ជន​សង្ស័យ​០២​នាក់​ ត្រូវ​បាន​​ឃាត់ខ្លួន ​បន្ទាប់ពី​ប្រើ​ហិង្សា​លើ​បុរស​ម្នាក់​​ និង​ម្តាយ​ខ្លួនឯង​

ជន​សង្ស័យ​០២​នាក់​ ត្រូវ​បាន​​ឃាត់ខ្លួន ​បន្ទាប់ពី​ប្រើ​ហិង្សា​លើ​បុរស​ម្នាក់​​ និង​ម្តាយ​ខ្លួនឯង​



​ភ្នំពេញ ​៖ ជនសង្ស័យ ០២​នាក់​ បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ដោយសារតែ​យក​ដុំ​ថ្ម​វាយ​បុរស​ម្នាក់ និង​ម្តាយ​ខ្លួនឯង​រង​របួស​ផង​ដែរ កាល​វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្រុម​ទី​៨ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

​ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​នោះ ទី​១ ឈ្មោះ ទ្រី​វ សុវណ្ណ​ឌី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​រកស៊ី និង​ទី​២ ឈ្មោះ ទ្រី​វ សា​វី ហៅ​វ៉ា​ក់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​នៅផ្ទះ ជន​បង្ក​ទាំង ០២​នាក់​ខាងលើ គឺជា​បងប្អូន​បង្កើត​នឹង​គ្នា ស្នាក់នៅ​ចំណុច​កើត​ហេតុ​ខាងលើ។ ចំណែ​កឯ​ជនរងគ្រោះ ​ឈ្មោះ វេន សា​វី ហៅ​ហេង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​មន្ត្រី​យោធា ស្នាក់នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​ឈ្លោះប្រកែក​ជាមួយ​ជន​បង្ក​ ឈ្មោះ ឌី ហើយក៏​ត្រូវ​បាន​ជន​បង្ក​បាន​ស្ដោះ​ទឹកមាត់​ទៅ​លើ​ជនរងគ្រោះ ក្រោយមក​ជនរងគ្រោះ​បាន​ច្រាន​ទ្រូង​ជន​បង្ក ហើយ​ជន​បង្ក​ទាំង ០២​នាក់​បងប្អូន​បាន​មក​គ្រៀក.ក​ជនរងគ្រោះ​វាយ​អូស​ចូល​ទៅ​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​បាន​យក​ដុំ​ថ្ម​វាយ​ក្បាល​ជនរងគ្រោះ​រហូតដល់​សន្លប់ ហើយ​នៅក្នុង​នោះ​ដែរ គឺ​បាន​បណ្ដាល​ឲ្យ​ម្តាយ​ជន​បង្ក ឈ្មោះ នួន ឡេង អាយុ​៨៤​ឆ្នាំ បាន​រង​របួស​ពកថ្ងាស​ខាងឆ្វេង និង​របួស​កំភួនដៃ​ខាងស្តាំ​ស្រាល។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​បាន​ចុះទៅ​ជួយ​អន្តរាគមន៍ ហើយ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ រីឯ​ជន​បង្ក​ទាំង​០២​នាក់​បង​បង្អូន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​​នាំ​យក​​សាកសួរ​បន្ត។​

​បច្ចុប្បន្ន​ជន​បង្ក​ទាំង ០២​នាក់​បងប្អូន ​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ជា​បណ្ដោះអាសន្ន​នៅ​អធិការ​ដ្ឋា​ន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕