​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី​រិះគន់​មន្ត្រី​បរិស្ថាន​ក្នុងករណី​លក់​វត្ថុ​តាំង​បទល្មើស​ព្រៃឈើ​

ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី​បាន​រាយការណ៍​មក​ថា​ថ្មីៗ​នេះ​មន្ត្រី​បរិស្ថាន​នៅ​ខេត្តមណ្ឌលគិរី​បាន​ឃុបឃិត​គ្នា​លក់​វត្ថុតាង​បទល្មើស​ព្រៃឈើ​ខុស​នីតិវិធី​ច្បាប់ ហើយ​ប្រមូល​យកប្រាក់​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​សកម្មភាព​ខាងលើ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ​នោះទេ តែ​វា​ជា​រូបភាព​នៃ​ការប្រព្រឹត្ត​បទល្មើស​អំពើពុករលួយ​ដែល​មិនត្រូវ​លើកលែង​។​

គួរបញ្ជាក់​ថា​ថ្មីៗ​នេះ​មាន​ត្រាក់ទ័រ​ពីរ​គ្រឿង​របស់​ជនជាតិ​យួន​បាន​ឆ្លងដែន​ចូល​ដី​ខ្មែរ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពេ​ជ្រា​ដា​ដឹកឈើ​បម្រុង​ចូល​ប្រទេស​យួន​វិញ តែ​ត្រូវបាន​មន្ត្រី​បរិស្ថាន សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ផ្សេងទៀត​ចាប់បាន ហើយ​រកឃើញថា​ជា​សកម្មភាព​ល្មើសច្បាប់​។ សកម្មភាព​របស់​មន្ត្រី​ជំនាញ ត្រូវបាន​ប្រជាពលរដ្ឋ​ត្រេកអរ តែ​ក៏​សម្តែង​ការសោកស្តាយ​ព្រោះ​វត្ថុតាង​ដែល​រឹបអូស​បាន​ពីបទ​ល្មើស​ព្រៃឈើ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ឃុបឃិត​គ្នា​លក់​យកលុយ​។​

លោក ឈិ​ត សុផល និង​លោក រ័ត្ន សុវណ្ណ ដែលជា​ប្រធាន និង​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ត្រូវបាន​ប្រជា​ពល​ដ្ឋ​ស្រុក​ពេ​ជ្រា​ដា ចោទប្រកាន់ថា​ជា​មេខ្លោង​លក់​វត្ថុតាង​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា វត្ថុតាង​ដែល​លក់​ឲ្យ​ឈ្មួញ​ដោយ​ខុស​នីតិវិធី​ច្បាប់ ត្រូវគេ​ដឹងថា​បាន​ប្រា​ក់ជាង​២០០០​ដុល្លារ​តែ​មិនបាន​ដាក់ចូល​ថវិកាជាតិ​ឡើយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​សំណូមពរ​ឲ្យ​ក្រសួងបរិស្ថាន និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ គប្បី​ស៊ើបអង្កេត ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​មិន​ចាត់វិធានការ​ចំពោះ​មន្ត្រី​ពុករលួយ ពួកគេ​នឹង​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​ថ្ងៃក្រោយ​ទៀត​មិនខានឡើយ​៕

WAT-30051 WAT-30051a