ប៉ិនេះ​! លេង​មួយ​ក្បាច់ល្មម​ដេក​គុក​

ខេត្តសៀមរាប ​៖ ​ក្រោយ​ពី​នាំ​ខ្លួន​ស្ត្រី​ជា​មេ​តុងទីន​​យក​មក​សួរនាំ​​​រួច ត្រូវកម្លាំង​ជំនាញ​​​​ឃាត់ខ្លួន​ភ្លាម​ៗ ​​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៨ ​ឧសភា ឆ្នាំ​២០១៦ តាម​បញ្ជា​របស់​លោក​រៀម ចន្ទ​ម្នី ព្រះ​រា​ជ្ញ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​ ។

គួរបញ្ជាក់ថា ​​ស្ត្រី​ជា​មេ​តុង​​ទីន​រូបនេះ ​បាន​​​​​​ឆ​បោក​លុយ​​​​តុងទីន​​​ចំនួន​ជាង​​២០​​ម៉ឺន​​ដុល្លារ កាលពី​ថ្ងៃ​ទី​៥​ ឧសភា​ ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំនុច​ខាងកើត​ផ្សា​រលើ​ធំ​ថ្មី ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដែល​បាន​​ដាក់​ឈ្មោះ​ខ្មោចបញ្ចូល​ក្នុង​ក្បាល​តុងទីន ដើម្បី​ធ្វើ​ស៊ី ប៉ុន្តែ​ព្រះ​មិន​ជួយ ក៏​ត្រូវ​សមត្ថកិច្ច​នាំ​ចូល​គុក ​។

លោក​វរសេនីយ៍ត្រី ស៊ា​ន ថ្លា នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​​​ប្រាប់​កោះសន្តិភាព​ថា ​​បន្ទាប់​ពី​ទទួល​​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះឈ្មោះយ៉ុ​ន យ៉ា​ន ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ ​ជា​អ្នកតំណាង​ឱ្យ​​ដើមបណ្តឹង កាលពី​ថ្ងៃ​ទី​២៣​​ឧសភា​ឆ្នាំ​២០១៦ ពី​ករណី​មេ​តុងទីនឆបោកលុយ​អស់​ជាង​២០​ម៉ឺន​ដុល្លា ​(​លេង​តុងទីន​)​ ។

​លោក​បន្ត​ថា ក្រោយ​ពី​ដាក់​ពាក្យបណ្តឹង​រួច​មក លោក​បាន​សុំ​គោល​ការណ៍​​ពី​ថ្នាក់លើ ដើម្បី​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​នាំ​ខ្លួន​ស្ត្រី​ជា​មេ​តុងទីននៅផ្ទះ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប រួច​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត រួច​ក៏​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​តែ​ម្តង ​​។​

ស្ត្រី​សង្ស័យ​ឈ្មោះ​អាំង គឹ​ម​ហ៊​ន់ អាយុ​៣២​ឆ្នាំ​ ជា​មេ​តុងទីន រស់នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ​។ ​ជនសង្ស័យ​បាន​បង្កើត​​ជា​សមាគម​​តុងទីន កាលពី​ថ្ងៃ​ទី​៥​ ​មករា​ ឆ្នាំ​២០១៥ ក្នុង​១​ក្បាល​​២០០​ដុល្លារ ដោយ​មាន​សមាជិក​សរុប​ចំនួន​៦៦​​នាក់ ។ ហើយ​​ក្នុង​១​ខែដេញ​ម្តង ដែល​មាន​អ្នក​ដេញ​ងាប់​អស់១៦​នាក់ រហូត​ដល់​ថ្ងៃ​ទី​០៩ ​​ឧសភា ​២០១៥ ។ ជនសង្ស័យបាន​បង្កើត​ជា​សមា​គម​តុងទីនថ្មី​មួយ​ក្បាល​ទៀត គឺ​ក្នុង​១​ក្បាល​១០០ដុល្លារ មាន​សមាជិក​សរុប​ចំនួន​៥២​នាក់ ។ ហើយ​ក្នុង​១​ខែដេញ​ម្តង ដែល​មាន​អ្នក​ដេញ​ងាប់​អស់១២​នាក់ ​។​

​ក្រោយ​ពី​បង្កើត​សមាគម​​តុងទីន​ទាំង​​២​ក្បាល ក្រោយមក​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​សួរ​មេ​តុងទីន​ នៅ​ថ្ងៃ​ទី​៥​​ ឧសភា​ ឆ្នាំ​២០១៦ ថា តើ​អ្នក​ដែល​បាន​ដេញ​ទាំង​២​ក្បាល​នោះ​នៅឯណា? ខណៈ​​​នោះ​ជនសង្ស័យ​ បាន​កុហក​​រហូត ព្រមទាំង​គេចខ្លួន​បាត់​ទៀត​​ផង ទើប​ជន​រង​គ្រោះ​សម្រេចចិត្ត​ មក​ដាក់​ពាក្យបណ្តឹង​នៅ​កន្លែង​ជំនាញ​តែ​ម្តង​ ។