ស្ត្រី​ម្នាក់​រង​របួស​ខណៈ​សមត្ថកិច្ច​រារាំង​អ្នក​មាន​ជម្លោះ​ដីធ្លី​ដាក់​ញត្តិ​​ជូន​សាលាក្រុង​ភ្នំពេញ

ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ មក​ពី​សហគមន៍បុរីកីឡា និង ភ្នំ​បាត ជាង១០​នាក់ បរាជ័យ​ក្នុង​ការ​យក​ញត្តិ​ជូន​សាលាក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា។ បរាជ័យ​របស់​ក្រុម​ពលរដ្ឋ​នេះ ដោយសារ​តែ​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​៧មករា និង​កង​នគរបាល​រាជធានី​ភ្នំពេញ រារាំង​ពួក​គាត់​នៅ​ខាង​មុខ​សហគមន៍​បុរី​កីឡា។

កង​កម្លាំង​សន្តិសុខ​ខណ្ឌ​៧មករា និង​កង​នគរបាល​រាជធានី​ភ្នំពេញ ប្រមាណជាង៣០នាក់ បាន​រារាំង​ក្រុម​ពលរដ្ឋ​នៅ​ខាង​មុខ​សហគមន៍​បុរីកីឡា ដោយ​មាន​ការ​រុញ​ច្រាន​គ្នា​ដណ្តើម​យក​ឧបករណ៍​ហែ​ក្បូន​រវាង​អាជ្ញាធរ និង​ពលរដ្ឋ​ទៅ​វិញ​ទៅ​មក​ផង​នោះ បាន​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​មក​ពី​សហគមន៍​បុរី​កីឡា រង​របួស​ស្រាល។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី ឆាយ គឹមហ៊ន សោកស្ដាយ​ដែល​ក្រុម​អាជ្ញាធរ​រារាំង​ពួក​គាត់ មិន​ឲ្យ​ដាក់​ញត្តិ​ជូន​សាលាក្រុង​ភ្នំពេញ ព្រោះ​គោល​បំណង​របស់​ពលរដ្ឋ​នៅ​ក្នុង​ញត្តិ​នោះ គឺ​ចង់​ស្នើ​ឲ្យ​រដ្ឋាភិបាល ពិសេស​សាលាក្រុង​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ជូន​ពលរដ្ឋ១៧គ្រួសារ ក្នុង​ចំណោម​១៥៧គ្រួសារ ក្នុង​សហគមន៍​បុរីកីឡា​ដែល​នៅ​សេស​សល់​ប៉ុណ្ណោះ។

ទន្ទឹម​គ្នា​នេះ អតីត​អ្នក​បុរីកីឡា ដែល​ត្រូវ​អាជ្ញាធរ​បណ្ដេញ​ចេញ​ឲ្យ​ទៅ​រស់នៅ​តំបន់​ភ្នំបាត លោកស្រី គឹម សារ៉ាន់ ឲ្យ​ដឹង​ថា មូលហេតុ​ពលរដ្ឋ​ធ្វើ​សន្និសីទ​កាសែត និង​ចង់​ដាក់​ញ្ញតិ​ទៅ​សាលាក្រុង​នៅ​ពេល​នេះ គឺ​ចង់​ឲ្យ​សាលាក្រុង និង​ក្រុមហ៊ុន​ផានអ៊ីម៉ីច ដែល​បាន​ធ្វើ​ការ​អភិវឌ្ឍ​សហគមន៍​បុរីកីឡា ជួយ​ផ្លាស់ប្ដូរ​ការ​រស់នៅ​របស់​ពលរដ្ឋ​ពី​តំបន់​ភ្នំបាត មក​ភូមិ​អណ្ដូង​រាជធានី​ភ្នំពេញ​វិញ និង​ផ្ដល់​សំណង​សមរម្យ​ជូន​ពលរដ្ឋ​ទាំង​១៤០​គ្រួសារ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។