Juanfran ​​​សរសេរ​សារ​​​ក្ដុកក្ដួល សុំទោស​អ្នកគាំទ្រ​ Atletico

Juanfran ​ខ្សែ​ការពារ​ក្រុម​ Atletico Madrid ​បាន​សរសេរ​សារ​បង្ហាញ​ពី​អារម្មណ៍​​ក្ដុកក្ដួល ដើម្បី​សុំទោស​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​ទាំង​អស់ បន្ទាប់​ពី​រូប​គេ ទាត់​បាល់​ប៉េណាល់ទី​មិន​បាន​សម្រេច​ ​ធ្វើ​ឲ្យ​ Atletico ចាញ់​ Real Madrid នៅ​ផ្ដាច់ព្រ័ត្រ UEFA Champions League កាល​ពី​យប់​ថ្ងៃ​សៅរ៍។

 

Juanfran ​​​សរសេរ​សារ​​​ក្ដុកក្ដួល សុំទោស​អ្នកគាំទ្រ​ Atletico

Juanfran ខ្សែ​ការពារ​ក្រុម​ Atletico Madrid យំ និង​លើក​ដៃ​សុំទោស​អ្នកគាំទ្រ

 

ក្នុង​ការ​ប្រកួត​ដ៏​ក្ដៅ​គគុក នា​កីឡដ្ឋាន​ San Siro ​ដែល​បញ្ចប់​លទ្ធផល​ ១-១ ក្រោយ​ពេល​បន្ថែម​ម៉ោង​១៥​នាទី​២​ដង​រួច​មក ក្រុម​ទាំង​២​បាន​សម្រេច​​ចាញ់​ឈ្នះ ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ប៉ុន្តែ​​ Juanfran បាន​ធ្វើ​ឲ្យ​មាន​កំហុស​នៅ​គ្រាប់​ទី​៤ ដោយ​ស៊ុត​​បុក​បង្គោល​ទី​ខាង​ឆ្វេង​ដៃ ធ្វើ​ឲ្យ​ Cristiano Ronaldo ​មាន​ឱកាស​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​ Real លើក​ពាន​ UEFA Champions League លើក​ទី​១១ បាន​សម្រេច។

 

ខ្សែ​ការពារ​កណ្ដាល​ វ័យ​៣១​ឆ្នាំ បាន​សរសេរ​សំបុត្រ​ផ្ញើ​ដល់​វិបសាយ​ក្លឹប Atletico កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​ថា៖ “ខ្ញុំ​នឹង​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ឡើយ ​សម្រាប់​អ្នកគាំទ្រ​ទាំង​អស់​គ្នា ដែល​បង្ហាញ​ពី​ការ​អត់ឱន និង​អភ័យ​ទោស​ដល់​ខ្ញុំ នៅ​ពេល​​ដែល​ខ្ញុំ​សុំ​ឲ្យ​​អភ័យ​ទោស។ ទឹក​ភ្នែក​លើ​មុខ​របស់​ខ្ញុំ និង​ទឹកភ្នែក​អ្នកគាំទ្រ​រាប់​ពាន់​នាក់​​ក្នុង​កីឡដ្ឋាន​ ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ប្រឈម​មុខ​នឹង​​ភាព​សោកសៅ​ដ៏​ធំធេង”។

 

Juanfran ​​​សរសេរ​សារ​​​ក្ដុកក្ដួល សុំទោស​អ្នកគាំទ្រ​ Atletico

 

យ៉ាងណាក្ដី កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ ​នៅ​​​តែ​ជឿ​ថា Atletico Madrid នឹង​អាច​លើក​ពាន​ UEFA Champions League នា​ពេល​ឆាប់ៗ។ Juanfran បន្ថែម​ថា៖ “កាល​២​ឆ្នាំ​មុន ខ្ញុំ​បាន​​ប្រាប់​​អ្នក​ទាំង​អស់​គ្នា​ថា យើង​នឹង​ត្រឡប់​មក​​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​ទៀត។ ប៉ុន្តែ​ឥឡូវ​ ខ្ញុំ​អាច​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា Gabi ប្រធាន​ក្រុម​របស់​យើង ​​មិន​យូរ​មិន​ឆាប់ នឹង​លើក​ពាន​ UEFA Champions League”៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ AS