ឈ្មួញ​ឈើ​ឈ្មោះ​«​ពៅ​» ល្បី​ខាង​ប្រើ​លុយ​និង​គំរាម​នៅ​មណ្ឌលគិរី ជា​នរណា?

ខេត្តមណ្ឌលគិរី ៖ សកម្មភាព​ដឹក​ជញ្ជូន​ឈើប្រណីត នៅ​តែ​មាន​សកម្មភាព​ដូច​ទឹកបាក់​ទំនប់​នា​ភាគ​ឦសាន​ប្រទេស ទោះ​មាន​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​បិទ​គ្រប់​ច្រក​រត់​ព​ន្ឋ​ឈើ​គ្រប់កន្លែង​ក៏​ដោយ តែ​អា​ជ្ញា​ធ​រពាក់​ព័​ន្ឋ​ជា​ពិសេស​មន្ត្រី​ជំនាញ ក្នុង​មូលដ្ឋាន​ដែល​សម្បូរ​ព្រៃឈើ មិន​បាន​យកចិត្តទុកដាក់​អនុវត្តន៍និងគោរព បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ឡើយ គឺ​ស្ថា​ប័នខ្លះគ្រាន់តែ អនុវត្ត​ន៏​បាន​មួយ​ដង្ហើម​ច​ង្រឹ​ត ក៏ស្ងាត់ដូចចោរលួចសេះ សង្ស័យមន្រ្តីទាំងនោះទទួលបានលាភសក្ការៈ​។

ជាក់ស្តែង​សកម្មភាព​រកស៊ី​ឈើប្រណិត​នឹង​ឈើ​លេខ​មួយ រួម​និង​ប្រភេទ​ឈើ​ចម្រុះ​ជា​ច្រើន ត្រូវ​បាន​ក្រុម​ឈ្មួញ​ធ្វើការ​ដឹក​ជញ្ជូន​ដោយ​គ្មាន​លស់​មួយ​ថ្ងៃ​ ។ សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ឈើប្រណីត​ដូច​ជា​ធ្នង់ បេង និង​នាងនួន ក្រុម​ឈ្មួញ​បាន​ដឹក​យក​ទៅ​លក់​ឲ្យ​ថៅកែ​នៅ​ខេត្តរតនគិរី ឬ​ថៅកែ​យួន​ដែលចូល​មក​ទិញ​ឈើប្រណីត​ទាំងនោះ​ដល់​ស្រុក​កោះ​ញែក​តែ​ម្តង ទើប​ជួល​ឲ្យ​រថយន្ត​តាក់ស៊ី​ដឹក​បន្ត​ទៅ​ព្រំដែន​អូ​យ៉ា​ដាវ ក្នុង​ខេត្តរតនគិរី​។

ប្រភព​បន្ត​ថា ឈ្មួញ​ដែល​កំពុង​មាន​សកម្មភាព​ខ្លាំង​ជាងគេ នឹង​មាន​ឥ​ទ្ឋិ​ពល​លើ​សមត្ថកិច្ច​ស្ទើរ​គ្រប់​ស្ថា​ប័ន នោះ​មានឈ្មោះ ពៅ ដែល​ជាប់​ការ​ពាក់​ព័​ន្ឋ​ជាមួយ​អាវុធហត្ថ​ស្រុក​កោះ​ញែក តែ​ម្តង​ ។​ ឈ្មួញ​ឈ្មោះ ពៅ បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០១៦ នៅ​ចំណុចជិត​កន្លែង​លាក់​ឈើ​មួយ​កន្លែង​ក្នុងភូមិ​ឆក់​ដែក ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ថា រូបគេ​មិន​ខ្លាច​សមត្ថកិច្ច​ចាប់​ឈើ​របស់​ខ្លួន​ឡើយ ទោះបី​គេ​(​ឈ្មោះ ពៅ) ​បាន​ប្រើ​ដៃ​ជើងរបស់​ខ្លួន​ឲ្យ​លើក​ឈើ​ដាក់​រថយន្ត​កណ្តាល​ថ្ងៃ​ក៏​ដោយ ព្រោះ​ខ្លួន​បាន​បង់លុយ​ប្រចាំខែ​ដល់​គ្រប់​ស្ថា​ប័នសមត្ថកិច្ច​ទាំងអស់ ទាំង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី និង​សមត្ថកិច្ច​ខេត្តរតនគិរី​ ។​ មិន​ត្រឹមតែ​មិន​ខ្លាច​សមត្ថកិច្ច​នោះ​ទេ ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​ឈ្មោះ ពៅ ថែម​ទាំង​បាន​ពោល​ពាក្យ ប្រមាថ​ដល់​ស្ថា​ប័ន​សារព័ត៌មាន​ថា បើ​ហ៊ាន​រឹងទទឹង​ជាមួយ​ខ្លួន​គេ​គេ​នឹង​បើកឡាន​បំ​បុក​ដោយ​មិន​ខ្លាច​ឡើយ​ ។ ហើយ​ឈ្មួញ​ថ្លើមពាសមេឃ​ម្នាក់​នេះ ក៏​បាន​និយាយ​បញ្ជាក់​ទាំង​កំហឹង​ថា ដូច​ដឹង​ស្រាប់​ហើយ​ថា នៅ​ខេត្តរតនគិរី​មាន​មួយ​ករណី​ហើយ​ (​ប្រហែលជា​ករណី​វាយ​អ្នកកាសែត​កាលពី​ប៉ុន្មាន​ខែ​មុន​) គេ​មិន​ចង់​មានរឿង​ម្តងទៀត​ទេ​។

ការ​លើក​ឡើង​របស់​ឈ្មួញ​រកស៊ី​ឈើ​ខាងលើ អាច​បញ្ជាក់​ពី​អំណាច​និង​ឥ​ទ្ឋិ​ពល​ដ៏​អស្ចារ្យ​របស់​គេ ថា អ្នក​ណា​ក៏​មិន​អាច​ប៉ះពាល់​គេ​បាន​ដែរ ទោះ​សមត្ថកិច្ច​ក៏​ដោយ ព្រោះ​សមត្ថកិច្ច​ត្រូវ​ថ្នាំ​សណ្តំ​អស់ហើយ ម្យ៉ាង​គេ​ជាប់​ខ្សែស្រឡាយ​ជាមួយ​កម្លាំងប្រដាប់អាវុធ​ទៀត ត្បិត​ថ្ងៃ​ដែរ​ឈ្មួញ​ឈ្មោះ​ពៅ​ខាងលើ ទៅ​និយាយ​ប្រមាថ​ដល់​សមត្ថកិច្ច​ និង​អ្នកកាសែត គេ​ឃើញ​ឈ្មោះ ពៅ នេះ​បាន​បើករថយន្តសេរី​បា​ឡែ​ន ព​ណ៌ស របស់​កូនលោក រស់ បញ្ញា មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កោះ​ញែក និង​ក៏​មាន​វត្តមាន​របស់​កូនលោក​មេបញ្ជាការ​ នៅ​ក្នុង​រថយន្ត​នោះ​ផង​ដែរ​។ ចំណែក​រថយន្ត​បា​ឡែ​ន​ដែល​ឈ្មួញ​ឈ្មោះ ពៅ ជិះ​មក​សំឡុត​អ្នកកា​សែ​ដែល​កំពុង​ថត​សកម្មភាព​លើក​ឈើ​របស់​គេ​នោះ គឺ​មិន​មាន​បំពាក់​ស្លាក​លេខ​ទេ តែ​មាន​បិទ​ស្កុ​ត​ព​ណ៌ស​នៅ​កញ្ចក់​ក្រោយ​។

ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការមួយចំនួន​រស់នៅ​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹង​ថា ក្នុងស្រុក​នេះ​អ្នក​រកស៊ី​ឈើ​មិន​មាន​ជន​សាម​ញ្ញា​ហ៊ាន​រកស៊ី​ទេ អ្នក​រកស៊ី​ឈើ​សុ​ទ្ឋ​តែ​ជា មន្ត្រី​មានមុខមាត់​ និងមាន​អំណាច​បុណ្យ​ស័ក្តិ​ក្នុង​មូលដ្ឋាន ទើប​រកស៊ី​បាន​ ។ ​បើ​ប្រជាជន​ហ៊ាន​ចេញ​មុខ​រកស៊ី​ច្បាស់​ជា ត្រូវ​គេ​ចាប់​បង្ក្រាប​ភ្លាម​ៗ ​មិន​ចាំ​ស្អែក​ឡើយ ដើម្បី​បាន​ស្នាដៃ​ជូន​ថ្នាក់លើ​មើល​លេង​កម្សាន្ត​ ។

ក្រុម​អ្នក​តាមដាន​បទល្មើស​ព្រៃឈើ បាន​ស្នើរ​ដល់​អង្គភាព​ជំនាញ​មេត្តា ចុះ​ពិនិត្យ​នឹង​ដុះក្អែល​មន្ត្រី​ខិលខូច​ទាំងនោះ​ចេញ​ម្តង​ទៅ ដើម្បី​កុំ​ឲ្យ​ខូច​ឈ្មោះ​ដល់​មន្ត្រី​ល្អ​ៗ​ដទៃ​ទៀត​ដែល​ខិតខំ​បំពេញការងារ ។​ ជា​ពិសេស​សូម​អាជ្ញាធរ​ស្រុក​កោះ​ញែក ត្រូវ​ចាត់វិធានការ​បន្ទាន់​ចំពោះ​ឈ្មួញ​ឈើ​ឈ្មោះ ពៅ ដែល​កំពុង​ប្រើ​សិ​ទ្ឋ​អំណាច ពាក់​ស្បែក​ខ្លា​ដើរ​គំរាម​សមត្ថកិច្ច​មិន​ឲ្យ​ពាក់​ព័​ន្ឋ លូកដៃ​បង្ក្រាប​របរ​រកស៊ី​ឈើ​របស់​ខ្លួន​បែប​នេះ ដែល​ជា​សកម្មភាព​ផ្ទុយ​ពី​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ចំណែក​មន្ត្រី​ដែល​ពាក់​ព័​ន្ឋ​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ឈ្មោះ ពៅ ក៏​ល្មម​ដល់​ពេល​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ផង​ដែរ ត្បិត​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ក្នុងស្រុក​កោះ​ញែក ជា​ពិសេស​សូ​ម្បី​ក្រុម​អ្នក​សារព័ត៌មាន​នានា ក៏​បានដឹង​នឹង​ស្គាល់ឈ្មោះ​អស់លោក​ច្បាស់​ដែរ គ្រាន់តែ​មិន​ចង់​បញ្ចេញ ទុក​ពេល​ឲ្យ​ឈប់​ធ្វើ​សកម្មភាព​ខុសច្បាប់​ទាំងនោះ​ទៀត​៕