បទ​ពិសោធន៍ ហង្ស ឈា៖ តារា​ខ្មែរ​ល្បីៗ​តែង​ធ្វើ​ឱ្យ​អ្នក​អាមេរិក​មួយ​ចំនួន​ខក​បំណង

ឱ្យ​តែ​វត្តមាន​តារា​ខ្មែរ​ល្បីៗ​របស់​កម្ពុជា​ តែង​ធ្វើ​ឱ្យ​អ្នក​អាមេរិក​មួយ​ចំនួន​ខក​បំណង ក៏​ព្រោះ​តែ​ពួក​គេ​មាន​ពេល​សម្ដែង​នៅ​ទីនោះ​ខ្លី​ពេក។ នេះ​ជា​ការ​លើក​ឡើង​​របស់​អតីត​តារា​សម្ដែង ហង្ស ឈា បច្ចុប្បន្ន​លោក​ជា​អ្នក​ធានា​សិល្បករ​ខ្មែរ​ទៅ​សម្ដែង​នៅ​ទីនោះ។

 

“ដោយ​សារ​តែ​មាន​ពេល​ខ្លី មិន​អាច​ទៅ​សម្ដែង​គ្រប់​រដ្ឋ​បាន​ទេ អញ្ចឹង​បង​ប្អូន​ខ្មែរ​មួយ​ចំនួន​គាត់​ស្ដាយ​ព្រោះ​មិន​បាន​ជួប​តារា​ល្បី​របស់​យើង”។ ហង្ស ឈា ថ្លែង​មក​កាន់ Sabay។

 

បទ​ពិសោធន៍ ហង្ស ឈា៖ តារា​ខ្មែរ​ល្បីៗ​តែង​ធ្វើ​ឱ្យ​អ្នក​អាមេរិក​មួយ​ចំនួន​ខក​បំណង

 

អតីត​តារា​សម្ដែង​រូប​នេះ​បន្ត​ថា តារា​ល្បី​ពី​កម្ពុជា​ភាគ​ច្រើន​​មាន​ពេល​ត្រឹម​តែ​១​ខែ​ប៉ុណ្ណោះ។ តារា​ទាំង​នោះ​មិន​អាច​សម្ដែង​បាន​ច្រើន​ទីតាំង ឬ​ច្រើន​រដ្ឋ​បាន​ទេ ជា​ហេតុ​ផល​នាំ​ឱ្យ​បងប្អូន​ខ្មែរ​មួយ​ចំនួន​ខក​បំណង ព្រោះ​មិន​បាន​បង្ហាញ​ការ​គាំទ្រ​ដោយ​ផ្ទាល់​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា ទោះ​បី​ជា​លោក​ព្យាយាម​រៀបចំ​កាលវិភាគ​សម្ដែង​ជាប់​គ្នា​រដឹក ឬ​បន្ត​ដល់​ដើម​សប្ដាហ៍​យ៉ាង​ណា​ក្ដី។

 

ទោះ​បី​ជា​យ៉ាង​ណា ក្នុង​នាម​ជា​អ្នក​ធានា​តារា​ខ្មែរ​ទៅ​សម្ដែង​នៅ​សហរដ្ឋ​អាមេរិក ហង្ស ឈា អះអាង​ថា ចង់​ឱ្យ​តារា​កម្ពុជា​ចំណាយ​ពេល​នៅ​សម្ដែង​បាន​យូរ​​ក្នុង​ទឹក​ដី​ដែល​លោក​កំពុង​រស់​នៅ​នេះ។ ព្រោះ​ដើម្បី​បំពេញ​តាម​ការ​ចង់​បាន​របស់​បង​ប្អូន​ខ្មែរ​ផង និង​ត្រឡប់​មក​វិញ​ជាមួយ​ប្រាក់​ចំណូល​ជា​ច្រើន​​ផង​ដែរ។

 

ទោះ​បី​ជា​យ៉ាង​ណា ហង្ស ឈា អះអាង​ថា លោក​នៅ​តែ​ព្យាយាម​ស្វែង​រក​ឱកាស​បន្ថែម​ទៀត ដើម្បី​ធានា​សិល្បករ​ខ្មែរ​ទៅ​សម្ដែង​នៅ​សហរដ្ឋ​អាមេរិក​ឱ្យ​បាន​កាន់​តែ​ច្រើន ដែល​ជា​ផ្នែក​ជួយ​ដល់​សិល្បករ​ខ្មែរ ខណៈ​លោក​ក៏​ធ្លាប់​ដុះដាល​ចេញ​ពី​វិស័យ​សិល្បៈ​ដែរ។ ជាក់​ស្ដែង​ដំណើរ​មក​កាន់​ប្រទេស​កំណើត​អំឡុង​ខែ​មុន​ក៏​ក្នុង​គោល​បំណង​​ទាក់ទង​តារា​ពី​ប្រទេស​កំណើត​ទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក​​ដែរ៕

 

អត្ថបទ៖ សំ ជំនាញ