សមាគម​អភិបាលក្រុង​និយាយ​ភាសា​បារាំង​រួម​គ្នា​អភិរក្ស​បេ​តិ​ភណ្ឌ​ទីក្រុង​បុរាណ

រាជធានី​ភ្នំពេញ ៖ រាជធានី​ភ្នំពេញ​បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ស្តី​ពី «​ការ​ផ្តល់​តម្លៃ​លំហ​សាធារណៈ​នៅ​ក្នុង​ទីក្រុង​បេ​តិ​ភណ្ឌ​ពិភពលោក​ប្រវត្តិសាស្ត្រ​» ដើម្បី​រួម​គ្នា​អភិរក្ស​ទីក្រុង​បុរាណ និង​ធ្វើ​ទំនើប​កម្ម​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​ដែល​មាន​សក្តានុពល​ដល់​ផ្នែក​សេដ្ឋកិច្ច​។

កិច្ចប្រជុំ​នេះ មាន​រយៈពេល​៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៣១ ឧសភា នេះ​ទៅ ដោយ​មានការ​ចូលរួម​ពី​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ដែល​ជា​ម្ចាស់ផ្ទះ ឯកអគ្គរដ្ឋទូត​ប្រទេស​បារាំង​ប្រចាំ​កម្ពុជា សមាគម​អន្តរជាតិ អភិបាល​ប្រើប្រាស់​ភាសា​បារាំង (AIMF) តំណាង​អង្គការ​យូ​ណេ​ស្កូ (UNESCO) គណៈប្រតិភូ​ក្រុង​ហ្លួង ព្រះ​បាង​ប្រទេស​ឡាវ ទីក្រុង​ហូ​ជី​មិ​ញ និង​ទីក្រុង​ហ្វេ នៃ​ប្រទេស​វៀតណាម អាជ្ញាធរ​ខេត្តសៀមរាប ខេត្តកំពត​នៃ​ប្រទេស​កម្ពុជា តំណាង​ក្រសួង​ស្ថាប័ន​ជាតិ អង្គការ​សង្គម​ស៊ី​វិល និង​វិស័យ​ឯកជន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​រូប​ទៀត ។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ខាងលើ​នេះ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ លើក​ឡើង​ថា រាជធានី​ភ្នំពេញ​ជាទី​ក្រុង​ចំណាស់​មួយ​ដែល​មាន​ស្ថានភាព​មិន​ខុស​ពី​បណ្តា​ទីក្រុង​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ដទៃ ក្នុង​តំបន់ និង​ពិភពលោក​ដែល​មានការ​គិតគូ​អំពី​សំណង់​បេតិកភណ្ឌ​ក្នុង​ទីក្រុង បញ្ហា​លំហ​សាធារណៈ នគរូបនីយកម្ម និង​ការ​ពង្រីក​ទីក្រុង ដោយ​ធ្វើការ​បន្ស៊ី​គ្នា​រវាង​ស្ថាបត្យកម្ម​បែប​បុរាណ និង​ស្ថាបត្យកម្ម​បែប​ទំនើប ដើម្បី​រក្សា​បាន​នូវ​អត្តសញ្ញាណ​នៃ​ទីក្រុង​ប្រវត្តិសាស្ត្រ​។ លោក​បន្ត​ថា រាជ​ធានី​​ភ្នំពេញ ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៤៣២ ដោយ​មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​ត្រង់​ចំណុចប្រសព្វ​នៃ​ទន្លេចតុមុខ លក្ខណៈ​ពិសេស​នៃ​ការ​រៀបចំ​ប្លង់​គោល​នា​សម័យ​នោះ គឺ​មានការ​បែងចែក​ពី​លំហ​សាធារណៈ និង​ដីធ្លី​ដែល​ជា​កម្មសិទ្ធិឯកជន មាន​ដូច​ជា  សារមន្ទីរ​ជាតិ ពហុ​កីឡដ្ឋាន​ជាតិ មហាវិថី តិ​រវិ​ថី សួនច្បារ ផ្សារ​រដ្ឋ លំនៅ​ឋាន​ជាដើម​។

លោកប៉ា សុ​ជាតិ​វង្ស មាន​ប្រសាសន៍​ទៀត​ថា សម្បត្តិ​បេតិកភណ្ឌ​ក្នុង​ទីក្រុង​បាន​និង​កំពុង​ស្ថិត​ក្រោម​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន វិស័យ​ឯកជន អង្គការ​ជាតិ និង​អន្តរជាតិ ព្រមទាំង​មនុស្សជាតិ​ទូទៅ នៅ​ក្នុង​តំបន់ និង​សកលលោក ដើម្បី​រួម​គ្នា​លើក​ស្ទួយ ថែរក្សា ការពារ និង​ផ្តល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ការ​អភិវឌ្ឍ​បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី​យ៍ និង​អរូបី​យ៍ គឺ​ទាមទារ​ការ​ធ្វើ​សមាហរណកម្ម​ធនធាន​ឲ្យ​មាន​ភាព​ទំនើប ។ បច្ចុប្បន្ន​ភ្នំពេញ​មាន​ទំហំ​ផ្ទៃដី​សរុប​៦៧៨​គីឡូ​ម៉ែត្រ​ការ៉េ ចែក​ជា​១២​ខណ្ឌ មាន​៩៦​សង្កាត់ ដោយ​មាន​ប្រជាជន​រស់នៅ​អចិន្ត្រៃយ៍​ប្រមាណ​ជា​១,៦​លាន​នាក់ និង​មាន​ប្រជាជន​ស្នាក់​នៅ​បម្រើ​ការងារ​ជាង​៨​សែន​នាក់​។ លោក​អភិបាល​មាន​ប្រសាសន៍​ថា រាជធានី​ភ្នំពេញ​កំពុង​ទទួល​រង​សម្ពាធ​នគរូបនីយកម្ម កំណើន ប្រជាសាស្ត្រ ការ​ពង្រីក​ទីក្រុង ជា​ពិសេស​កំពុង​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​ថ្មី​នៃ​ការ​អភិវឌ្ឍ​តាម​បែប​ទំនើប​។

លោក ប៉ា សុ​ជាតិ​វង្ស បាន​បញ្ជាក់​ថា លំហ​សាធារណៈ សំណង់​បេតិកភណ្ឌ អគារ​ចាស់​ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ក្លាយទៅជា​សម្បត្តិ​ឯកជន និង​កំពុង​ប្រឈម​ទៅ​នឹង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង ដោយសារ​ការ​កើនឡើង​នូវ​តម្លៃ​អចលនទ្រព្យ បើ​ទោះបីជា​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​តាម​រយៈ​ការ​កំណត់​តំបន់​អភិរក្ស​ក្នុង​ខណ្ឌដូនពេញ ការ​កំណត់​កម្ពស់​អគារ​ជុំវិញ​តំបន់​រមណីយដ្ឋាន និង​តំបន់​បេតិកភណ្ឌ​សំខាន់​ៗ​ជា​ច្រើន​ទៀត​ក៏​ដោយ ។

លោកស្រី អា​រី​អាន​ណា អារ​ដេ​ស៊ី (Arianna Ardesi) ទីប្រឹក្សា​អចិន្ត្រៃយ៍​នៃ​សមាគម​អន្តរជាតិ​អភិបាល​ប្រើប្រាស់​ភាសា​បារាំង​បាន​ជំរុញ​ឲ្យ​មានការ​រៀបចំ​ផែនការ​សម្រាប់​ការពារ និង​អភិរក្ស​រាល់​ទីក្រុង​ដែល​មាន​វ័យ​ចំណាស់ ។ លោកស្រី​បាន​ថ្លែង​ថា  យើង​ចង់​ឲ្យ​មានការ​អភិវឌ្ឍ​ទីក្រុង​ដែល​ជា​បេតិកភណ្ឌ​ប្រកបដោយ​ចីរភាព ហើយ​ការ​អភិរក្ស​លំហ​សាធារណៈ គឺជា​កិច្ច​គាំពារ​ដល់​អត្តសញ្ញាណ​របស់​ទីក្រុង ឬ​ក៏​ប្រទេស​នីមួយ​ៗ ។ ដូច្នេះ​យើង​អាច​ជំរុញ​ឲ្យ​មានការ​ចូលរួម និង​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ដែនដី ដើម្បី​ធានា​ថា តំបន់​បេតិកភណ្ឌ​ដែល​កំពុង​រស់នៅ​ទាំងនោះ​មិន​ត្រូវ​បាត់បង់ ។ លោកស្រី អា​រី​អាន​ណា អារ​ដេ​ស៊ី បាន​បញ្ជាក់​ថា សមាគម​អន្ដរជាតិ​អភិបាល​ប្រើប្រាស់​ភាសា​បារាំង (AIMF) គឺជា​ប្រតិបត្តិ​ករ​ផ្នែក​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៃ​បណ្តា​ទីក្រុង​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ ដែល​មាន​បេសកកម្ម​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សុខភាព ការ​អប់រំ និង​ការ​អភិរក្ស​បេតិកភណ្ឌ​ជាដើម ។

គួរ​រំលឹក​ថា រាជធានី​ភ្នំពេញ បាន​ចូល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​សមាគម​នេះ​ក្នុង​ឆ្នាំ​១៩៩០ និង​បើក​កិច្ចប្រជុំ​លើក​ដំបូង​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០០៣ ដោយ​បាន​ចូលរួម​ធ្វើ​សកម្មភាព​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​ទីក្រុង​ជា​សមាជិក​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ។ ចំណែក​សំណង់​ដែល​អាច​ចាត់ទុកជា​សំណង់​បេតិកភណ្ឌ​មាន​ផ្សារ​ថ្មី ប្រៃសណីយ៍ ការិយាល័យ​អង្គការ ស្ថានីយ​រា​ជាយ​ស្ម័​យាន រមណីយ៍ដ្ឋាន​វត្ត​ភ្នំ ព្រះ​បរមរាជវាំង ធនាគារជាតិ សាលា​រាជធានី​ភ្នំពេញ បណ្តា​ល័យ​ជាតិ  ធនាគារជាតិ សារមន្ទីរ​ជាតិ ក្រសួង​ប្រៃសណីយ៍ ក្រសួងយុត្តិធម៌ វិមាន​ឯករាជ្យ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ជាដើម ៕