ថន លក្ខិណា៖ «ខ្ញុំ​​ និង​កែវ សុ​ផេង គឺ​គ្រាន់​តែ​ជា​អ្ន​ក​គាំ​ទ្រ ​ដូច​គេ​ដូច​ឯង ពុំ​មានទំនាក់​ទំនង​អ្វី លើស​ពី​នេះ​ឡើយ»

(ភ្នំពេញ)៖ បន្ទាប់ពីគេហទំព័រ Khmertalking បានចេញផ្សាយនូវអត្ថបទមួយ មានចំណងជើងថា «ថន លក្ខិណា ត្រូវ​គេ​លួច​បង្ហើប​ថា តែង​លួច​ទាក់​ទង​គ្នា ស្ងាត់ៗ​ជា​មួយ​កីឡាករ​ជម្រើស​ជាតិ កែវ សុផេង» ចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ រួចមក តារាសម្ដែង និងជាពិធីការិនី ពោរពេញដោយប្រជាប្រិយភាព និងសម្រស់ល្អគន់ កញ្ញា ថន លក្ខិណា បានចេញមុនបកស្រាយភ្លាមៗ ទាក់ទងនឹងព័ត៌មានខាងលើនេះថា តាមការពិតរូបនាង ជាអ្នកស្រឡាញ់វិស័យកីឡារ គាំទ្រកីឡា ដូចគេដូចឯងដទៃទៀតដែរ ហើយការគាំទ្រ​ចំពោះកីឡាករ កែវ សុផេង គឺជាការគាំទ្រ និងពេញចិត្តទៅលើសមត្ថភាព នៃការទាត់បាល់របស់រូបគេ ពោលពុំមានទំនាក់ទំនងអ្វី លើសពីការគាំទ្រនោះឡើយ។

តារាសម្ដែងសម្ដីស្រទន់ បង្កប់ដោយមន្តស្នហ៍រយពាន់ ថន លក្ខិណា បានថ្លែងប្រាប់ Khmertalking នៅថ្ងៃនេះ ថា ជាការពិតក្នុងនាមរូបនាង ជាកូនខ្មែរម្នាក់ ត្រូវតែចូលរួមលើកស្ទួយ វិស័យកីឡា ជាពិសេសកីឡារបាល់ទាត់ ហើយរាល់ពេលមានព្រឹត្តិការណ៍ ប្រកួតធំៗម្ដងៗ នាងតែងតែទៅចូលរួមគាំទ្រ ដូចជាបងប្អូន អ្នកគាំទ្រទូទៅដែរ ។ ប៉ុន្តែពេលមាន​ព័ត៌មានបែបនេះ កើតឡើង បានធ្វើឲ្យ​ប៉ះពាល់អារម្មណ៍របស់នាង លែងចង់បន្តគាំទ្រវិស័យ​ បាល់ទាត់តទៅទៀត ហើយកីឡាករ កែវ សុផេង ក៏ប៉ះពាល់អារម្មណ៍ដែរ ពេលបាន​ឃើញ​រឿងនេះ។

ស្រីស្រស់ ថន លក្ខិណា ​និយាយថា «ខ្ញុំ និងកីឡាករ កែវ សុផេង គ្មានទាក់ទងអ្វីនឹងគ្នាទេ ខ្ញុំគ្រាន់តែជាអ្នកគាំទ្រធម្មតា ដូចគេដូចឯងប៉ុណ្ណោះ ក្នុងនាមខ្ញុំជាកូនខ្មែរ ខ្ញុំត្រូវតែលើកទឹកចិត្ត កីឡាករខ្មែរ ដើម្បីឲ្យទទួលបានជ័យជំនះ ហើយក៏មានតារាខ្មែរ ជាច្រើនទៀត ចូលរូមគាំទ្រដែរ ដូច្នេះសុំកុំគិតបែបនេះ..!»។

យ៉ាងណាមិញ តារាសម្ដែង និងជាពិធីការិនី កំពុងតែក្ដោបក្ដាប់ ប្រជាប្រិយភាពពេញដៃ កញ្ញា ថន លក្ខិណា បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា សូមឲ្យមហាជន កុំមានការយល់ច្រឡំ ព្រោះការពិត កីឡាករ កែវ សុផេង ក៏មានសង្សាររួចទៅហើយដែរ ហើយនាងពិតជាគាំទ្រកីឡាករ ជម្រើសជាតិកម្ពុជារូបនេះ ដែលលេងបាល់​បានល្អ ប្រៀបបីដូចជាបងប្អូន ទស្សនិកជនគាំទ្រ តារាចម្រៀង តារាសម្ដែង ដែលខ្លួនស្រឡាញ់ នូវទេពកោសល្យរបស់ពួកគេ ដូចៗគ្នា ។

សូមបញ្ជាក់ថា ការលេចធ្លាយព័ត៌មានសង្ស័យថា តារាសម្ដែង ថន លក្ខិណា មានទំនាក់ទំនង លើសពីអ្នកគាំទ្រធម្មតា ជាមួយនឹងកីឡាករ កែវ សុផេង គឺបន្ទាប់ពីកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តការណ៍ប្រកួត លក្ខណៈមិត្តភាពអន្តរជាតិ ជាមួយនឹងក្រុមកីឡាករនៃប្រទេស ទីម័រ​ ដោយជាលទ្ធផលក្រុមកីឡាករ នៃប្រទេសកម្ពុជា ធ្វើបានយ៉ាងល្អ គឺយកឈ្នះក្រុមកីឡាករ ទីម័រ ក្នុងលទ្ធផល២ទល់នឹង០ ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្ត យ៉ាងខ្លាំង។

ជាមួយគ្នានេះ គេក៏បានឃើញតារាសម្ដែង និងជាពិធីការិនី កញ្ញា ថន លក្ខិណា បានចំណាយពេលវេលា ដ៏មានតម្លៃ និងទិញអាវជម្រើសជាតិពាក់ ដើម្បីទៅចូលរួមគាំទ្រលើកទឹកចិត្ត ដល់កីឡាករកម្ពុជា នៅកីឡដ្ឋានជាតិអូឡាំពិក ក្នុងនោះ កីឡាករ កែវ សុផេង គឺកីឡាករក្នុងបេះដូងរបស់នាង ប៉ុន្តែនាងសូមបញ្ជាក់ថា នេះគ្រាន់តែជាការគាំទ្រ ការលើកទឹកចិត្ត ក្នុងនាមនាងស្រឡាញ់វិស័យកីឡារប៉ុណ្ណោះ ពុំមានអ្វីលើសពីនេះឡើយ៕

ប្រភព ៖
Khmer Talking

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា ពិតជារឿងមួយគួរ​ឲ្យភ្ញាក់ផ្អើលខ្លាំង សម្រាប់តារាសម្ដែង​ និងជាពិធីការិនីដ៏​ស្រស់សោភា កញ្ញា ថន លក្ខិណា ខណៈដែលថ្មីៗនេះ នាងបែរជាលេចធ្លាយរឿងរ៉ាវ ស្នេហ៍ដោយសារតែប្រភពបង្ហើបថា សព្វថ្ងៃនាងកំពុងតែមានទំនាក់ទំនង យ៉ាងចម្លែក​ជាមួយនឹងកីឡាករឆ្នើម ជម្រើសជាតិរបស់កម្ពុជា គឺកីឡាករ កែវ សុផេង ព្រោះនាងតែងតែផ្ញើសារ ឬឆាតចង់ជួប កីឡាកររូបនេះ តាមរយៈបណ្ដាញសង្គម Facebook ដើម្បីបានជួបមុខគ្នា ។

ជាការពិត នាពេលកន្លងមក ស្រីស្រស់ ថន លក្ខិណា ត្រូវបានគេមើលឃើញថា ជាតារាសម្ដែងស្រីម្នាក់​ មិនសូវមានរឿងអាស្រូវ​ បែកធ្លាយទាល់តែសោះ ទាក់ទងនឹងស្នេហា ឬប្រុសឈ្មោល​ តាំងពីនាងប្រឡូកសិល្បៈមក ។ ក្រៅពីនេះនាងជាតារាសម្ដែង​ម្នាក់ មិនដែលចោលកម្មវិធីអ្នក​សិល្បៈណាម្នាក់ឡើយ មិនថាល្បី ឬមិនល្បី នាងតែងតែផ្ដល់វត្តមានជានិច្ច ព្រោះនាងជាតារា ដែលមានអធ្យាស្រ័យល្អបំផុត ។

ថ្មីៗមានរឿងរ៉ាវដ៏រសើបថ្មីមួយសម្រាប់​ តារាសម្ដែង ថន លក្ខិណា ថា នាងកំពុងលង់ស្នេហ៍កីឡាករបាល់ទាត់​ដ៏ល្បីល្បាញ​ គឺលោក កែវ សុផេង ដែលធ្វើឲ្យកក្រើក មិនតិចទេ ព្រោះនាងជាស្រីស្អាតម្នាក់ដែរ ខណៈដែលកន្លងមកតារាសម្ដែងស្រី ជាច្រើនពុំធ្លាប់មានរឿងស្នេហា ជាមួយកីឡាករណាម្នាក់ទេ ពោលមានតែបង្ហាញទឹកចិត្តគាំទ្រ។

ប្រភពពីកីឡាករជម្រើសជាតិម្នាក់ បានទម្លាយប្រាប់ Khmertalking ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា មិនមែនជារឿងថ្មីទេ ដែល ថន លក្ខិណា ចេញមុខគាំទ្របាល់ទាត់ខ្មែរ ព្រោះនាងជាតារាស្រីលេចធ្លោរ នៅពេលបច្ចុប្បន្ន ប៉ុន្តែរឿងដែលចម្លែក ជារឿយៗក្រោយពេល​បញ្ចប់ព្រឹត្តិការណ៍ទាត់បាល់ម្ដងៗ នាងតែងតែឆាត(ផ្ញើសារ) មករកលោក កែវ សុផេង​ ថាចង់ជួប និងថតរូប ព្រោះនាងជាអ្នកគាំទ្រ ។ ប៉ុន្តែក្រោយៗមក ថន លក្ខិណា ហាក់ដូចជាបញ្ចេញ​សកម្មភាពដដែលៗ រហូតដល់ជាប់ពិរុទ្ធគួរ​ឲ្យសង្ស័យថា នាងមានទំនាក់ទំនង​លើសពីអ្នកគាំទ្រធម្មតា ខណៈកីឡាករបាល់ទាត់ កែវ សុផេង ហាក់មិនទាន់បានអើពើជាមួយរឿងនេះ ព្រោះលោកហាក់មិនសូវ មានចំណាប់អារម្មណ៍​លើតារា ។

ជារឿងគួរឲ្យខ្មាស់អៀន បើសិនខាងប្រុសបដិសេធស្នេហ៍ ថន លក្ខិណា ព្រោះ​ជាស្រីខំបង្ហាញឬកពារប៉ុណ្ណឹងហើយ ខាងប្រុសមិនប្រណីពិតជា អាក្រក់មើលខ្លាំងណាស់។

តារាសម្ដែង​ ថន លក្ខិណា មិនអាចសុំការបំភ្លឺបានទេថា នាងពិតជាមានការទាក់ទង ខុសពីប្រក្រតី ជាមួយ កែវ សុផេង កីឡាករបាល់ទាត់ជម្រើសជាតិ មុខស្អាតរាងសង្ហាមែន ឬយ៉ាងណា ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload