អង្គការ​លីកាដូ​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​ករណី​រំលោភ​សេពសន្ថវៈ​នៅ​​ពោធិ៍សាត់

មន្ត្រី​អង្គការ​លីកាដូ (LICADHO) ព្រួយ​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី និង​កុមារី​ក្រោម​អាយុ ១៥​ឆ្នាំ នៅ​ខេត្ត​ពោធិ៍សាត់។ អាជ្ញាធរ​មាន​សមត្ថកិច្ច និង​មន្ត្រី​សង្គម​ស៊ីវិល​បាន​រក​ឃើញ​ដូច​គ្នា​ថា ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី និង​កុមារ​មាន​ការ​កើន​ឡើង និង​មាន​រូបភាព​ប្លែកៗ​គួរ​ឲ្យ​បារម្ភ​ពី​សីលធម៌​សង្គម នៅ​ក្នុង​រយៈ​ពេល ៥​ខែ ដើម​ឆ្នាំ​២០១៦​នេះ។

របាយការណ៍​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ ខេត្ត​ពោធិ៍សាត់ បង្ហាញ​ថា រយៈ​ពេល ៥​ខែ​ដើម​ឆ្នាំ​២០១៦ ការ​រំលោភ​សេពសន្ថវៈ​មាន​ចំនួន ១១​ករណី ដែល​តួលេខ​នេះ​កើន​ស្ទើរ​ពាក់​កណ្ដាល បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល ៥​ខែ​ដូច​គ្នា​កាល​ពី​ដើម​ឆ្នាំ​២០១៥។

មន្ត្រី​សិទ្ធិមនុស្ស​បាន​លើក​ហេតុផល​សំខាន់​បី ដែល​នាំ​ឲ្យ​កើន​ឡើង​ករណី​នេះ គឺ​បញ្ហា​គ្រឿង​ញៀន មើល​រឿង​អាសអាភាស និង​បញ្ហា​ជីវភាព​ក្រីក្រ។

មន្ត្រី​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ ខេត្ត​ពោធិ៍សាត់ លោក ខុន ខូយ ថ្លែង​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ថា សីលធម៌​សង្គម​កាន់​តែ​ធ្លាក់​ចុះ​ដោយសារ​រូបភាព​នៃ​ការ​រំលោភ​មាន​ទាំង​ឪពុក រំលោភ​កូន​បង្កើត និង​ជីតា​រំលោភ​ចៅ​ខ្លួន​ឯង​ជាដើម។ ករណី​រំលោភ​ភាគ​ច្រើន គឺ​កើត​ទៅ​លើ​គ្រួសារ​ក្រីក្រ​នៅ​តាម​ជនបទ អាណាព្យាបាល​ធ្វើ​ចំណាក​ស្រុក​ដែល​ផ្ដល់​ឱកាស​ដល់​ជនល្មើស​រំលោភ​កូន៖ «កត្តា​ជីវភាព​គ្រួសារ​ក្រីក្រ ទុក​កូន​ចោល ឬ​ផ្ញើ​ឲ្យ​នៅ​ជាមួយ​អ្នក​ជិត​ខាង​អ៊ីចឹង​ទៅ​អា​ហ្នឹង​ជា​ជា​កត្តា​មួយ ហើយ​មួយ​ទៀត​ការ​ប្រើប្រាស់​គ្រឿង​ញៀន នៅ​ពេល​សេព​គ្រឿង​ញៀន​ច្រើន អ៊ីចឹង​ទៅ​គាត់​បាត់​បង់​សតិ​អារម្មណ៍ ដល់​អ៊ីចឹង​គាត់​លែង​គិតគូរ​អ្វី​ទាំង​អស់​ធ្វើ​តាម​ចិត្ដ​គាត់។ ខាង​អង្គការ​លីកាដូ មាន​ការ​បារម្ភ​ផង​ដែរ ព្រោះ​នៅ​ពេល​បទល្មើស​អ៊ីចឹង​កើត​ឡើង​ធ្វើ​ឲ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ»

លោក ខុន ខូយ បន្ថែម​ថា ស្ត្រី ជា​ពិសេស​កុមារី​ដែល​មាន​អាយុ​ក្រោម ១៥​ឆ្នាំ​ជា​ជន​រងគ្រោះ​ក្នុង​ករណី​រំលោភ​សេពសន្ថវៈ បាន​ប៉ះពាល់​ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​អនាគត​ដោយសារ​ករណី​នេះ។ ដូច្នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​រឹត​បន្ដឹងលើ​ការ​អនុវត្ត​ច្បាប់ និង​មាន​វិធានការ​ផ្សព្វផ្សាយ​តាម​មូលដ្ឋាន​ឲ្យ​បាន​ទូលំទូលាយ ខណៈ​សង្គម​ស៊ីវិល​នៅ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​លើ​ការងារ​នេះ។

ទាក់ទង​បញ្ហា​នេះ​អនុ​ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ពោធិ៍សាត់ លោកស្រី គី អេងឡាយ ថ្លែង​ទទួល​ស្គាល់​ថា ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី និង​កុមារ​នៅ​ដើម​ឆ្នាំ​២០១៦ ពិត​ជា​មាន​ការ​កើន​ឡើង ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ក្រសួង​បាន​ទម្លាក់​កញ្ចប់​ថវិកា​តួច​មួយ​ដើម្បី​រៀបចំ​កម្មវិធី​អប់រំ​ស្ដីពី​សកម្មភាព​ចាប់​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី និង​កុមារ​ចំនួន ៩​លើក​នៅ​តាម​មូលដ្ឋាន។

លោកស្រី​ថា កម្មវិធី​ទាំង​នេះ​នឹង​រៀបចំ​ផ្សព្វផ្សាយ​ចាប់​ពី​ត្រីមាស​ទី​២ ឬ​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ ត​ទៅ ដោយ​ក្នុង​នោះ​មាន​ការ​ចូល​រួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដូច​ជា អាជ្ញាធរ​ភូមិ ឃុំ និង​ប្រជាពលរដ្ឋ ដើម្បី​ស្វែង​យល់៖ «យើង​មាន​ជា​សំណួរ​ចម្លើយ ហើយ​យើង​មាន​រូប​ភាព ជា FLIP CHART អា​ផ្ទាំង​រូបភាព SPORT របស់​ក្រសួង​កិច្ចការ​នារី។ លំបាក​ដែរ​ប្អូន ដោយសារ​សហគមន៍​អត់​សូវ​មាន​ការ​យល់​ដឹង ហើយ​ការ​ផ្សព្វផ្សាយ​អត់​បាន​ទូលំទូលាយ ទី​២​ទៀត​គាត់​មើល​វីដេអូ​អាសអាភាស ដល់​អ៊ីចឹង​មាន​ឪពុក​រំលោភ​កូន​បង្កើត​ក៏​មាន ជា​ពិសេស​សម្បូរ​អនីតិជន​អាយុ​ក្រោម ១៥​ឆ្នាំ»

លោកស្រី​បញ្ជាក់​ថា ក្រសួង​ពុំ​មាន​កញ្ចប់​ថវិកា​ទៀងទាត់​លើ​វិធានការ​ផ្សព្វផ្សាយ​នេះ​ទេ ដោយ​ឆ្នាំ​ខ្លះ​មាន និង​ឆ្នាំ​ខ្លះ​អត់ តែ​កន្លង​ទៅ​មន្ទីរ​តែងតែ​ចុះ​អន្តរាគមន៍​ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ូលិស។

បច្ចុប្បន្ន​ត្បិត​សមត្ថកិច្ច​ប៉ូលិស​ចាប់​ជនល្មើស​រំលោភ​សេពសន្ថវៈ​បាន​ស្ទើរ​គ្រប់​ករណី​មក​ផ្ដន្ទាទោស ប៉ុន្ដែ​ករណី​រំលោភ​នៅ​តែ​បន្ត​កើត​មាន​រាល់​ថ្ងៃ​ដដែល ហើយ​រូប​ភាព​កាន់​តែ​អាក្រក់។ បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​សារព័ត៌មាន​ជា​ច្រើន​ផ្ដិត​យក​រូបភាព​ជន​រងគ្រោះ ដោយ​ខ្លះ​ត្រូវ​ជនល្មើស​ធ្វើ​ទារុណកម្ម​វាយ​នឹង​ដំបង យក​កាំបិត​អារ​ក និង​យក​ឈើ​រុក​ប្រដាប់​ភេទ​សម្លាប់​ក្រោយ​រំលោភ​រួច​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។