ជំនឿ៖ គ្រវាស​អង្ករ​មុខ​ផ្ទះ ពេល​សុបិន​អាក្រក់ នាំ​លាភ​សំណាង

ពេល​សុបិន​មិន​ល្អ​ដូចជា ត្រូវ​គេ​​ដេញ​បាញ់ ចាក់​សម្លាប់ គ្រួសារ​មាន​បញ្ហា​ជាដើម ចាស់ៗ​បាន​ប្រាប់​​កូន​ចៅ​​​​ឱ្យ​គ្រវាស​អង្ករ​នៅ​មុខ​ផ្ទះ ឬ​ទៅ​ស្រោច​ទឹក​ចេញ ដើម្បី​បណ្ដេញ​គ្រោះ​ចង្រៃ​ទៅ​ឱ្យ​ឆ្ងាយ ដោយ​នាំ​​មក​វិញ​នូវ​លាភ​សំណាង។

 

លោក កង សំរិទ្ធកិត្យា បាន​បង្ហើប​ឱ្យ​ដឹង​ថា អ្នកម្ដាយ​របស់​លោក​ក៏​ធ្លាប់​ប្រាប់​ដូច្នេះ​ដែរ៖ “បើ​ជួប​រឿង​បែប​នេះ ម្ដាយ​ខ្ញុំ​ប្រាប់​ឱ្យ​គ្រវាស​អង្ករ​មុខ​ផ្ទះ ហើយ​និយាយ​ថា សូម​ឲ្យ​រឿង​អាក្រក់​ទាំងឡាយ​ណា​ដែល​បាន​កើត​មាន​នៅ​ក្នុង​សុបិន ឲ្យ​វា​ប្រែក្លាយ​ជា​រឿង​ល្អ​វិញ ហើយ​នាំ​តែ​លាភ​សំណាង​មក​លើ​រូប​ខ្ញុំ​ និង​គ្រួសារ”។

 

យុវជន​មក​ពី​ភូមិសេកយំ ឃុំព្រៃឈរ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​រូប​នេះ ប្រាប់​ទៀត​ថា ពេល​ធ្វើ​តាម​ការ​ណែនាំ​ខាងលើ លោក​មាន​អារម្មណ៍​​ល្អ ហើយ​បច្ចុប្បន្ន​នេះ​ លោក​ក៏​នៅ​អនុវត្ត​​ពេល​​យល់សប្ដិ​អាក្រក់​ម្ដងៗ។

 

ចំណែក​យុវជន ជិន ផល្លា និយាយ​ថា៖ “ខ្ញុំ​ជឿ​បង! ខ្ញុំ​លើក​ករណី​មួយ ប៉ា​ខ្ញុំ​យល់សប្ដិ​ឃើញ គាត់​បាក់​ធ្មេញ តែ​អត់​មាន​ឈាម​ទេ។ ស្រាប់​តែ​ស្អែក​ខាន​ស្អែក បង​ប្អូន​សាច់​ឆ្ងាយ​ខ្ញុំ​ស្លាប់។ អ៊ីចឹង​ខ្ញុំ​ក៏​​ធ្វើ​តាម ដើម្បី​កុំ​ឱ្យ​មាន​រឿង​ហ្នឹង​កើត​លើ​យើង”។

 

ផល្លា រៀបរាប់​ថា ជឿ​ឬ​មិន​ជឿ គឺ​អាស្រ័យ​លើ​ការ​យល់​ឃើញ​របស់​មនុស្ស​ម្នាក់ៗ ហើយ​និយាយ​បែប​នេះ​ក៏​មិន​បាន​ន័យ​ថា លោក​ជឿ​១០០%​នោះ​ដែរ។ “ខ្ញុំ​អត់​ជឿ​ទាំងស្រុង​ទេ តែ​រឿង​ខ្លះ​យើង​ក៏​ត្រូវ​ជឿ​ដែរ”។

 

ជំនឿ៖ គ្រវាស​អង្ករ​មុខ​ផ្ទះ ពេល​សុបិន​អាក្រក់ នាំ​លាភ​សំណាងប្រភពរូបភាព BBC

 

ចំពោះ​អបិយ​រឿង​​នេះ​លោក​តា ញ៉ែម ស៊ុំ ចាស់ទុំ​ក្នុង​ភូមិ​ទំពាំង​ឫស្សី ឃុំ​សំរោង ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម មាន​ប្រសាសន៍​ថា ជំនឿ​នេះ​​មិន​មែន​ចេះ​តែ​កើត​មាន​ឡើង​ទេ ហើយ​ត្រូវ​ពលរដ្ឋ​ខ្មែរ​អនុវត្ត​ត​គ្នា​ពី​ចាស់ៗ​សម័យ​ដើម។

 

“មិន​មែន​វា​ចេះ​តែ​មាន​ទេ មាន​គ្រូ​គេ​ប្រាប់​ត្រឹមត្រូវ។ ឧទាហរណ៍​ថា​ចៅ​ឯង​យល់សប្ដិ​ឃើញ គេ​ចាប់​ច្រមុជ​ទឹក ភ្ញាក់​ព្រឹក​ឡើង​ចៅ​ឯង​ត្រូវ បាច​អង្ករ​និយាយ​ថា ជីប…! ទៅ! ស្ពាយ​​អង្ករ​នេះ​ទៅ​ឱ្យ​​ឆ្ងាយ​ទៅ កុំ​នៅ​កន្លែង​នេះ”។ លោកតាបញ្ជាក់។

 

លោក​តា​ថា ការ​ធ្វើ​បែប​នេះ​នឹង​បណ្ដេញ​រឿង​អាក្រក់​មិន​ឱ្យ​នៅ​ក្នុង​ផ្ទះ ហើយ​ជំនឿ​អរូបិយ​នេះទៀតសោត ខ្លាំង​ឬ​ខ្សោយ​វា​អា​ស្រ័យ​លើ ពាក្យ​សម្ដី​របស់​មនុស្ស។ ​បច្ចុប្បន្ន​ក៏​នៅ​មាន​ពលរដ្ឋ​ខ្មែរ​អនុវត្ត​ដែរ។

 

ដោយ​ឡែក ជឹម ចាន់នី ក៏​បាន​ឱ្យ​ដឹង​ដូច​គ្នា​ថា ចាស់ៗ​ក៏​ប្រាប់​ឱ្យ​ធ្វើ​ដូច្នេះ​ដែរ ប៉ុន្តែ​យុវជន​​ខ្ពស់​ស្រលះ​រូប​នេះ មិន​ជឿ​​នឹង​អបិយជំនឿ​នេះ​ឡើយ ប៉ុន្តែ​លើក​អះអាង​ថា អ្វី​ៗ​តែង​មាន​ហេតុ​និង​ផល។

 

យុវជន​ថ្លែង​ថា៖ “ឧទាហរណ៍​ថា យប់​មិញ​ខ្ញុំ​យល់សប្ដិ​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍។ ព្រលឹម​ឡើង​ខ្ញុំ​ជិះម៉ូតូ​ទៅ​បុក​គេ ឬ​គេ​មក​បុក​យើង តើ​យើង​គួរ​ជឿ​លើ​ជំនឿ​ឬ​ជឿ​លើ​ហេតុ​ផល បណ្ដាល​ឱ្យ​យើង​បុក​គ្នា។ ជួន​កាល​មក​ពី​យើង​បើក​លឿន​ពេក ឬ​ក៏​អ្នក​បុក​យើង គេ​មិន​ប្រុង​ប្រយ័ត្ន។ វា​មាន​ហេតុ​មាន​ផល​របស់​វា អា​ទាំង​អស់​ហ្នឹង មនុស្ស​យើង​ជា​អ្នក​ធ្វើ​តើ។ សម្រាប់​ខ្ញុំ​ជំនឿ​ធ្វើ​ឱ្យ​មនុស្ស​ខ្វះ​ការពិចារណា”៕

 

ចុចអាន៖ ជំនឿ​បាន​ប្រពន្ធ ​ក្រមុំ-មេម៉ាយ តាម​សម្រែក​យំ​តុកកែ

ចុចអាន៖ គួរ​ស្វែង​យល់​ពី​លក្ខណៈ​ផ្ទះ​ តាម​ក្បួន​ហុងស៊ុយ

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ