ចិន​តវ៉ា​ទៅ​ឥណ្ឌូណេស៊ី​ជុំ​វិញ​ការ​ឃាត់​ទូក​នេសាទ​ខ្លួន​

ប្រទេសចិនកាលពីថ្ងៃចន្ទម្សិលមិញបានអះអាងថា ទូកនេសាទចិនមួយគ្រឿងដែលអាជ្ញាធរឥណ្ឌូណេស៊ីចាប់ឃាត់ទុកនោះបាននេសាទដោយស្របច្បាប់ ដែលនេះគឺជាការផ្ទុះឡើងនូវភាពតានតឹងថ្មីមួយទៀតរវាងប្រទេសទាំងពីរនៅសមុទ្រចិនខាងត្បូង។

ចិន​តវ៉ា​ទៅ​ឥណ្ឌូណេស៊ី​ជុំ​វិញ​ការ​ឃាត់​ទូក​នេសាទ​ខ្លួន​

មន្ត្រីយោធាបានឲ្យដឹងថា កងទ័ពជើងទឹកឥណ្ឌូណេស៊ីបានចាប់ឃាត់ទូកនេសាទចិនមួយគ្រឿងនៅក្នុងដែនទឹកជិតកោះណាទូណាកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយអាជ្ញាធរប្រទេសនេះអះអាងថាទូកនោះបានចូលនេសាទដោយខុសច្បាប់។ ទូកនេសាទនោះត្រូវបានគេនាំយកទៅច្រាំងសមុទ្រ ហើយក្រុមនាវិកចិន៨នាក់ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីឃាត់ខ្លួន។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាក្រុងហ្សាកាតានិងប៉េកាំងបានមានជម្លោះនឹងគ្នាជុំវិញកោះនានា ស្ថិតនៅភាគនិរតីនៃតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូងជាទីដែលចិនក៏កំពុងមានវិវាទផងដែរជាមួយបណ្ដាប្រទេសជាច្រើនទៀតដោយសារតែតំបន់ត្រួតស៊ីគ្នានេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បានអះអាងថាទូកនោះធ្វើប្រតិបត្តិការដោយស្របច្បាប់។

លោកស្រីថ្លែងក្នុងសន្និសីទកាសែតដ៏ខ្លីមួយថា អ្នកនេសាទជនជាតិចិនទាំងនោះបាននេសាទតាមធម្មតានៅលើដែនទឹករបស់ចិន ហើយចិនបានបង្ហាញបញ្ហានេះទៅភាគីឥណ្ឌូណេស៊ី។

មន្ត្រីកងទ័ពជើងទឹកឥណ្ឌូណេស៊ីបាននិយាយថានាវាចិននោះត្រូវបានគេសង្ស័យថាបាននេសាទដោយខុសច្បាប់។

អ្នកនេសាទបរទេសក្នុងចំនួនកាន់តែច្រើនត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីឃាត់ខ្លួន បន្ទាប់ពីក្រុងហ្សាកាតាបានចាប់ផ្ដើមប្រតិបត្តិការបង្ក្រាបដ៏តឹងរ៉ឹងមួយទៅលើការនេសាទខុសច្បាប់ចាប់តាំងពីឆ្នាំ២០១៤មក។ ទូកនេសាទខុសច្បាប់ជាច្រើនត្រូវបានអាជ្ញាធរប្រទេសនេះដុតបំផ្លាញចោល៕

ប្រភពៈ VOD