បំផ្លាញ​អនាគត​អស់ហើយ អ្នក​ណា​ទ្រាំ​បាន?

ខេត្តក្រចេះ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​សំបូរ​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ថា​បាន​ចាប់រំលោភ​កូនស្រី​ចុង​អាយុ​១៣​ឆ្នាំ​រហូត​បាន​សម្រេច ដែល​ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ចំណុច​ស្រែ​ល្អក់ ស្ថិត​ក្នុងភូមិ​ស្រែ​ស្បូវ ស្រុក​សំបូ ខេត្តក្រចេះ ។

ប្រភព​ពី​នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ មាស មន អាយុ​៤០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ដូន​មាស ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ត្រូវជា​ឪពុកចុង​របស់​ក្មេង​ស្រី​រង​គ្រោះ​ដែល​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ ។

ប្រភព​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៤​រសៀល ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ ឪពុកចុង​បាន​បបួល​ក្មេង​ស្រី​រង​គ្រោះ​ចូល​ទៅ​កាប់​ឈើ​ធ្វើ​អុស​ដុត​សម្រាប់​ដាំបាយ ។ ក្រោយ​ពេល​ចូល​ដល់​ក្នុង​ព្រៃ​ស្ងាត់​ឪពុកចុង​រូប​នោះ​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ហើយ​គំរាម​ថា​នឹង​សម្លាប់​ចោល​បើសិនជា​ហ៊ាន​យក​រឿង​នេះ​ទៅ​ប្រាប់​ម្តាយ​ទៀត​ផង ។

​ទោះបី​ជា​យ៉ាងណា​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ម្តាយ​ទាំង​អស់ពី​ហេតុការណ៍​ដែល​ឪពុកចុង​ចិត្ត​តិរច្ឆាន​នេះ​បាន​បំផ្លាញ​អនាគត​របស់​នាង ហើយ​ក៏​នាំ​គ្នា​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​រក​យុត្តិធម៌ រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង ៕