CNRP​ប្រកាស​ពី​ជោគជ័យ​ក្នុង​ថ្វាយ​ញត្តិ​ទៅ​ព្រះមហាក្សត្រ​នឹង​រង​ចាំ​ព្រះតម្រិះពី​ព្រះ​មហាក្សត្រ

ដូចការគ្រោងទុក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅរសៀល ថ្ងៃចន្ទនេះ បានយកញត្តិទៅថ្វាយព្រះមហាក្សត្ររួចរាល់ហើយ ដែលមានស្នាមមេដៃជាង២០ម៉ឺន ជាមួយនឹងឧបសក្គរាំងស្ទះមួយចំនួន។ ព្រះបរមរាជវាំង គឺអ្នកតំណាងឲ្យព្រះមហាក្សត្របានចេញមកទទួលញត្តិពីដៃរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ ដោយបានបញ្ជាក់ថានឹងឆ្លើយតបមកញត្តិនេះនាពេលក្រោយ។ គណបក្សសង្គ្រោះជាតិនឹងរងចាំព្រះតម្រិះពីព្រះមហាក្សត្រ។

CNRP​ប្រកាស​ពី​ជោគជ័យ​ក្នុង​ថ្វាយ​ញត្តិ​ទៅ​ព្រះមហាក្សត្រ​នឹង​រង​ចាំ​ព្រះតម្រិះពី​ព្រះ​មហាក្សត្រតំណាងរាស្ត្រគណបក្សសង្គ្រោះត្រៀមយកញត្តិទៅថ្វាយព្រះមហាក្សត្រ

ពីដំបូងឡើយ គម្រោងនៃការហែញត្តិរបស់គណបក្សសង្គ្រោះជាតិឆ្ពោះកាន់ទៅព្រះបរមរាជវាំង ត្រូវបានរាំងស្ទះដោយកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាល។ បន្តិចក្រោយមកក្រោមការសម្របសម្រួលរបស់អ្នកតំណាងរាស្រ្ត និងអាជ្ញាធរ គឺបារ៉ាស់ឃាំងផ្លូវជាច្រើនដំណាក់ត្រូវបានដកបើកផ្លូវឲ្យឡានរបស់អ្នកតំណាងរាស្ត្រចំនួន២៣គ្រឿងយកញត្តិទៅថ្វាយព្រះមហាក្សត្រតាមការគ្រោងទុក។

ក្បួនរថយន្តរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានទៅដល់ព្រះបរមរាជវាំងនៅម៉ោងប្រមាណ៣ នឹង ៥០ នាទី។ ក្នុងនោះតំណាងព្រះបរមរាជវាំងចេញមកទទួលញត្តិពីដៃតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្រោមការសម្របសម្រួល របស់លោក ទូច ណារ៉ុថ ប្រធាននាយកដ្ឋានកងអង្គរក្ស និងលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ។

អ្វីជាការកត់សម្គាល់មុនយកញត្តិមកដល់ព្រះបរមរាជវាំង មានការទាស់ពាក្យសម្ដីគ្នារវាងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងក្រុមលោក ស្រី ចំរើន និងកញ្ញា ធី សុវណ្ណថា នៅមុខសណ្ឋាគារកាំបូឌីយ៉ាណា។

លោក យ៉ែម ប៉ុញ្ញាឬទ្ធិ តំណាងរាស្ត្រមួយរូបក្នុងចំណោមតំណាងរាស្ត្រ៥៥រូបទទួលស្គាល់ថា មានការរាំងស្ទះខ្លះៗចំពោះគណបក្សសង្គ្រោះជាតិក្នុងការថ្វាយញត្តិទៅព្រះមហាក្សត្រ។ ប៉ុន្តែយ៉ាងក៏ដោយ គណបក្សសង្គ្រោះជាតិនឹងរង់ចាំព្រះតម្រិះពីព្រះមហាក្សត្រ។

បន្ថែមពីលើនេះទៀត លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិក៏បានប្រកាសពីជោគជ័យនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួននៅក្នុងការថ្វាយញត្តិទៅព្រះមហាក្សត្រ។ លោកថា ការងារបន្តរបស់គណបក្សសង្គ្រោះជាតិនឹងចាប់ផ្ដើមប្រមូលស្នាមដៃជាថ្មីចាប់ពីថ្ងៃស្អែកតទៅ។

សូមបញ្ជាក់ថា ញត្តិរបស់គណបក្សសង្គ្រោះជាតិ មានគោលដៅ បួនចំនុចគឺទី១ ទាមទារអោយដោះលែងអ្នកនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិល ទី២ ទាមទារបញ្ឈប់ការប្រើស្ថានប័នរដ្ឋ ដើម្បីគម្រាមកំហែង អង្គការសង្គមស៊ីវិល និងបក្សប្រឆាំង ទី៣ ទាមទារបញ្ឈប់ការប្រើអំណាចរដ្ឋដោយមានស្តង់ដារពីរ និងទី៤ ទាមទារបញ្ឈប់ការប្រើអំណាចតុលាការបំពានលើអំណាចនីតិបញ្ញត្តិ និងរំលោភលើអភ័យឯកសិទ្ធិសភា៕

ប្រភពៈ RFI