តារា​កំប្លែង​តា សង់ ស៊ី​ស ឈឺ​ធ្ងន់​ ត្រូវ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​

តារា​កំប្លែង​តា សង់ ស៊ី​ស ឈឺ​ធ្ងន់​ ត្រូវ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​



ភ្នំពេញ ៖ តារា​កំប្លែង​ដែល​ត្រូវជា​ឪពុក​បង្កើត​របស់​កញ្ញា ស៊ុន ស្រី​ពេជ្រ គឺ​នាយ សង់ ស៊ី​ស កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​ ត្រូវបានជំងឺលើស​ឈាម​​ធ្វើ​ទុក​ខ្លាំង​ រហូត​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រញាប់​បញ្ជូន​ទៅ​ធ្វើ​ការ​សង​គ្រោះ​បន្ទាន់​ នៅ​មន្ទីរ​ពេទ្យ​ ខណៈ​រាងកាយ​របស់​គាត់​ក៏​មិនទាន់​ អាច​កម្រើក​បាន​ដូចដើម​វិញ​នោះ​..។

បើ​តាម​ប្រភព​ពី​កូនស្រី​របស់​តារា​កំប្លែង​លោក សង់ ស៊ី​ស ឈ្មោះ ស៊ុន ស្រី​និ​ច កាលពី​ព្រឹក​មិញ​បាន​សរសេរ​បង្ហោះ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា “កូន​សូម​បួងសួង​ដល់​ទេវតា​ គ្រប់​អង្គ ​គុណ​កែវ​ទាំង​បី​ វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក សូម​ថែរក្សា​អាយុជីវិត​លោក​ឪពុក​ខ្ញុំ​ផង ​កូន​ព្រួយ​ណាស់​ ពុក​ សូម​ពុក​ឆាប់​ជាសះស្បើយ”។

ប្រភព​ពី​ក្រុម​គ្រួសារ​របស់​នាយ សង់ ស៊ី​ស ក៏បាន​បញ្ជាក់​ថា កាលពី​ព្រឹក​ប្រ​លឹម​ម៉ោង​ជិត​៦ ថ្ងៃទី​៣១ ឧសភា​លោកតា សង់ ស៊ី​ស ចាប់ផ្ដើម​មាន​អាការៈ​ធ្វើ​ទុក​ខុស​ពី​ធម្មតា​ ទើប​ក្រុម​គ្រួសារ​ប្រញាប់​បញ្ជូន​គាត់​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរ​ពេទ្យ​អង្គរធំ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ នៅ​បន្ទប់​លេខ​២០៨​។ ​យ៉ាងណា​មិញ​បន្ទាប់ពី​មានការ​យកចិត្តទុកដាក់ ​ជួយសង្គ្រោះ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ រហូត​មកទល់​ពេលនេះ​អាការៈ​ជំងឺ​របស់​គាត់ ​បាន​ធូរ​ស្រាល​បន្តិច​ហើយ។

សូម​បញ្ជាក់​ថា តារា​កំប្លែង​នាយ សង់ ស៊ី​ស ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​កុមារភាព​ មក​ដល់​ពេល​នេះ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ ដោយមាន​ការ​គាំទ្រ​ពី​សំណាក់​មហាជន​ទូទៅ ទាំង​ក្នុង​និង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ ជា​ការ​ពិត​ណាស់​កន្លង​មក​ក្រៅពី​សម្តែង​ និង​ច្រៀង​កំប្លែង ថត​កាយ​វិការ​ខារ៉ាអូខេ ថត​សំឡេង​ចូល​ស៊ី​ឌី និង​សម្ដែង​ភាពយន្ត​ជាច្រើន​រឿង​នោះ​ នាយ​សង់ ស៊ី​ស​ តែងតែ​ឡើង​សម្ដែង​លើ​ឆាក​នៅ​តាម​បណ្ដា​ខេត្ត​-​ក្រុង​នានា​ទូទាំង​ប្រទេស និង​សម្ដែង​កំប្លែង​ជាមួយ​ក្រុម​នាយ​កុយ នាយ​ក្រឹម​និង​ក្រុម​ផ្សេងៗ​ជាច្រើន​ទៀត​៕