អង្គភាព​ប្រឆាំង​អំពើពុករលួយ ​ឃាត់ខ្លួន​មេធាវី ពេជ្រ រតនា​ ទាក់ទង​នឹង​ការ​យក​លុយពី​កូនក្តី​

អង្គភាព​ប្រឆាំង​អំពើពុករលួយ ​ឃាត់ខ្លួន​មេធាវី ពេជ្រ រតនា​ ទាក់ទង​នឹង​ការ​យក​លុយពី​កូនក្តី​



ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​នាំ​ខ្លួន​មេធាវី​ម្នាក់​ ទៅកាន់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​សួ​នាំ​ពាក់ព័ន្ធ​ករណី​អំពើពុករលួយ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង។

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​នាំ​ខ្លួន​មេធាវី​ម្នាក់​ ទៅកាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​សួរនាំ​ពាក់ព័ន្ធ​ករណី​អំពើពុករលួយ។

លោក​ទេសរដ្ឋមន្ត្រី​បញ្ជាក់ថា អង្គភាព ACU (​អង្គភាព​ប្រឆាំង​អំពើពុករលួយ​) នាំ​ខ្លួន​មេធាវី​នោះ ពាក់ព័ន្ធ​ករណី​មួយ ដែល​ស្ថិត​នៅក្នុង​ដែន​សមត្ថ​កិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ជា​ការ​ងារ​របស់ ACU ។ ទោះជា​យ៉ាងណា​លោក​ទេស​រដ្ឋមន្ត្រី​មិន​ទាន់បាន​បញ្ជាក់​ពី​ឈ្មោះ​មេធាវី​ដដែល​ ត្រូវ​បាន​នាំខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៣១ នោះ​នៅ​ឡើយ​ទេ។

តាម​ប្រភព​ពី​តុលាការ​បាន​ឲ្យ​ដឹង​ថា មេធាវី​ដែល​ត្រូវ​បាន​អង្គភាព ​ប្រឆាំង​អំពើពុករលួយ​ឃាត់​យកទៅ​សួរនាំ​នោះ មានឈ្មោះ ពេជ្រ រតនា ជា​មេធាវី​នៅ​គណៈ​មេធា​វិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​មាន​ប្រពន្ធ​ជា​ក្រឡាបញ្ជី​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​នាំ​ខ្លួន​ទាក់ទង​និង​ការ​យក​លុយ​កូនក្តី​។ តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​នាំ​ខ្លួន​មេធាវី ពេជ្រ រតនា ខណៈ​មេធាវី​រូប​នោះ​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ដើរ​ទៅរក​រថយន្ត​លុច​សីស​៤៧០ របស់​ខ្លួន ដែល​កំពុង​ចត​នៅ​ក្នុង​ស្តា​ត​អូឡាំពិក​៕