ទាក់​ស្នេហា​បាន​តាម​ទូរស័ព្ទ ចុក​ឈាម​ក្នុងផ្ទះ​សំណាក់

ទាក់​ស្នេហា​បាន​តាម​ទូរស័ព្ទ ចុក​ឈាម​ក្នុងផ្ទះ​សំណាក់



រាជធានី​ភ្នំពេញ ៖​បុរស​អ្នកលក់​បបរគ្រឿង​ម្នាក់ ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ ស្ត្រី​ម្នាក់ មិន​មាន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ ក៏​បាន​ឈាន​ដល់​ការ​ណាត់ជួប​គ្នា ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ក្នុងផ្ទះ​សំណាក់ យ៉ាង​ត្រេកត្រអាល ។

ទោះបីជា​បែប​ណា ទឹកឃ្មុំ​បាន​ក្លាយជា​ទឹកខ្មេះ ដោយសារ​ស្ត្រី​រូប​នេះ បាន​ដាក់​ថ្នាំ​សណ្ដំ​នៅ​ក្នុង​ទឹកក្រឡុក​ឲ្យ​ផឹក បណ្ដាល​ឱ្យ​សន្លប់​លែង​ដឹងខ្លួន​មួយ​យប់​មួយ​ថ្ងៃ ។

បន្ទាប់​មក​ស្ត្រី​ម្នាក់​នោះ បាន​ដោះ​យក​គ្រឿងអលង្ការ យក​លុយ​និង​ម៉ូតូ​ជិះ​គេចខ្លួន​ទៅ​បាត់ ដោយ​សុវត្ថិភាព​ទៅ​ហោង ។ រយៈពេល​១​យប់​និង​១​ថ្ងៃ​ក្រោយមក ទើប​ម្ចាស់ផ្ទះ​សំណាក់​ប្រទះ​ឃើញ​ដេក​សន្លប់​នៅ​ក្នុង​បន្ទប់ ក៏​បាន​ទាក់ទង​ទៅ​សាច់ញាតិ ឲ្យ​ទៅ​ទទួលយក​បុរស​នោះ ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់ និង​នាំ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​ប៉ូលិស​ចោម​ចៅ ។

ហេតុ​ការ​ណ៏​នោះ​បាន​កើង​ឡើង កាលពី​យប់​ថ្ងៃ​ទី​២៨ ឧសភា  នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​គ​ន្ធា ប៊ុ​ន ហេង​» ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​រង​គ្រោះ​ឈ្មោះ ឌឹ​ម ប៊ុ​ន​លី អាយុ​៣១​ឆ្នាំ ជា​អ្នកលក់​បបរគ្រឿង មានស្រុក​កំណើត​នៅ​ក្នុងភូមិ ព្រែក​ប្រសព្វ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រូប​នេះ ត្រូវ​ស្រី​ស្នេហ៍​ជា​ចោរ ដាក់​ថ្នាំ​សណ្ដំ​យក​អស់​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FA- 6983 ,​ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ​ទម្ងន់​៥​ជី ,​និង​លុយ​ចំនួន​ជាង​៤០​ម៉ឺន​រៀល ។

ចំណែក​ស្ត្រី​ដៃ​ឆើត​នោះ ត្រូវ​បាន​ប្រាប់​ថា ឈ្មោះ ស្រី​ពៅ អាយុ​ជាង​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ភូមិ​អង្គ​នោះ​ដែរ ។
បុរស​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​ប៉ូលិស​ថា ខ្លួន​និង​ស្ត្រី​ម្នាក់​នោះ បាន​ទាក់ទង​គ្នា​តាម​រយៈ​ទូរស័ព្ទ​ច្រើន​ថ្ងៃ​មក​ហើយ ។ លុះដល់​ថ្ងៃ​កើតហេតុ ខ្លួន​និង​នាង​ក៏​បាន​ឈាន​ដល់​ការ​ណាត់ជួប​គ្នា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​ខាងលើ​នោះ ដោយនៅ​ខណៈនោះ ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​ឌុ​ប​នាង ទៅ​កាន់​ផ្ទះសំណាក់ «​គ​ន្ធា ប៊ុ​ន ហេង​» ដែល​មាន​ទីតាំង​ស្ថិត​នៅ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ។ ប៉ុន្តែ​មុន​ពេល​ទៅ ផ្ទះសំណាក់ ខ្លួន​បាន​ឈប់​ទិញ​ទឹកក្រឡុក​មួយ​កែវ​យក​ទៅ​ជាមួយ ទុក​សម្រាប់​ប៉ូវ​កម្លាំង​។ គាត់​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា លុះ​ចូល​ទៅ​ដល់​ក្នុងផ្ទះ​សំណាក់ ពួក​គេ​ក៏​បាន​នាំ​គ្នា​ឡើងឋានសួគ៌​បាន​ម្ដង ។ បន្ទាប់​មក​នាង​ម្នាក់​នោះ បាន​លួងលោម​ឱ្យ​ខ្លួន​ផឹកទឹក​ក្រឡុក ដោយ​ប្រាប់​ថា ប៉ូវ​ឲ្យ​មាន​កម្លាំង​ដើម្បី​ឡើងឋានសួគ៌​ម្ដងទៀត ។

គាត់​ថា ពេល​នោះ​បាន​ប្រកែក​ដែរ ប៉ុន្តែ​ដោយសារ​តែ​នាង​អង្វរ​ខ្លាំង​ពេក ទើប​ដាច់​ចិត្ត​ផឹក បន្ទាប់​មក​ក៏​ស្រាប់តែ​ងងុយដេក និង​សន្លប់​លែង​ដឹងខ្លួន​រហូត​តែ​ម្ដង ។

មន្ត្រី​ប៉ូលិស​និយាយ​ថា បុរស​នោះ​បាន​សន្លប់​អត់​ដឹងខ្លួន​ទេ ព្រោះ​ដាក់​ថ្នាំ​សណ្ដំ​ធ្ងន់​ពេក និង​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​នោះ ១​យប់​១​ថ្ងៃ រហូត​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ទើប​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ ឲ្យ​ទៅ​ទទួលយក​ទៅ​កាន់​មន្ទីរពេទ្យ​ព្យាបាល ។ លុះ​បាន​ស្វាង​បន្តិច ទើប​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​ចោម​ចៅ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ដើម្បី​ឲ្យ​កម្លាំង​ប៉ូលិស​ជួយ​អន្តរា​គម ស្វែងរក​ស្ត្រី​ជើង​បោក​ខាងលើ​នោះ ។

មិនដឹង​ថា តើ​ប៉ូលិស​អាច​ស្វែងរក​ឃើញ ឬ​មិនឃើញ​នោះ​នៅឡើយ​ទេ ហើយ​នៅ​ក្នុង​ពេល​ទៅ​ដាក់​ពាក្យបណ្ដឹង​នោះ បុរស​រង​គ្រោះ​មិន​ទាន់​មាន​អាកា​រៈ​ស្វាង​ទាំងស្រុង​នៅឡើយ​ទេ គឺ​នៅ​មាន​សភាព​ធី​ង​ធោ​ង ព្រោះ​មិន​ទាន់​អស់​ជាតិ​ថ្នាំ​សំ​ណ្ដំ ។

នេះ​ជា​មេរៀន​ពិសេស​មួយ សម្រាប់​បុរស​ទូទៅ ដែល​អាច​ងាយ​ធ្លាក់​ក្នុង​អន្ទាក់ស្នេហ៍​មនុស្ស​ស្រី​ណាស់ ឱ្យ​តែ​នាង​ឱ្យ​ដង​ឱ្យ​ផ្លែ ក៏​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ភ្លាម​ដូច​ដែក​ឆក់ ។ ដូច្នេះ​សូមកុំ​ភ្លេច​ថា នារី​ដែល​ត្រឹមត្រូវ មិន​ងាយ​មាន​ទំនាក់ទំនង​ស្នេហា ធ្វើ​ជា​ល្បែង​បែប​នេះ​ទេ​៕​