ចាប់ខ្លួន​អ្នកលក់​អ្នកទិញ​គ្រឿងញៀន​បាន​ពីរ​នាក់ ​នៅ​ក្នុង​ចម្ការ​ពោត

ចាប់ខ្លួន​អ្នកលក់​អ្នកទិញ​គ្រឿងញៀន​បាន​ពីរ​នាក់ ​នៅ​ក្នុង​ចម្ការ​ពោត



កណ្តាល ៖ មុខសញ្ញា​លក់​និង​ទិញ​គ្រឿងញៀន​ពីរ​នាក់​ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ចម្ការ​ពោត ​ភូមិ​តា​លន់​ ឃុំ​តា​លន់ វេលា​ម៉ោង ០០,១៥​នាទី​ ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៦​។

លោក​វរសេនីយ៍ទោ សេង សុជាតិ​អធិការ​នគរបាល​ស្រុក​ស្អាង​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​ឃាត់​នោះ​គឺ​១- ឈ្មោះ ផា សុភ​ក្ត្រ័ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង។ ២- ឈ្មោះ ណី វ៉ាន់ ហៅ​ឌី ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។

លោក​អធិការ​បញ្ជាក់​ថា ​វត្ថុតាង​ចាប់បានមាន​ ​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ថា​ គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ០២​កញ្ចប់​តូច ទូរស័ព្ទ ០១​គ្រឿង ម៉ាក​ណូគារ ដែកកេះ ០១ កន្ត្រៃ​យ ០១ និង​ម៉ូតូ​ចំនួន ១​គ្រឿង ម៉ាក​ហុងដា (wave) សេ​110 ពណ៌​ខ្មៅ ស្លាក​លេខ 1BW.9720 ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​អធិការ​ថា នៅ​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៦ វេលា​ម៉ោង ០០,១៥​នាទី ក្រោយពេល​សមត្ថកិច្ច​ប៉ុស្តិ៍​តា​លន់ ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ​មាន​អំពើ​ជួញដូរ​គ្រឿង​ញៀន​នៅ​ភូមិ​តា​លន់ ​ភ្លាម​នោះ​សមត្ថកិច្ច​បាន​ឃ្លាំចាំ​នៅ​ចំណុច​ចម្ការ​ពោត​ ហើយ​ឃើញ​ជន​សង្ស័យ​ទាំង​២​ខាងលើ​ ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ ក៏បាន​ឃាត់ខ្លួន​អ្នក​ទាំង​២​រួមទាំង​វត្ថុតាង​ខាងលើ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ឈ្មោះ ​ផា​ សុភ​ក្ត្រ័​ បាន​សារភាព​ថា ​ខ្លួន​ទិញ​គ្រឿងញៀន (​ម៉ា​ទឹកកក​) ពី​គេ​មិន​ស្គាល់​ឈ្មោះ​នៅ​ពេទ្យ​លោកសង្ឃ (​ភ្នំពេញ​) ចំនួន​១០​ម៉ឺន​រៀល ខ្ចប់​បាន​ចំនួន​៤​កញ្ចប់​តូច លក់​ទៅ​ឲ្យ​ឈ្មោះ ណី វ៉ាន់ ចំនួន ២​កញ្ចប់ តម្លៃ ៨​ម៉ឺន​រៀល នៅ​ភូមិ​តា​លន់ ឃុំ​តា​លន់ ដែល​ជា​ស្រុកកំណើត​របស់​ខ្លួន។ ចំណែក​ឈ្មោះ ណី វ៉ាន់ សារភាព​ថា ​ខ្លួន​បាន​ទិញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០២​កញ្ចប់​តូច​ពី​ឈ្មោះ ផា សុភ​ក្ត្រ័ តម្លៃ ៨​ម៉ឺន​រៀល ពិតប្រាកដ​មែន​៕

ចាប់ខ្លួន​អ្នកលក់​អ្នកទិញ​គ្រឿងញៀន​បាន​ពីរ​នាក់ ​នៅ​ក្នុង​ចម្ការ​ពោត