បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ស្រុក​ជល​គិរី មន្ត្រី​អាជ្ញាធរ​មិន​ចាត់វិធានការ​ទប់ស្កាត់​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេ​ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​ព្រែក​កប់​ចេស កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ អភិបាលស្រុក​ជល​គិរី លោក យិន សា​វ៉េ​ន ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឲ្យ​បាន​ទាន់ពេលវេលា​ឡើយ ហើយ​ការបង្ក្រាប​នាពេល​កន្លងមក​គឺជា​រឿង​លេងសើច​ឥតប្រយោជន៍​។ ហេតុនេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង គួរ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ពាម​ឆ្កោក តាម​អំពើ​ចិត្ត​ទៀត​។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពាម​ឆ្កោក បាន​ឲ្យ​ដឹងថា ក្រោយពេល​មាន​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ស្រាប់​តែមាន​ក្រុម​ឈ្មួញ​យក​គ្រឿងចក្រ​ប្រមាណ​៤០​គ្រឿង​ចូលទៅ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​ព្រែក​កប់​ចេស យក​ធ្វើជា​កម្មសិទ្ធិ​។ ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ គឺ​ឈ្មោះ ទិ​ត អឿន ឈ្មោះ ខ្នែង និង​ឈ្មោះ ភឿន ហើយ​ឈ្មួញ​ទាំងនេះ​ត្រូវបាន​គេ​ដឹងថា មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល​ស្រុក​ជល​គិរី និង​អភិបាលស្រុក​ជល​គិរី លោក យិន សា​វ៉េ​ន ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ទាំង​៣​នាក់​ខាងលើ​បង់លុយ​យ៉ាងច្រើន​ឲ្យ​អភិបាលស្រុក​ជល​គិរី និង​មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​នេះ ទើប​អាច​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ឃុំ​ពាម​ឆ្កោក បាន​ឲ្យ​ដឹងថា ការបង្ក្រាប​របស់​មន្ត្រី​អាជ្ញាធរ​នាពេល​កន្លងមក គឺជា​រឿង​ឥតន័យ​ព្រោះ​ឈ្មួញ​ដែល​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ មិន​ញញើត​នឹង​ការបង្ក្រាប​នោះឡើយ​។ ជាក់ស្ដែង​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ប្រមាណ​៤០​គ្រឿង និង​កម្មករ​ជាច្រើន​នាក់​ក្នុងការ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ពាម​ឆ្កោក ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​បង្ក្រាប​បានតែ​ត្រាក់ទ័រ​២​គ្រឿង និង​មនុស្ស​២​នាក់​ប៉ុណ្ណោះ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ លើស​នេះ​ទៅទៀត​ឈ្មោះ ទិ​ត អឿន ដែលជា​មេខ្លោង​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​ព្រែក​កប់​ចេស ឃុំ​ពាម​ឆ្កោក កំពុងតែ​ព្យាយាម​រត់ការ​ដោះលែង​ត្រាក់ទ័រ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​ដោយ​អួតអាង​ប្រាប់​គេឯង​ថា ខ្លួន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ទៀតផង​៕

WAT-30052 WAT-30052d WAT-30052b