ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង និង​ច្រកព្រំដែន នៃ​ស្រុក​អូររាំង នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​។ មាន​ឈ្មួញ​ម្នាក់​ឈ្មោះ ឌុ​ច សាវឿន ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា ជា​មេ​ឈ្មួញ​ធំ​ក្នុងការ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុងស្រុក​អូររាំង​។ ឈ្មួញ​ឈ្មោះ ឌុ​ច សាវឿន ត្រូវបាន​គេ​ដឹងថា​ជា​មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៦២១ មាន​តួនាទី​ជា​នាយ​ស៊ើបការណ៍​។ ឈ្មោះ ឌុ​ច សាវឿន គឺជា​មនុស្ស​ជំនិត​បំផុត​របស់លោក ឡេង សោ​ភ័​ណ្ឌ មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ​៦២១​តែម្តង​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​នៃ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ឌុ​ច សាវឿន តែង​ប្រើប្រាស់​រថយន្ត​ទំនើបៗ​ដូចជា ម៉ាក​ឡង់​គ្រឺ​ស័​រ ឡិច​ស៊ី​ស សឺ​ប​ជាដើម ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​នៅ​គ្រប់​ស្រុក​ក្នុង​ខេត្តមណ្ឌលគិរី​។ នៅពេល​ប្រមូល​ទិញ​បាន​គ្រប់​ចំនួន ទើប​គេ​ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​ម្នាក់​ឈ្មោះ ជឿ​ង ជា ដែល​រង់ចាំ​ទិញ​នៅតាម​តំបន់​ព្រំដែន​ក្បែរ​ច្រក​ដាក់​ដាំ​។ ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឈ្មោះ ឌុ​ច សាវឿន ធ្លាប់បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ថា ខ្លួន​ជា​អ្នករកស៊ី​ចិញ្ចឹម​អង្គភាព ហេតុនេះហើយ​ទើប​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប​នោះទេ​។

​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​អំពាវនាវ​ថា ប្រសិនបើ​លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ជាមួយ​ឈ្មួញ​ឈើ​ឈ្មោះ ឌុ​ច សាវឿន ជា​មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៦២១​ទេនោះ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ប៉ុន្តែ​ប្រភព​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា ទាល់តែ​មានការ​បើកដៃ​ពី​លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ទើប​មន្ត្រីនគរបាល​ឈ្មោះ ឌុ​ច សាវឿន អាច​ក្លាយទៅជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​។ ហេតុនេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង និង​ច្រកព្រំដែន​ស្រុក​អូររាំង នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​ព្រៃឈើ​ក្នុងស្រុក​អូររាំង ស្រុក​កែវ​សីមា ស្រុក​កោះ​ញែក​ជាដើម នៅតែ​កើតមាន​គួរ​ឲ្យ​ព្រួយបារម្ភ​៕

police-toch2-375x500 police-toch-yunលោក តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី