រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម​សន្យា​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​យោធា

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក Ngo Xuan Lich  ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​បាន​មាន​ប្រសាសន៍​ជម្រាប​សម្តេច​តេ​ជោ ហ៊ុន សែន​ថា លោក​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងការពារជាតិ​កម្ពុជា ហើយ​ថា​វៀតណាម​នឹង​ជួយ​ពង្រឹង​យោធា​កម្ពុជា​តាម​រយៈ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ។

ជា​ការ​ឆ្លើយ​តប​នៅ​ក្នុង​ការ​ចូល​ជួប​សម្តែង​ការ​គួរសម​និង​ធ្វើ​សវនាការ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ដែល​ទើប​បិទ​បញ្ចប់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការ​ថែរក្សា​សន្តិភាព​រួម​គ្នា​គឺជា​អ្វី​ដែល​យើង​ត្រូវធ្វើ ហើយ​ថា​ទោះបី​មានការ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​វៀតណាម ក៍​កម្ពុជា​នៅ​រក្សា​គោល​ជំហរ​កិច្ច​សហប្រតិបត្តិការ​ដែល​ធ្លាប់​មាន​កន្លង​មក ៕