ឆេះ​ឃ្លាំង​គ្រាប់​ធំ​មួយ​នៅ​ប្រទេស​ឥណ្ឌា​ស្លាប់​យ៉ាងតិច​17​នាក់

អគ្គិភ័យ​យ៉ាង​ធំ​មួយ​កើត​មាន​ក្នុង​ឃ្លាំង​គ្រាប់​ធំ​មួយ​របស់​កងទ័ព​ឥណ្ឌា កាលពី​ថ្ងៃ​ទី​៣១ ឧសភា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៧​នាក់ និង​របួស​១៩​នាក់ ។ រូបភាព​ទាំងឡាយ​ផ្សាយ​តាម​ទូរទស្សន៍​បង្ហាញ​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ។

អគ្គិភ័យ​នេះ​កើត​មាន​ក្នុង​ឃ្លាំង​គ្រាប់​មួយ​ដែល​មាន​កិច្ច​ការពារ​សន្តិសុខ​ម៉ឺងម៉ាត់ ព្រោះ​ជា​កន្លែង​ស្តុក​អាវុធ និង​គ្រាប់រំសេវ​ជា​ច្រើន​តោន ស្ថិត​នៅ​ជិត​ទីក្រុង NAGPUR ភាគ​កណ្តាល​ឥណ្ឌា ។

លោក​ស្មី​តា ប៉ា​ទីល អ្នក​ទទួលខុសត្រូវ​ប៉ូលិស​ស្រុក​វ៉ា​ដា ដែល​មាន​វត្ត​មាននៅ​កន្លែង​មាន​ភ្លើង​ឆេះ​អះអាង​ប្រាប់ AFP ថា មនុស្ស​១៧​នាក់​ស្លាប់ ហើយ​១៩​នាក់​ទៀត​រង​របួស តែ​អាច​ចៀស​ផុត​ពី​ការ​ស្លាប់ ។ ប្រតិបត្តិការ​នៅ​បន្ត​តែ​ភ្លើង​អាច​ត្រួតត្រា​បាន​ហើយ ។ មនុស្ស​ជា​ច្រើន​ពាន់​គ្រួសារ​ដែល​រស់នៅ​ក្នុង​បណ្តា​ភូមិ​ជិត​ឃ្លាំង​គ្រាប់​នេះ ត្រូវ​បាន​ជម្លៀស​ចេញ​ខ្លាច​ការ​ផ្ទុះ​គ្រាប់​នាំ​ឱ្យ​មាន​គ្រោះថ្នាក់ ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ឥណ្ឌា PRESS TRUST OF INDIA ថា នាយទាហាន​២​នាក់ ស្ថិត​ក្នុង​ចំណោម​ទាហាន​ទាំង​១៧​នាក់​ដែល​ស្លាប់ ចំណែក​ទូរទស្សន៍ NDTV រាយការណ៍​ថា ភ្លើង​ឆាបឆេះ​ខ្លាំង​លាយ​នឹង​ការ​ផ្ទុះ ។

អគ្គិភ័យ​នេះ​កើត​មាន​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ហើយ​អាច​ពន្លត់​ឈ្នះ​រហូត​ដល់​ម៉ោង​៦​និង​១៥​នាទី ។ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​ន​ដ្រា ម៉ូ​ឌី តាម TWITTER សម្តែង​ក្តី​ក្រៀមក្រំ​ចំពោះ​ការ​បាត់បង់​ជីវិត​មនុស្ស​ទាំងនេះ ។ លោក​ថា នេះ​ជា​ឧប្បត្តិហេតុ​គួរ​ឱ្យ​សោកសៅ​ដោយ​មនុស្ស​របស់​យើង​ជា​ច្រើន​ត្រូវ​ស្លាប់​ក្នុង​ភ្លើង ។

កាលពី​ឆ្នាំ​២០០៧ នៅ​តំបន់​កា​ស្មៀ​រ​ឥណ្ឌា ភ្លើង​បាន​ឆាបឆេះ​បំផ្លាញ​ឃ្លាំង​គ្រាប់រំសេវ​មួយ ញ៉ាំង​ឱ្យ​មានការ​ផ្ទុះ​គ្រាប់កាំភ្លើង​ធំ និង​គ្រាប់កាំភ្លើង​ត្បាល់​ធ្លាក់​លើ​ភូមិ​ទាំងឡាយ​ស្ថិត​នៅ​ជុំវិញ ។ គ្រោះ​មហន្តរាយ​នេះ​សម្លាប់​មនុស្ស​យ៉ាងតិច​១៧​នាក់ និង​របួស​២០​នាក់ ៕