ក្រោយ​ឈ្នះ​ទី​ម័​រ​ខាងកើត កម្ពុជា​មានមុខ​ជួប​ចិន​តៃប៉ិ​នៅ​ក្រៅ​ទឹកដី

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១ មិថុនា​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​ដល់ទី​ក្រុង​តៃប៉ិ​នៃ​កោះ​តៃវ៉ាន់​ហើយ ដោយសារ​តែ​ការ​ប្រកួត​ជម្រុះ​AFC Asian Cup 2019 សម្រាប់​ជើង​ទី​១ តម្រូវ​ឱ្យ​ក្រុម​កម្ពុជា​ប៉ះ​ក្រុម ​Chinese Taipei នា​ថ្ងៃ​ទី​២ មិថុនា នៅ​ទីនោះ​។ ឱកាស​ប៉ះ​គ្នា​លើក​នេះ ត្រូវ​គេ​កត់​សម្គាល់ថា នឹង​ធ្វើ​ឱ្យ​ក្រុម​កម្ពុជា​មានមុខ​ច្រើន បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម​ទី​ម័​រ​ខាងកើត កាលពី​ថ្ងៃ​ទី​២៩ ឧសភា កន្លង​ទៅ ។

ការ​ប្រកួត​របស់​ក្រុម​ទាំង​ពីរ នឹង​ត្រូវធ្វើ​ឡើង​នៅ​យប់​ថ្ងៃស្អែក ដោយ​មាន​អ្នកគាំទ្រ​រៀង​ៗ​ខ្លួន រង់ចាំ​មើល​មិន​អន់​ផង​ដែរ ។ គេ​មិន​ទាន់​ដឹង​ថា តើ​ក្រុម​កម្ពុជា​នឹង​អាច​ត្រឡប់​មក​វិញ​ជាមួយនឹង​លទ្ធផល​ល្អ​ឬ​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​ដែល​ការ​ប្រកួត​កន្លង​មក គឺ​ក្រុម​តៃប៉ិ ក៏​ខ្លាំង​មិនធម្មតា​នៅ​ក្នុង​តំបន់​អាស៊ី ។ ក្រុម​កម្ពុជា​បាន​ត្រឹមតែ​រំពឹង​ថា នឹង​លេង​បាន​ល្អ​ក្នុង​ជំនួប​ជាមួយ​ក្រុម​តៃប៉ិ ប៉ុន្តែ​សម្រាប់​លទ្ធផល​នៅ​មិន​ទាន់​សង្ឃឹម​ខ្ពស់​ដូច​គ្នា​នឹង​ពេល​ប៉ះ​គ្នា​ជាមួយ​ក្រុម​ទី​ម័​រ​ខាងកើត នៅ​លើ​ទឹកដី​ខ្លួនឯង​ប៉ុន្មាន​ទេ​។ ទោះបី​យ៉ាង​ណា ផ្អែក​តាម​ទម្រង់​លេង​ល្អ​ក្នុង​ជំនួប​ជាមួយ​ក្រុម​ទី​ម័​រ​ខាងកើត គេ​នៅ​តែ​មើលឃើញ​ពី​ក្ដី​សង្ឃឹម ដោយសារ​កីឡាករ​កម្ពុជា​មាន​ជើង​កាន់តែ​ល្អ និង​មាន​ទម្រង់​លេង​មិន​អន់​ជាង​ក្រុម​ខ្លាំង​ៗ​ក្នុង​តំបន់ ។ ម្យ៉ាង​ក្រុមបាល់ទាត់​កម្ពុជា មិនមែន​ជា​ក្រុម​អន់ និង​លេង​មិនសូវ​ស៊ីសង្វាក់​ដូច​អំឡុង​ពេល​មុន​នោះ​ទេ ដោយ​សូ​ម្បី​តែ​ក្រុម​ខ្លាំង​ដូច​ជា​សិង្ហ​បុរី និង​ថៃ​ជាដើម ក៏​មាន​លទ្ធភាព​ស៊ី​ក្រុម​កម្ពុជា​ក្នុង​គ្រាប់​បាល់​តិចតួច​បំផុត ដែល​មាន​ន័យ​ថា ក្រុម​កម្ពុជា​លេង​ល្អ​ជាង​មុន ។

លទ្ធផល​រវាង​ក្រុម​កម្ពុជា និង​ក្រុម​តៃប៉ិ មាន​ភាព​សំខាន់​ណាស់​សម្រាប់​ក្រុម​នីមួយ​ៗ ដោយសារ​តែ​ក្រៅពី​មានមុខមាត់​សម្រាប់​ក្រុម​ដែល​នាំមុខ​គ្រាប់​បាល់ ក៏​ត្រូវ​ទទួល​បាន​ពិន្ទុ​ដើម្បី​ឆ្ពោះទៅ​វគ្គ​បន្តបន្ទាប់​របស់​ពាន​មួយ​នេះ​ផង​ដែរ​។ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុ​ជាមួយ​លើក​ទៀត នៅ​ថ្ងៃ​ទី​៧ មិថុនា ខាង​មុខ ដើម្បី​ស្វែងរក​ជើង​ខ្លាំង​ពិតប្រាកដ​ក្នុង​ជំនួប​ទាំង​ពីរ​លើក ។

នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក មានការ​ជឿជាក់​យ៉ាង​ខ្លាំង​ទៅ​លើ​សមត្ថភាព​របស់​ក្រុម​កម្ពុជា​។ ទោះបីជា​អ្នកគាំទ្រ​ភាគច្រើន​មិន​ហ៊ាន​រំពឹង​ទុក​ថា​ឈ្នះ ប៉ុន្តែ​ម្នាក់​ៗ​សុទ្ធតែ​បួងសួង​សុំ​ឱ្យ​ក្រុម​កម្ពុជា​ទប់​ឱ្យ​បាន​ស្មើ ដើម្បី​ដល់​ពេល​ក្រុម​តៃប៉ិ​ឡើង​មក​ប្រកួត​នៅ​លើ​ទឹកដី​កម្ពុជា គឺ​ពិតជា​មាន​ទឹកមាត់​លេប ។ អ្នកគាំទ្រ​ភាគច្រើន​បាន​ជជែក​គ្នា​ពី​ករណី​នេះ ដោយ​ក្រុម​អ្នក​យកចិត្តទុកដាក់​លើ​ទម្រង់​លេង​ល្អ​ឡើង​របស់​ក្រុម​កម្ពុជា ហាក់​មាន​ជំនឿ​ថា ទម្រង់​ថ្មី​របស់​ក្រុម​កម្ពុជា ពិតជា​អាច​ទប់​មិន​ឱ្យ​ក្រុម​តៃប៉ិ​រក​គ្រាប់​បាល់​បាន​នាំមុខ​នោះ​ផង ។ គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​អះអាង​ថា ក្រុម​តៃប៉ិ គឺជា​ក្រុម​ល្អ​មួយ​នៅ​ក្នុង​តំបន់ ប៉ុន្តែ​លោក​ថា ក្រុម​កម្ពុជា ក៏​បាន​ត្រៀមខ្លួន​ដើម្បី​លេង​ឱ្យ​បាន​ល្អ​ក្នុង​ជំនួប​ថ្ងៃខាន​ស្អែក​នោះ​ដែរ ។ ស្ថានីយទូរទស្សន៍​ធំ​មួយ​របស់​តៃវ៉ាន់ បាន​ប្រកាស​ពី​ការ​ផ្សាយ​បន្ត​ផ្ទាល់ នៅ​ពេល​ក្រុម​ទាំង​ពីរ​ប្រកួត​គ្នា ប៉ុន្តែ​គេ​មិន​ទាន់​ច្បាស់​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា តើ​កម្ពុជា​នឹង​អាច​ទស្សនាការ​ប្រកួត​នេះ​បាន​ដោយ​មធ្យោបាយ​ណា​នៅឡើយ​ទេ ។

យ៉ាងណាមិញ មន្ត្រី​សហព័ន្ធ​បាល់ទាត់​បាន​លើក​ឡើង​ថា បណ្ដាញ​ហ្វេ​ស​ប៊ុ​ក នឹង​បង្ហាញ​ឱ្យ​ឃើញ​នូវ​លទ្ធផល​ភ្លាម​ៗ​ពី​ការ​ប្រកួត​របស់​ក្រុម​ទាំង​ពីរ ឱ្យ​អ្នកគាំទ្រ​បានឃើញ ប៉ុន្តែ​លទ្ធផល​ចាញ់​ក្រុម​តៃប៉ិ គឺជា​អ្វី​ដែល​ក្រុម​អ្នកគាំទ្រ​មិន​មាន​អ្នក​ណា​ម្នាក់​ចង់​ឃើញ​នោះ​ទេ ។ ផ្អែក​តាម​ការ​យល់​ឃើញ ប្រសិនបើ​ការ​ប្រកួត​ជាមួយ​ក្រុម​ចិន​តៃប៉ិ នៅ​យប់​ខាន​ស្អែក កម្ពុជា​អាច​រក​ជ័យជម្នះ ឬ​មាន​លទ្ធផល​ស្មើ​ត្រឡប់​មក​វិញ នោះ​ការ​ប្រកួត​របស់​ក្រុម​នេះ​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក​នៅ​ថ្ងៃ​ទី​៧ មិថុនា ខាង​មុខ គឺ​ពិតជា​បាក់​ស្ដា​ត​ហើយ ដែល​អាច​និយាយ​បាន​ថា កម្លាំង​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​នឹង​បង្កើន​ការ​គាំទ្រ​ខ្លាំង​ឡើង​នៅ​ក្នុង​ការ​ប្រកួត​នោះ ។ ម្យ៉ាង​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ការ​ប្រកួត​បាល់ទាត់​ក្នុង​អំឡុង​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ទាក់ទាញ​អ្នកគាំទ្រ និង​អ្នក​ទស្សនា​សម្បើម​ដៃ​ណាស់ បន្ទាប់​ពី​មាន​យុវវ័យ​កាន់តែ​ច្រើន​ងប់ងុល និង​បាន​ប្រកាស​ខ្លួន​ជា​ហ្វេ​ន​ផ្កាប់មុខ​របស់​ក្រុម​បាល់ទាត់​កម្ពុជា ។

ក្រុម​កម្ពុជា​នឹង​ជួប​ជាមួយ​ក្រុម​ឆៃ​នី​ស​តៃប៉ិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​តំបន់ Kaohsiung  លើ​កោះ​តៃវ៉ាន់ ចាប់ពី​ម៉ោង​៧​យប់​ត្រូវ​នឹង​ម៉ោង​៦​ល្ងាច​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​ប្រកួត​របស់​ពួក​គេ​មិន​មានការ​ប្រកាស​ថា នឹង​មាន​អ្នក​ទស្សនា​កក​ក្ដាំង​ដូច​គេ​នឹង​ការ​ប្រកួត​រវាង​ក្រុម​កម្ពុជា និង​ក្រុម​ទី​ម័​រ​ខាងកើត​មុន​នេះ​ទេ ដោយសារ​តែ​ការ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ទីក្រុង​តៃប៉ិ ហាក់ជា​រឿង​ស៊ាំ​សម្រាប់​ប្រជាជន​តៃវ៉ាន់​ហើយ​។ ​ជា​បទ​ពិសោធន៍ ក្នុង​ពេល​កម្ពុជា​ទៅ​ប្រកួត​ជម្រុះ​ដូច​គ្នា​ជាមួយ​ក្រុម​ប្រទេស​ចិន​ផ្សេង​ទៀត ហាក់​មិនសូវ​មាន​អ្នក​ទស្សនា​កុះករ​ប៉ុន្មាន​ទេ ។ យ៉ាងណា​ក៏​ដោយ អ្វី​ដែល​សំខាន់​សម្រាប់​អ្នកគាំទ្រ​កម្ពុជា គឺ​លទ្ធផល​ស្មើ ឬ​ឈ្នះ​របស់​ក្រុម​កម្ពុជា​ក្នុង​ពេល​ត្រឡប់​មក​វិញ​ប៉ុណ្ណោះ សម្រាប់​ការ​ប្រកួត​ដែល​ក្រុម​កម្ពុជា​ត្រូវ​ប្រឈម​នៅ​យប់ខាន​ស្អែក ៕