លុប​ចោលការ​ប្រកាស​អាសន្ន​នៅ​សេត​វិមាន​ព្រោះ​កញ្ចប់​សង្ស័យ​មួយ

ការ​ប្រកាស​អាសន្ន​ត្រូវ​បាន​លុប​ចោល​នា​ថ្ងៃ​ទី​៣០ ឧសភា នៅ​សេត​វិមាន​ដែល​ឡោម​ព័ទ្ធ​មួយ​ផ្នែក​នា​ពាក់កណ្តាល​ថ្ងៃ​នោះ​បន្ទាប់​ពី​ការ​ប្រទះ​ឃើញ​កញ្ចប់​សង្ស័យ​មួយ​មក ។

ភ្នាក់ងារ​សម្ងាត់​ទទួល​បន្ទុក​ការពារ​សន្តិសុខ​ប្រធានាធិបតី​អា​មេ​រិ​ក​រាយការណ៍​ថា នារី​ម្នាក់​បាន​គប់​របស់​ដែក​មួយ​កាត់រ​បងសំណាញ់​ដែក​នៃ​សេត​វិមាន ហើយ​នារី​ត្រូវ​ចាប់ខ្លួន។ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ស្ថិត​ក្នុង​សេត​វិមាន​ពេល​មានការ​ប្រកាស​អាសន្ន​នោះ ។

យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​ថា នារី​ដែល​គប់​របស់​សង្ស័យ​នោះ​ហើយ​ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើបអង្កេត​មួយ ។ ឧប្បត្តិហេតុ​នោះ​កើត​មាន​នា​វេលា​ម៉ោង​១២​និង​១៥​នាទី​ម៉ោង​ក្នុងស្រុក ប៉ុន្មាន​នាទី​ក្រោយ​ការ​វិល​ត្រឡប់​ចូល​សេត​វិមាន​វិញ​របស់​លោក​អូ​បា​ម៉ា ក្រោយ​ពី​លោក​ទៅ​កាន់​កន្លែង​បញ្ចុះសព​ជាតិ ARLINGTON នា​ឱកាស​បុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ  MEMORIAL  DAY ។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​សេត​វិមាន​ត្រូវ​ឡោម​ព័ទ្ធ​ក្នុង​ខែ​នេះ ។ នា​ថ្ងៃ​ទី​២០ ឧសភា បុរស​ម្នាក់​ដែល​កាន់​កាំភ្លើង​មួយ​ដើម​ត្រូវ​ភ្នាក់ងារ​សំងាត់​ការពារ​សេត​វិមាន​បាញ់​ឱ្យ​របួស​នៅ​ជិត​ចំណុច​ត្រួតពិនិត្យ​មួយ​ខាងក្រោយ​សេត​វិមាន​នាំ​ឱ្យ​មានការ​ឡោម​ព័ទ្ធ​សេត​វិមាន​រយៈពេល​ជិត​១​ម៉ោង ៕