គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានសម្លាប់​រូប​២ ជីវិត​៣

​ខេត្តកំពង់ធំ : ឧបទ្ទវហេតុ​ដ៏​រន្ធត់​មួយ​បាន​បង្ក​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​៦​ខែ​ម្នាក់ ស្លាប់​ភ្លាមៗ រីឯ​ប្តី​ដែល​រងរបួស​ធ្ងន់​ក៏បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ខណៈ​កំពុង​ជិះ​ម៉ូតូ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទំនប់​១​មករា ហើយ​ត្រូវ​រថយន្តបុក​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧១ វេលា​ម៉ោង​១៣​និង​២៣​នាទី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ត្រស់ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍​។​


​ស្ត្រី​រងគ្រោះ​ឈ្មោះ សេង សុខ​ឡេង អាយុ​២២​ឆ្នាំ មាន​ផ្ទៃពោះ​៦​ខែ និង​ប្តី​ឈ្មោះ ង៉ាន មេ​ង​លី អាយុ​២៧​ឆ្នាំ ។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ក្រសាំង​ជ័យ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ។​


​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា អ្នក​ទាំងពីរ​ទើបតែ​រៀបការ​នឹង​គ្នា​មិនទាន់បាន​១​ឆ្នាំ​ផង ក៏​ជួប​គ្រោះ​អកុសល​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ប្តី​ប្រពន្ធ និង​ទារក​ក្នុង​ផ្ទៃ​គួរឱ្យ​អនិច្ចា ។ ចំណែក​អ្នកបើករថយន្ត ឈ្មោះ ហ៊ុន សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​បារាយណ៍​ធំ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ។ ក្រោយពី​បុក​ស្លាប់ អ្នកបើករថយន្ត​បាន​ព្យាយាម​បន្ថែម​ល្បឿន​រត់​ទៅដល់​ភូមិ​ពណ្ណរាយ ឃុំ​ចើ​ង​ដើ​ង ទើប​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​លេខ​១០២​ស្ទាក់​ចាប់បាន ។​


​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ម៉ាក​សង់ C125 ពណ៌​ខ្មៅ​ស៊េរី​2013 ពាក់​ស្លាក​លេខ​កំពង់ធំ​1S-5835​ទិសដៅ​ពី​លិចទៅ​កើត ក្នុង​គោលបំណង​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទំនប់​១​មករា និង​បាន​ស៊ីញ៉ូ​ត្រឹមត្រូវ​មុនពេល​បត់ ។ ប៉ុន្តែ​ពេលនោះ​គេ​ឃើញ​អ្នកបើករថយន្ត CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កំពង់ធំ​2A-1899​ទិសដៅ​ពី​លិចទៅ​កើត​ដូចគ្នា​បើកបរ​លឿន ដូច​ព្រួញ​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ក៏បាន​ជ្រុល​បុក​អ្នកជិះ​ម៉ូតូ​ប្តី​ប្រពន្ធ​នោះ​យា​៉​ង​ពេញទំហឹង​បណ្តាល ឲ្យ​នាង​ជា​ប្រពន្ធ បែកក្បាល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​បុរស​ជា​ប្តី​បាន​ស្លាប់​តាម​ក្រោយ បន្ទាប់ពី​បញ្ជូនទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ។​


​ក្រោយពេល​សមត្ថកិច្ច​ជំនាញ​វាស់វែង និង​ពិនិត្យ​រួច សព​ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវបាន​នាំទៅ​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​បារាយណ៍​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានសម្លាប់​រូប​២ ជីវិត​៣ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានសម្លាប់​រូប​២ ជីវិត​៣ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានសម្លាប់​រូប​២ ជីវិត​៣