ប្តីប្រពន្ធកម្សត់! លុយលក់ទឹកអំពៅបាន ត្រូវយកសងម្ចាស់រថយន្តគេអស់ ដែលជិះបុក គូថរទេះខ្លួនពីក្រោយ (មានវីដេអូ)

ភ្នំពេញ៖ ជីវិតជាអ្នកតស៊ូលំបាកប្រឹងជិះម៉ូតូតត្រុក ពពាយនាយលក់ទឹកអំពៅទាំងកណ្តាលថ្ងៃក្តៅតាមដងផ្លូវ ដើម្បីចិញ្ចឹមជីវិត និងជីវភាពគ្រួសារប្រចាំថ្ងៃទៅហើយនោះ នឹងត្រូវមានសម្ពាធកម្រិតណា ដែលចំណូលរកបានមក នឹងត្រូវយកមកចំណាយលើថ្លៃជួសជុលរថយន្តរបស់គេ ខណៈដែលខ្លួនឯង មិនមែនជាអ្នកប្រព្រឹត្តកំហុសផងនោះ។ 

ជាក់ស្តែង ប្តីប្រពន្ធកម្សត់មួយគូ ត្រូវចប់វាចា ថ្លាថ្លែងអ្វីមិនឈ្នះទឹកមាត់សម្តីម្ចាស់រថយន្ត ដែលជាអ្នកមានទ្រព្យ និងឥទ្ធិពលជាងខ្លួន ដោយមិនអាចប្រើប្រាស់ពាក្យអង្វរកបានឡើយ ក្រៅតែអំពីការធ្វើសកម្មភាពប្រមែលប្រមូលលុយដែលខ្លួនមាន ឲ្យប្រញាប់ ហុចជូនទៅភាគីម្ចាស់រថយន្តដែលរងការខូចខាត ដោយសារតែការប៉ះពារលើទ្រូងផ្លូវមួយកន្លែង ទំនងជានៅក្នុងរាជធានីភ្នំពេញ។

ការលើកឡើងទាំងអម្បាលម៉ាណ យោងទៅលើការរៀបរាប់ ដែលភ្ជាប់ដោយវីដេអូឃ្លីបរយៈពេលកន្លះនាទីមួយថា៖ «ប្តីប្រពន្ធកំសត់ រាប់លុយ ដែលបានមកពីការលក់ទឹកអំពៅទាំងកណ្តាលថ្ងៃ សងរថយន្តគេអស់។ បុរសជាប្តី បានរៀបរាប់ទាំងទឹកមុខស្រពោនថា រថយន្តទំនើប ជាអ្នកបើកមកបុកគូថរទេះគាត់សោះ តែម្ចាស់រថយន្តបែរជាទារអោយគាត់សងថ្លៃខូចរថយន្តចំនួន ១០០ ដុល្លាទៅវិញ។ ដោយតែខ្លាចគេ គាត់សុខចិត្តអង្វរ និងប្រមូលលុយអស់ពីខ្លួន បានតែ ៨ មឺុនរៀលសងគេប៉ុណ្ណោះ។ សូមមើលទិដ្ឋភាពនៅកន្លែងើតហេតុ ហើយពិចារណាចោះ!»។ នេះជាការបង្ហោះផ្សាយដោយទំព័រ  នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពី៣ម៉ោងមុននេះ ថ្ងៃទី៣១ ឧសភា ២០១៦ ដែលទទួលបានការចាប់អារម្មណ៍ មិនក្រោមជាង៣ម៉ឺននាក់នោះទេ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ។

គួរឬមិនគួរ នេះគ្រាន់តែជាការចែករំលែកពីទិដ្ឋភាពជាក់ស្តែងមួយ ឬជ្រុងមួយ ដែលកើតមានក្នុងសង្គម៕ តើប្រិយមិត្ត មានមតិយោបល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម ជាមួយគេហទំព័រខ្មែរឡូតខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត