រ៉េត ស៊ូ​ហ្សា​ណា ធ្វើ​ឲ្យ​រាជកា និង​ប្រធាន​គណបក្សនយោបាយ​ឈឺឆ្អាល​

​រាជធានី​ភ្នំពេញ : ក្រៅពី​ធ្វើ​ឲ្យ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ខកចិត្ត ដោយសារតែ​នាង​នៅតែ​បន្ត​ច្រៀង​បទ​បរទេស​នៅ​សប្ដាហ៍​ទី​៣ កាលពី​សប្ដាហ៍​មុន សម្រែក​ទាមទារ​របស់​អ្នក​រិះគន់​ក៏​កាន់តែខ្លាំង​ជាមួយនឹង​ជំហរ​មិនទាន់​ច្រៀង​បទ​ខ្មែរ​របស់​នាង​នោះ​ផង​។ ក្នុងចំណោម​នោះ គេ​ក៏​ឃើញ​ប្រធាន​គណបក្ស​មួយ​ក៏បាន​លូក​មាត់​លើ​ករណី​របស់​នាង​ផងដែរ​។​

រ៉េត ស៊ូ​ហ្សា​ណា ធ្វើ​ឲ្យ​រាជកា និង​ប្រធាន​គណបក្សនយោបាយ​ឈឺឆ្អាល​

​នៅ​ទីបំផុត ហេតុផល​ដែល​បេ​ក្ខ​នារី The Voice Cambodia រដូវ​កាល​ទី​២ កញ្ញា រ៉េត ស៊ូ​ហ្សា​ណា មិន​ព្រម​បកស្រាយ​បទ​ចម្រៀង​ជា​ភាសា​ខ្មែរ គឺ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មានការ​រិះគន់​ក្នុង​ស្រទាប់​មហាជន​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ជំហរ​មិនទាន់​ច្រៀង​បទ​ខ្មែរ​របស់​នាង ក៏បាន​រសើប​ដល់​អ្នក​នយោបាយ និង​ថ្នាក់ដឹកនាំ​ផងដែរ​។ អ៊ីចឹង​ទើប​គេ​កំពុង​ចាំ​មើលថា តើ​នាង​នឹង​បន្ត​ច្រៀង​បទ​បរទេស​បែបនេះ​ក្នុងការ​បង្ហាញខ្លួន​លើក​ក្រោយ ឬ​ប្ដូរ​ជំហរ​ច្រៀង​បទ​ខ្មែរ ដើម្បី​បន្សាប​ការរិះគន់​ដែល​កាន់តែ​រសើប​នាពេលនេះ​។​

 

​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ទទូច​ឲ្យ​នាង​ផ្លាស់ប្ដូរ​សមត្ថភាព​ពី​ធម្មតា​ជាតិ​របស់​នាង ដើម្បី​ឲ្យ​នាង​បកស្រាយ​បទ​ខ្មែរ ឲ្យ​ស្រប​នឹង​ការចង់បាន​របស់​អ្នកគាំទ្រ​។ ក្នុងនោះ មន្ត្រី​រដ្ឋាភិបាល​ផ្សេងទៀត ក៏​ឃើញ​មានការ​បញ្ចេញមតិ ពាក់ព័ន្ធ​នឹង​ជំហរ​របស់​នាង​ដែល​មិនទាន់​ច្រៀង​បទ​ខ្មែរ​នាពេលនេះ​។​

 

​នៅក្នុង​បណ្តាញ​សង្គម​របស់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា បាន​បង្ហោះ​ថា ៖« ថ្ងៃទី ៣០ ឧសភា ២០១៦, ហេតុអ្វី​ក៏​គ្រប់គ្នា​រួមទាំង​អ្នកកាន់អំណាច​ផង ចេះតែ​រួមគ្នា​ដាក់​សម្ពាធ​ឲ្យ រ៉េត សូ​ហ្សា​ណា ប្តូរ​ទេពកោសល្យ​ធម្មជាតិ ? វា​ជា​អំពើ​ផ្តាច់ការ​គាបសង្កត់​សិទ្ធិសេរីភាព​ធម្មជាតិ បើ​ជនណាម្នាក់​អាង​អំណាច ឬ​ក្រុម​ណា​ដាក់​សម្ពាធ​ឲ្យ​បង្ខំ​ឲ្យ​មនុស្ស​ម្នាក់​បោះបង់​ទេពកោសល្យ​នៃ​សមត្ថភាព​ធម្មជាតិ​រប​ស់​គេ​..!

 

​ប្អូនស្រី រ៉េត សូ​ហ្សា​ណា គឺ​ប្រើ​ទេពកោសល្យ​ធម្មជាតិ​របស់ខ្លួន​ឡើង​ប្រកួត​លើ​វេទិកា The Voice Cambodia មិនមែន​ប្រើ​ទេពកោសល្យ​របស់​អ្នក​ស្តាប់ ឬ​របស់​អ្នកគាំទ្រ​យកទៅ​ប្រកួត​ទេ​។ ដូចនេះ​បើ​ត្រឹមតែ​ជា​អ្នក​ស្តាប់ ឬ​អ្នកគាំទ្រ គឺ​មិនត្រូវ​ប្រើ​សម្ពាធ​ឬ​អំណាច​របស់ខ្លួន​ទៅ​បង្ខំ​ដោយផ្ទាល់ ឬ​ប្រយោល​ឲ្យ​បេក្ខជន​ម្នាក់​ប្តូរ​ទេពកោសល្យ​ធម្មជាតិ​របស់គេ មក​ធ្វើតាម​ការចង់បាន​រប​ស់​ខ្លួន​នោះឡើយ​។ សំឡេង​ធម្មជាតិ និង​ទេពកោសល្យ​ធម្មជាតិ​របស់​ប្អូនស្រី រ៉េត សា​ហ្សូ​ណា គឺ​សម្រាប់​ឲ្យ​នាង​ច្រៀង​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស ហើយ​បើ​ខ្លួន​មិនចេះ​ស្តាប់ ម្តេចក៏​មិន​រៀន​ ​ហេតុអ្វី​ក៏ត្រូវ​ប្រើ​ការដាក់​សម្ពាធ​ឲ្យ​ក្មេងស្រី​ម្នាក់​ប្តូរ​ទេពកោសល្យ​ធម្មជាតិ​របស់​នាង​មក​បំពេញចិត្ត​របស់ខ្លួន​?

រ៉េត ស៊ូ​ហ្សា​ណា ធ្វើ​ឲ្យ​រាជកា និង​ប្រធាន​គណបក្សនយោបាយ​ឈឺឆ្អាល​

​សេរីភាព និង​ទេពកោសល្យ​ពី​ធម្មជាតិ​របស់​មនុស្សម្នា​ក់ៗ ជា​សិទ្ធិអំណាច​ផ្ទាល់ខ្លួន​របស់​មនុស្សម្នា​ក់ៗ​រៀងៗ​ខ្លួន តាំងពី​ថ្ងៃ​កើត​រហូតដល់​ថ្ងៃ​ស្លាប់ ! ខ្ញុំ​ក៏​ជា​អ្នក​ចូលចិត្ត​និង​គាំទ្រ​កម្មវិធី The Voice Cambodia ដែរ​តែ​ខ្ញុំ​គាំទ្រ​ឲ្យ​ប្អូនស្រី រ៉េត សា​ហ្សូ​ណា បន្ត​ប្រើ​សមត្ថភាព និង​ទេពកោសល្យ​ធម្មជាតិ​របស់ខ្លួន​តាម​តុង​ទឹកដម​ធម្មជាតិ​របស់ខ្លួន​ដើម្បី​ប្រកួត​យកជ័យ​ជំនះ​។ មិនត្រូវ​ព្រោះតែ​បំពេញចិត្ត​អ្នក​ស្តាប់ ឬ​បំពេញចិត្ត​អ្នកកាន់អំណាច ហើយ​លះបង់​ចោល​ទេពកោសល្យ​ធម្មជាតិ ទៅ​ច្រៀង​បទ​ដែល​ខ្លួន​ច្រៀង​មិនកើត​នោះទេ​។​

 

​មហាជន​ភាគច្រើន បាន​កត់សម្គាល់ថា រ៉េត ស៊ូ​ហ្សា​ណា គឺជា​បេ​ក្ខ​នារី The Voice Cambodia ទី​១ ដែល​ធ្វើ​ឲ្យ​រសើប​ដល់​ថា្នក់​ដឹកនាំ និង​ស្រទាប់​មហាជន ដោយមាន​ទាំង​ការរិះគន់ និង​ការសរសេរ​កើតឡើង​ព្រម​គ្នា​យ៉ាង​កម្រ បើ​ធៀប​នឹង​បេក្ខជន​បេ​ក្ខ​នារី​ជាច្រើន​ទៀត បាន​ចូលខ្លួន​នៅក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​នេះ​៕

 

រ៉េត ស៊ូ​ហ្សា​ណា ធ្វើ​ឲ្យ​រាជកា និង​ប្រធាន​គណបក្សនយោបាយ​ឈឺឆ្អាល​