រន្ធត់​ណាស់ ! បុក​ពីក្រោយ​អូស​បែក​ផ្កាភ្លើង​ទាំង​ម៉ូតូ​ទាំង​មនុស្ស

ខេត្តកំពង់ចាម ៖ រថយន្ត​ប្រភេទ​យី​ឌុ​ប​១​គ្រឿង ពាក់​ស្លាក​លេខ កំពង់ចាម 3A-4069 បាន​បោល​ទៅ​បុក​ម៉ូតូ​ម៉ាក​គុប​ពីក្រោយ  ក្នុង​ខណៈ​ពេល​ដែល​កំពុង​តែ​ជិះ​គ្នា​៣​នាក់ ឪពុក ម្តាយ និង​កូនស្រី នៅ​លើ​ផ្លូវជាតិ​លេខ​៧ ជា​ហេតុ​បណ្តាល​ឲ្យ​ម្តាយ​ស្លាប់ ដោយ​ដាច់​ជើង​មួយ​ចំហៀង​ខាងស្តាំ​ត្រឹម​ជង្គង់ ឪពុក​របួសធ្ងន់ និង​កូនស្រី​អាយុ​៦​ឆ្នាំ​របួសស្រាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​អំពិល​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ហើយ​រថយន្ត​បាន​បើក​រត់គេច​ទាំង​ជាប់​ម៉ូតូ​ពីក្រោម​អូស​បែក​ផ្កាភ្លើង​ចំងាយ​ប្រហែល​៤​គីឡូម៉ែត្រ ទើប​ចាប់​បាន ។

លោក​វរសេនីយ៍ត្រី សេង ណា អធិការរង​នគរបាល​ស្រុក​ព្រៃឈរ ទទួល​ផែន​សណ្តាប់ធ្នាប់ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ ម៉ូតូ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តាម​បណ្តោយ​ផ្លូវជាតិ ខណៈ​មក​ដល់​ត្រង់​ភូមិ​ឃុំ​ខាងលើ ស្រាប់តែ​មេឃ​បាន​បង្អុរ​ភ្លៀង​ធ្លាក់​ចុះ​មក ចំណែក​រថយន្ត​ធុន​ធំ​ដែល​ត្រឡប់​មក​ពី​ដាក់​អុស​ឲ្យ​ម៉ូយ​នៅ​ព្រែក​អ​ញ្ជា​ញ​បាន​បើក​ស្រប​ទិស​គ្នា​មក​បុក​ម៉ូតូ​ពីក្រោយ​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី សេង ណា បន្ត​ថា ក្នុង​ពេល​ដែល​បុក​ដំបូង ស្ត្រី​ឈ្មោះ ហៃ សុខា អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​ដុំ ឃុំ​សូ​ទិ​ព្ធ ស្រុក​ជើងព្រៃ បាន​ស្លាប់​ដោយ​ដាច់​ជើង​ម្ខាង​យ៉ាង​រន្ធត់ ។ ចំណែក​ប្តី​ឈ្មោះ ផា​ន់ ផ​ល្លី អាយុ​៣៨​ឆ្នាំ និង​កូនស្រី​អាយុ​៦​ឆ្នាំ បាន​ជាប់​តាម​ម៉ូតូ​នៅ​ពីក្រោម​រថយន្ត​អូស​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ ក៏​របូត​កូនស្រី​ធ្លាក់​មក​មុន​តាម​ចន្លោះ​កណ្តាល​រថយន្ត បន្ទាប់​មក​ទៀត​ទើប​ឪពុក​របូត​ក្រោយ​គេ ហើយ​ម៉ូតូ​នៅ​ជាប់​ពីក្រោម​រថយន្ត​អ្នកបើកបរ​រថយន្ត​មិន​បាន​ឈប់​នោះ​ទេ គឺ​រិ​ត​តែ​បន្ថែម​ល្បឿន​បើក​ទៅ​មុខ​ទៀត ។ ក្នុង​ពេល​នោះ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្វិត​ធំ​បាន​រាយការណ៍​មក​លោក​អធិការ​នគរបាល​ស្រុក​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​កិន​មនុស្ស​ស្លាប់ ក៏​បាន​ឲ្យ​កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​ដាក់​បារាស់​ចាំ​ស្ទាក់​នៅ​មុខ​អធិការដ្ឋាន​ដ្ឋា​ន លុះ​ពេល​ដែល​អ្នកបើកបរ​ឈ្មោះ អាន សាលី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ បានឃើញ​ស្ថានភាព​បែប​នេះ ក៏​ឈប់​រថយន្ត​នៅ​ត្រង់​ចំណុច​មុខ​សាលារៀន ហើយ​រត់​ចេញ​ទាំង​ប្រញាប់ប្រញាល់​បាន​ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ ទើប​ដេញចាប់​បាន ។

លោក​វរសេនីយ៍ត្រី សេង ណា បញ្ជាក់​ថា វត្ថុ​តាង​ម៉ូតូ និង​រថយន្ត ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ចំណែក​អ្នកបើកបរ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត រីឯ​អ្នក​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ សាកសព​ត្រូវ​បាន​សាច់ញាតិ​នាំ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕