ស្មាញ​បាន​ធូរស្រាល​ប្រមាណ​៦០%​ហើយ ។

តារា​កំប្លែង​នាយ​ស្មាញ​ទោះ​បានជា​ស្បើយ​ពី​ជំងឺ​ក៏​ដោយ ក៏​នាយ​ហាក់​នឹក​អស់សង្ឃឹម​នឹង​ការ​មាន​ប្រាក់​ពី​អាជីព​សិល្បៈ​របស់​ខ្លួន​សម្រាប់​ទិញ​ផ្ទះសម្បែង​ស្នាក់​នៅ​នឹង​គេ​ទេ ។

នាយ​ស្មាញ​និយាយ មួយ​ៗ​ទាំង​ក្តុកក្តួល​ថា «​មិនដឹង​ជា​បាន​ផ្ទះ​ស្នាក់​នៅ​ដោយ​ខ្លួនឯង​ពេល​ណា​ទេ បើ​ខ្លួន​ចាស់ ហើយ​និយាយ​ពី​សិល្បៈ​វិញ​ក៏​ខ្សត់​ឱកាស​សម្តែង​ទៀត​គ្មាន​អ្នក​ណា​ហៅ​ទេ បាន​តែ​សម្តែង​កំប្លែង​តិចតួច​ប៉ុណ្ណោះ ។ រាល់ថ្ងៃ​បាន​គុណបុណ្យ​លោកនាយ​ឧត្តមសេនីយ៍​ហ៊ីង ប៊ុ​ន​ហៀ​ង ផ្តល់​កន្លែង​ឲ្យ​ស្នាក់​នៅ​ក្នុង​បន្ទាយ​ទួល​ក្រសាំង ខេត្ត​កណ្តាល កុំ​អី​ច្បាស់​ជា​ដើរ​ជួល​ផ្ទះ​គេ​នៅ​ជាក់​ជា​មិន​ខាន ។ ជីវិត​របស់ខ្ញុំ​តាំងពី​ចូល​សិល្បៈ​មក​ដើរ​តែ​ជួល​ផ្ទះ​គេ​នៅទេ មានផ្ទះ​ខ្លះ​១​ខែ​៣០​ដុល្លារ​ទៅ​៤៥​ដុល្លារ​ក៏​មាន​ដែរ ហើយ​នៅ​រាប់​ឆ្នាំ​ដោយ​ដូរ​ផ្លាស់​រហូត ជួល​កាល​នៅ​ម្តុំ​ចាក់​អង្រែ រួច​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ ប្តូរ​រហូត ។ ប្រសិនបើ​មាន​អ្នកធំ ឬ​អ្នក​ធូរធារ​ណា​ជួយ​ឲ្យ​មានផ្ទះ​នៅ​នឹង​គេ មិនបាច់​ល្អ​ពេក​ក៏​បាន តូច​ធំ​ក៏​មិន​សំខាន់ ទោះ​ត្រឹម​៤​ម៉ែត្រ​បួន​ជ្រុង​ក៏​សប្បាយចិត្ត​ដែរ ហើយ​សុខចិត្ត​បម្រើ​អស់​មួយ​ជីវិត​ក៏​បាន​ដែរ​»​។ នាយ​ស្មាញ​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​គ្រា​នាយ​ឈឺ​នៅ​មន្ទីរពេទ្យ​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ និង​លើកទឹកចិត្ត ។

នាយ​ស្មាញ​ជា​អ្នកស្រុក​បាទី ខេត្តតាកែវ បាន​ចូល​បម្រើ​វិស័យ​សិល្បៈ​តាំងពី​អាយុ​១២​ឆ្នាំ​មក ។ ពី​មុន​នាយ​ស្មាញ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​សិល្បៈ ។

ក្នុង​អាជីព​កំប្លែង​នាយ​ស្មាញ​ធ្លាប់​សម្តែង​ជាមួយ​ក្រុម​កំប្លែង​ជា​ច្រើន ដូច​ជា​ក្រុម​លោក​ព្រហ្ម ម៉ា​ញ​, តា​ផ្លុ​ង មឿ​ក​, នាយ​កុយ និង​ក្រុម​នាយ​ក្រឹម​ជាដើម ។ នាយ​ស្មាញ​ចូលរួម​សម្តែង​ជាមួយ​ក្រុម​នាយ​ក្រឹម​ញឹកញាប់​ជាងគេ ដូច​ជា​សម្តែង​ក្នុង​កម្មវិធី​តន្ត្រី​ស្រុកស្រែ របស់​ទូរទស្សន៍​បាយ័ន​ជាដើម ។

គ្មាន​ផ្ទះ​ផ្ទាល់ខ្លួន ហើយ​សល់​តែ​ម៉ូតូ​ចាស់​មួយ​សម្រាប់​ជិះ​ទៅ​សម្តែង នេះ​ជា​ជីវិត​អ្នក​កំប្លែង​របស់​នាយ​ស្មាញ ។

ចំពោះ​សប្បុរសជន​ដែល​ជួ​ួ​យ​ឧបត្ថម្ភ​នាយ​ស្មាញ​នៅ​វត្ត​នាគ​វ័ន​រួម​មាន​លោក​ជំទាវ​សៀង ចាន់​ហេង អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ចំនួន​១​លាន​រៀល ដោយ​ប្រគល់​ជូន​តាម​រយៈ​ព្រះ​តេជគុណ​នី សុវណ្ណ​មុនី​រ៉េ​ត នាយ​ឃ្លោក​ចំនួន​៥០​ដុល្លារ និង​អ្នកស្រី​ថុ​ង ស៊ីវ​ទៀង ៥០​ដុល្លារ​។ ក្រៅពី​នេះ​មានការ​ឧបត្ថម្ភ​មី និង​ទឹកបរិសុទ្ធ​មួយ​ចំនួន​ទៀត ។
លោក​អុ​ឹ​ម ជីវ៉ា និង​អ្នក​នាង​ស៊ុន ណា​រី ម៉ូ​នី​កា បាន​លើកទឹកចិត្ត​នាយ​ស្មាញ ហើយ​ចង់​ជួយ​ខ្នះខ្នែង​រក​សប្បុរសជន​ជួយ​ឧបត្ថម្ភ​នាយ​ជា​បន្ត​ទៀត ៕