លោក អេង ​ឆៃអ៊ាងថា ​លោក កឹម សុខា ​កំពុងនៅក្នុង​ស្នាក់ការបក្ស

រាជធានីភ្នំពេញ ៖​ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ​ លោក អេង ឆៃអ៊ាង​ ​បា​នបញ្ជាក់ថា ​ប្រធានស្តីទី​គណបក្សសង្រ្គោះជាតិ លោក កឹម សុខា​ កំពុងស្នាក់នៅក្នុង​ទីស្នាក់ការកណ្តាល​គណបក្ស​និងមានសុខភាព​ល្អធម្មតារឹងមាំនោះថែមទៀត ។

ថ្លែងសារនយោបាយ​ទៅកាន់ក្រុមសកម្មជននិង​អ្នកគាំទ្រនៅទីស្នាក់ការ​កណ្តាលគណបក្សសង្រ្គោះជាតិ​ក្នុងសង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃទី៣១ ឧសភា​ ២០១៦ ​លោក អេង ឆៃអ៊ាង​ បានបន្ថែមថា ​លោក កឹម សុខា ​រឹតតែមានកម្លំាង​ចិត្តតស៊ូនិងមិនខ្វល់​ពី​រឿងអ្វី​ ​​ដោយសារតែ​ក្រុមសកម្មជន​និងអ្នកគំាទ្រមកដេក​តាមដានឃ្លំាមើល​ករណីមានការចាប់ខ្លួន​លោក កឹម សុខា អស់រយៈពេល​៦ថ្ងៃកន្លងមកនេះ ។

កាលពីថ្ងៃទី៣០ឧសភាម្សិលមិញ​ សមាជិកសមាជិកា​រដ្ឋសភារបស់បក្សកាន់អំណាច៦៨រូប​បាន​លើកដៃបោះឆ្នោត​ជាឯកច្ឆ័ន្ទ​ដើម្បី​បើកផ្លូវឲ្យសមត្ថកិច្ច​និងតុលាការបន្តនីតិវិធី​ចាត់ការលោក កឹម សុខា​ ក្នុងសំណុំរឿងផ្លូវភេទ​ ប៉ុន្តែគិតត្រឹមវេលា​ម៉ោង២និង៤០​នាទី​រសៀលថ្ងៃទី៣១ ​ឧសភា ២០១៦​ លោក កឹម សុខា​ មិនទាន់ត្រូវបានតុលាការ​បន្ត​ចាត់ការបែបណា ​ឬ ក៍ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​នោះ​នៅ​ឡើយដែរ ៕