អ្នកភូមិ​ក្រវ៉ាន់ ​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ចេត្រ​ តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​

អ្នកភូមិ​ក្រវ៉ាន់ ​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ចេត្រ​ តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​



សៀមរាប ៖ ទោះជា​រវល់​ការងារ​ច្រើន​យ៉ាងណា តែ​មិន​ចោល​ប្រពៃណី​ទំនៀមទម្លាប់​ ដែលជា​អត្តសញ្ញាណ​មួយ ​ធ្វើ​ឲ្យ​អ្នក​រស់នៅតំបន់អង្គរ ក្នុងខេត្តសៀមរាប ​ខុស​ប្លែក​ពី​តំបន់​ដទៃទៀត​។ បើ​និយាយ​ពី​ប្រពៃណី​របស់​អ្នក​អង្គរ​សព្វថ្ងៃ យើង​សឹងតែ​អាច​និយាយ​បាន​ថា វា​ជា​ផ្នែក​មួយ​នៃ​អវយវៈ​របស់​ពួកគាត់​ទៅ​ហើយ ពោល​គឺ មិនអាច​ខ្វះ​បាន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ ពេលខ្លះ យើង​សង្កេត​ឃើញ​ថា បើ​គាត់​រវល់​ណាស់​ធ្វើ​អ្វី​ធំដុំ​មិនទាន់ ក៏​គង់​ធ្វើ​អ្វី​តូច​មួយ​មក​ជំនួស​ ឲ្យ​សម​នឹង​កិច្ច​ពិធី​នោះ​ដែរ​។ តែ​ទោះ​យ៉ាង​ណា ក៏​មិន​ចោល​ទំនៀមទម្លាប់​ប្រពៃណី​ដែរ​។​

ជាក់ស្តែង អ្នក​ភូមិក្រវ៉ាន់ ដែល​ស្ថិត​នៅ​ជាប់​នឹង​ប្រាសាទក្រវ៉ាន់ ​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ ទើបតែ​ប្រារព្ធ​ពិធី​ឆ្លង​ចេត្រ ដែល​ជា​បុណ្យប្រពៃណី​ប្រចាំឆ្នាំ​របស់​ខ្លួន នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦​នេះ​។ ពិធីបុណ្យ​ឆ្លង​ចេត្រ ជា​ធម្មតា គេ​តែង​សង្កេតឃើញ​អ្នក​អង្គរ​ប្រារព្ធ​ធ្វើ​ ក្រោយពី​ពិធី​បុណ្យចូលឆ្នាំ​ ហើយ​មិ​ន​យូរប៉ុន្មាន ឬ​បើ​យូរណាស់​ក៏​​មិន​ឲ្យហួស​ខាង​ខ្នើត​ខែ​ពិសាខ​នោះ​ដែរ ព្រោះ​ពិធី​នេះ ជា​ពិធី​ឆ្លង​វដ្ដ​រដូវ​នៃ​ការងារ​កសិកម្ម ពោល​គឺ​បញ្ចប់​រដូវ​ប្រកបរបរ​ស្រែចម្ការ​ក្នុង​ឆ្នាំ​ចាស់ និង​ត្រៀមខ្លួន​ដើម្បី​ធ្វើស្រែ​ក្នុង​ឆ្នាំ​ថ្មី​ទៀត​។​

តាម​ការ​បញ្ជាក់​របស់​អ្នកភូមិ ការ​យឺតយ៉ាវ​ប្រារព្ធ​ពិធី​ឆ្លង​ចេត្រ​ក្នុងឆ្នាំនេះ ដោយសារ​អាចារ្យ​អ្នក​ដឹក​នាំ​រៀបចំ​កម្មវិធី​ មានការ​រវល់ ដោយ​អ្នកភូមិ​អញ្ជើញ​ទៅ​រៀបចំ​ពិធីបុណ្យ​ផ្សេងៗ​ច្រើនពេក រក​ពេល​ទំនេរ​មិនបាន ទើប​ចេះតែ​ពន្យារពេល​មួយថ្ងៃ​ហើយ​មួយថ្ងៃ​ទៀត រហូត​ធ្លាយ​មកដល់​រនោច​ខែ​ពិសាខ​ដូ​ច្នេះ​។ បើ​ទោះ​ជា​ធ្វើ​ក្នុង​ខែ​ពិសាខ ហើយ​ស្ទើរតែ​ដល់​ចុងខែ​ពិសាខ​ដូច្នេះ​ក្តី ក៏​ពិធី​នេះ នៅ​តែ​មាន​ឈ្មោះថា ពិធី​ឆ្លង​ចេត្រ​ដដែល ព្រោះ​ដូច​ខាងដើម​ហើយ​ថា ពិធី​នេះ​ជា​ពិធី​ឆ្លង​វដ្ដ​រដូវ​នៃ​ការ​ធ្វើ​ស្រែ​ចម្ការ មិន​សំខាន់​តែ​លើ​ខែចេត្រ​ម្យ៉ាង​នោះ​ទេ​។​

ទោះ​ជា​រាង​យឺតយ៉ាវ​បន្តិច​ក្តី អ្នកភូមិ​ក្រវ៉ា​ន់​នៅតែ​ប្រារព្ធ​ពិធី​ឆ្លង​ចេត្រ​ យ៉ាង​សប្បាយរីករាយ​ដូច​រាល់​ឆ្នាំ​ដែរ​។ ក្នុង​រយៈពេល​២ថ្ងៃ១យប់​នៃ​ពិធី​នេះ នៅ​ថ្ងៃទី​១​នៃ​ពិធី​យើង​ឃើញ​មានការ​រៀបចំ​ពិធី​សំខាន់​ៗ​ដូចជា ការរៀបចំ​ពិធី​ប្រុង​ពលី លើង​ទង់ ពិធី​បួងសួង ពិធី​បំបួស​ភ្នំខ្សាច់ និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត ហើយ​រាំ​លែង​កម្សាន្ត​ក្នុង​ពេល​រាត្រី​។ កម្មវិធី​ពេលព្រឹក គេ​រៀបចំ​ប្រគេន​យាគូ នំ​បញ្ចុក នំ​បាញ់​ឆែវ​ចំពោះ​ព្រះសង្ឃ​ពេលព្រឹក សម្ដែង​ព្រះធម៌​ទេសនា និង​រៀបចំ​ដាក់​បាត្រ​ឆ្លង​ពេល​ថ្ងៃ ដាក់​ទង់ និង​ផ្សឹក​ភ្នំខ្សាច់​ ដើម្បី​បញ្ចប់​កម្មវិធី​បុណ្យ​។​

នេះ​ជា​ពិធី​មួយ​ក្នុងចំណោម​ពិធី​ ដែល​ជា​ទំនៀមទម្លាប់​ជាច្រើន​រាប់មិនអស់ ​របស់​អ្នកស្រុក​អង្គរ​។ តា​ម​រយៈ​ប្រពៃណី​ទាំងអស់​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​អង្គរ​ទាំងមូល​មាន​ឈ្មោះថា​ មត៌ក​រស់​។ ការ​រក្សា​បាន​នូវ​មត៌ក​រស់ ​ដែល​មាន​អាយុកាល​ដ៏​យូរលង់​នេះ​គឺជា​មោទនភាព​ដ៏​ក្រៃលែង​របស់​ជាតិខ្មែរ ព្រោះថា​ជន​ជាតិ​ខ្មែរ​មាន​ទំនៀមទម្លាប់​ មាន​វប្បធម៌​ មានពូជ​អំបូរ​ជា​ របស់​ខ្លួន​ពិតប្រាកដ​។ សូម​ចូលរួម​ថែរក្សា​មត៌ក​វប្បធម៌​របស់​យើង​ទាំង​អស់​គ្នា៕

អ្នកភូមិ​ក្រវ៉ាន់ ​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ចេត្រ​ តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​

អ្នកភូមិ​ក្រវ៉ាន់ ​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ចេត្រ​ តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​

អ្នកភូមិ​ក្រវ៉ាន់ ​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ចេត្រ​ តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​

អ្នកភូមិ​ក្រវ៉ាន់ ​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ចេត្រ​ តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​