បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តក្រចេះ សមត្ថកិច្ច​បង្ក្រាប​ដោយ​រើសមុខ​ឈ្មួញ​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ឆ្លូង ក្រុង​ក្រចេះ ស្រុក​សំបូរ និង​ស្រុក​ស្នួល​ជាដើម បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ និង​ឈើ​ជន្លង់ម្រេច​ជាដើម នៅតែ​ឆ្លងកាត់​មូលដ្ឋាន​ពួកគាត់​យ៉ាង​អនាធិបតេយ្យ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា សមត្ថកិច្ច​បង្ក្រាប​ឈ្មួញ​ដោយ​រើសមុខ គឺ​គេ​បង្ក្រាប​តែ​ឈ្មួញ​ណា​ដែល​មិន​បង់លុយ​តាម​ការកំណត់ ហើយ​ឈ្មួញ​ដែលមាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​តែងតែ​អាច​គេច​ផុតពី​ការបង្ក្រាប​យ៉ាង​រលូន​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​បទល្មើស​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រុង​ក្រចេះ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត និង​អាវុធហត្ថ​ស្រុក​ស្នួល បាន​ឃាត់​រថយន្ត​ដឹកឈើ​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ចំណុះ​៥​តោន ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ដែល​ផ្ទុក​ឈើ​ជន្លង់ម្រេច​ប្រភេទ​ផ្ចឹក​២៦៧​ដើម​។ ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាបបាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នោះ​កើតឡើង​នៅ​ចំណុច​ភូមិ​មានជ័យ ឃុំ​ស្រែ​ចាក ស្រុក​ស្នួល ខេត្តក្រចេះ​។ ក្រោយពេល​បង្ក្រាប​រួច​សមត្ថកិច្ច​បាន​បញ្ជូន​ទាំង​រថយន្ត​និង​ឈើ​ទៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ស្នួល ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​។

​ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ចំណាត់ការ​របស់​សម​ត្ថ​កិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​នេះ ពុំមាន​ប្រសិទ្ធភាព​នោះទេ​ព្រោះ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​បក្ខពួក​ក្រោម​ឱវាទ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ជាក់ស្ដែង​ការបង្ក្រាប​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណីត​ឆ្លងកាត់​ខេត្តក្រចេះ ជាច្រើន​ករណី​កន្លងទៅ​ថ្មីៗ​នេះ​គឺជា​ចំណាត់ការ​របស់​កម្លាំង​កងរាជអាវុធហត្ថ ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បង្ក្រាប​តែ​បទល្មើស​តូចតាច​ប៉ុណ្ណោះ​។ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្លះ​បាន​រិះគន់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​បង្ក្រាប​តែ​ឈ្មួញ​ដឹកឈើ​ដែល​មិន​បង់លុយ ចំណែក​ឈ្មួញ​ដែល​បង់លុយ​ជាប្រចាំ គឺអាច​ដឹកឈើ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ការរំខាន​ឡើយ​៕

13344499_1714597688806922_8872244252256260762_n 13307431_1714597678806923_6330121024726548888_n