​សមត្ថកិច្ច​ឈរជើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧​ក្នុង​ក្រុងប៉ៃលិន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ​ខុសច្បាប់​

មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្រុងប៉ៃលិន​ចំពោះ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​តាម​ដងផ្លូវ ខណៈ​គេ​សង្កេតឃើញ​មាន​រថយន្ត​នីសា​ន់ និង​កាមរី​ច្នៃ​ជាច្រើន​គ្រឿង ដឹកទំនិញ​សំពីងសំពោង​ខ្ពស់ៗ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ឆ្លងកាត់​ក្រុងប៉ៃលិន តែ​សមត្ថកិច្ច​ជំនាញ​មិន​ទប់ស្កាត់​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​រថយន្ត​ដឹកទំនិញ​សំពីងសំពោង​មួយចំនួន​ថែមទាំង​មាន​ករណី​លួច​បង្កប់​ទំនិញគេចពន្ធ​ផងដែរ​។​

​ប្រជាពលរដ្ឋ​ក្រុងប៉ៃលិន​បាន​រាយការណ៍​នៅ​ដើម​សប្តាហ៍​នេះ​ថា សព្វថ្ងៃ​មាន​រថយន្ត​ដឹក ទំនិញ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ធ្វើដំណើរ​ពី​ក្រុង​បាត់ដំបង​ទៅ​ព្រំដែន​ខេត្ត​ប៉ៃលិន និង​ពី​ព្រំដែន​ខេត្ត​ប៉ៃលិន​ចូល​ក្រុង​បាត់ដំបង​ដែលមាន​ដឹកទំនិញ​សំពីងសំពោង​ដូចគ្នា​ធ្វើដំណើរ​ពី​លិចទៅ​កើត ដឹកទំនិញ​ពេញ​ហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​តែ​សមត្ថកិច្ច​ជំនាញ​មិន​ទប់ស្កាត់​ឡើយ​។​

រថយន្ត​ដឹកទំនិញ​ខុស​បច្ចេកទេស ត្រូវគេ​សង្កេតឃើញថា គ្រាន់តែ​ឈប់​បង់លុយ​ឱ្យ នគរបាល​ចរាចរណ៍​ដែល​ឈរ​យាម​តាម​គោលដៅ​ប៉ុណ្ណោះ ដោយ​មិន​ព្រួយបារម្ភ​ក្រែង​ត្រូវ​ផាកពិន័យ​អ្វី​នោះឡើយ ហើយ​ក្នុង​១​កន្លែងៗ​បង់​ចាប់ពី​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល​ជាការ​ស្រេច ។ ប្រជាពលរដ្ឋ​ក្រុងប៉ៃលិន បាន​រិះគន់ថា គេ​មិនឃើញ​មាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ចុះ​ធ្វើការ​ហាមប្រាម ឬ​ណែនាំ​ដល់​រថយន្ត​ដឹកទំនិញ​ខុស​បច្ចេកទេស​នោះទេ គឺ​គេ​ឃើញតែ​ដាក់កុង​ត្រូល​ស្ទាក់​យកលុយ​ម៉ូតូ​អត់​មួក កញ្ចក់ ដែល​បញ្ហា​ទាំងនេះ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ម្ចាស់​រថយន្ត​ដែល​ដឹកទំនិញ​សំពីងសំពោង បានឱ្យដឹងថា បើ​មិន​ដឹក​ច្រើន​ទេ អត់​ចំណេញ​ឡើយ ព្រោះ​អី​ត្រូវ​បង់​ឱ្យ​សមត្ថកិច្ច​តាំងពី​ដើមទី​រហូតដល់​ចុង​បំផុត បើ​ពុំ​ដូច្នោះ​មិនអាច​រកស៊ី​បានឡើយ ហើយនឹង​ខាតដើម​ខាតចុង​ជាក់​ជាមិនខាន​។ ដូច្នេះ​ចេះតែ​ចែកគ្នា​រស់​ជាមួយ​សមត្ថកិច្ច​ទៅ ព្រោះ​ប្រាក់ខែ​របស់​ពួកគាត់​ក៏មាន​តិចតួច​ចាយ​មិន​គ្រប់​ដែរ​។ ប្រជាពលរដ្ឋ​ក្រុង​ប៉ែ​លិ​ន បាន​រិះគន់ថា នេះ​ជាការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ហើយ​គួរតែមាន​ចំណាត់ការ​ផ្លូវច្បាប់ ដើម្បី​ទប់ស្កាត់ ពិសេស​ការឃុបឃិត​នាំចូល​ទំនិញគេចពន្ធ​៕

7f5e6799-309f-4fbc-a936-0b869303c8c8 8185810c-1c86-42ec-8f05-cde2ab2fc0dc