ចិន អំពាវ​នាវ​ឲ្យ​មាន​សម​យុទ្ធ​ទ័ព​ជើងទឹក​ជាមួយ​អា​ស៊ាន​ដើម្បី​បង្អាក់​អាមេរិក

ក្រុងប៉េកាំងៈ ចិន កំពុងបង្កើន កិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង ដោយអំពាវនាវឲ្យមានសមយុទ្ធយោធារួមមួយជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់ ខណៈព្រមានថា បញ្ហាសេរីភាព នៃការធ្វើនាវាចរណ៍នៅទីនោះ គួរត្រូវបញ្ឈប់។

រដ្ឋមន្ត្រីការពារជាតិថៃ លោកប្រាវីត វង់សុវ៉ាន់ បាននិយាយថា ការអំពាវនាវ ដែលបានធ្វើពីឆ្នាំមុន ត្រូវបានបញ្ជាក់ឡើងវិញក្នុងរដ្ឋធានីវៀងចន្ទន៍របស់ឡាវ ពី សប្តាហ៍មុន នៅពេលរដ្ឋមន្ត្រីការពារជាតិចិន លោកចាង វ៉ានគួន បានជួបសមភាគីរបស់លោកមកពីសមាគម នៃប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង ១០។

ចិន អំពាវ​នាវ​ឲ្យ​មាន​សម​យុទ្ធ​ទ័ព​ជើងទឹក​ជាមួយ​អា​ស៊ាន​ដើម្បី​បង្អាក់​អាមេរិក

ដ្ឋមន្ត្រីការពារជាតិចិន លោក ចាង វ៉ានគួន ចូលរួមជំនួបផ្លូវការរដ្ឋមន្ត្រីការពារជាតិចិន-អាស៊ាន លើកទី ៦ នៅក្រុងវៀងចន្ទន៍ ឡាវ។ Xinhua

ទង្វើនេះ បានកើតមានឡើង នៅពេលប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃចន្ទសប្ដាហ៍មុន បានធ្វើទស្សនកិច្ចវៀតណាម ជាភាគីជម្លោះមួយ នៅក្នុងជម្លោះដែនសមុទ្រនេះ ដើម្បីធ្វើប្រក្រតីកម្មទំនាក់ទំនងទ្វេភាគីរវាងអតីតសត្រូវទាំងពីរ ដែលក្នុងនោះ មានទាំងការលើកលែងការហ៊ុមព័ទ្ធអាវុធរបស់អាមេរិកលើក្រុងហាណូយផងដែរ។

បន្ទាប់ពីត្រឡប់មកពីជំនួបរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១០ ក្នុងក្រុងវៀងចន្ទន៍ ឧត្តមសេនីយ៍ប្រាវីត បាននិយាយថាខណៈ វៀតណាម និងហ្វីលីពីន កំពុងបង្កើនអំណាចសមុទ្ររបស់ខ្លួនចំពេលមានភាពតានតឹងកំពុងកើនឡើងជាមួយចិន ចិនមានការចាប់អារម្មណ៍ក្នុងការធ្វើសមយុទ្ធយោធាជាមួយរដ្ឋអាស៊ានទាំង ១០។

យោងតាមកាសែតរដ្ឋ China Daily ឲ្យដឹងថា នៅឯជំនួបការពារជាតិចិន-អាស៊ានចុងក្រោយពីខែតុលា ឧត្តមសេនីយ៍ផ្កាយបី ចាង បានសម្តែងចេតនារៀបចំសមយុទ្ធរួមមួយជាមួយនឹងប្រទេសអាស៊ានដើម្បីបំពេញឲ្យបានប្រសើរ នូវក្រមនៃការប្រយុទ្ធគ្នាគ្មានគ្រោងទុកនៅឯសមុទ្រ (Cues) ដើម្បីចៀសវាងការយល់ខុសលើតំបន់ដែលមានជម្លោះនោះ។

ក្នុងជំនួបឆ្នាំនេះ លោកចាង ក៏បាននិយាយថា ប្រទេសទាំងឡាយ គួរឈប់បង្កបញ្ហានៃសេរីភាព នៃការធ្វើនាវាចរណ៍នៅ សមុទ្រចិនខាងត្បូង ព្រោះថាវាមិនមែនជាបញ្ហាទេ។

ថ្លែងនៅឯជំនួបផ្លូវការនោះពី ថ្ងៃពុធ លោកចាង បានប្រាប់ថា ការគំរាមកំហែងខាងសន្តិសុខជាទម្លាប់ និងមិនជាទម្លាប់ គឺនៅតែសំខាន់ ខណៈការយល់ដឹងរបស់សហគមន៍ក្នុងតំបន់ពីជោគវាសនា គឺកំពុងកើនឡើង។

រដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា ចិននឹងប្រកាន់ខ្ជាប់លើមាគ៌ា នៃការអភិវឌ្ឍដោយសន្តិវិធី មិន កាត់បន្ថយកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ មិនងាករេលើភាព ស្មោះត្រង់របស់ខ្លួនដើម្បីដោះស្រាយជម្លោះ ដោយសន្តិវិធីនិងដោយសម្រុះសម្រួលនិងមិនគេច ពីការទទួលខុសត្រូវរបស់ខ្លួនដើម្បីការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ឡើយ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍