ឆក់​កាបូប​បានសម្រេច តែ​គេច​មិន​រួច​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ ២​នាក់

ឆក់​កាបូប​បានសម្រេច តែ​គេច​មិន​រួច​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ ២​នាក់



ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្សពួក​៤​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ ជាមួយ​វត្ថុតាង​ និង​ម៉ូតូ​១​គ្រឿង​ បន្ទាប់ពី​ពួកគេ ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ម្តាយ​កូន​២​នាក់ ​ដែល​កំពុងធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​កាលពី​វេលា​ម៉ោង ៣​និង​២០​នាទី​រសៀល ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ នៅត្រង់​ចំណុច​ជិត​សួន​ឃ្លាំង​សាំង​សូ​គី​ម៉ិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ច​បាន​និយាយ​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ​១ ឈ្មោះ រឿន សុង​ហ៊ី ហៅ និត ភេទប្រុស អាយុ២២​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះ​ជួល​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ មាន​ស្រុកកំណើត​នៅ​ភូមិ​៣ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម និង​ទី​២ ឈ្មោះ សុះ ណា​អ៊ីម ហៅ អា​អ៊ីម ភេទប្រុស អាយុ១៨​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៥១ ផ្លូវ​ទន្លេសាប ក្រុម​ទី​០៣ ភូមិ​០៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង​បាន​ដកហូត​ម៉ូតូ​ជនសង្ស័យ មួយ​គ្រឿង ម៉ាក Sopcopy ពណ៌​ស​លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1BE-8511 រី​ឯ​ម៉ូតូ មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់ ម៉ាក ស៊ុយ​សា​គី​ឡែក មិន​ចាំ​ស្លាក​លេខ​ជិះ​គេចខ្លួនបាត់។

ប្រភព​ព័ត៌មាន​បា​នប​ន្ត​ថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនសង្ស័យ​មាន​គ្នា ៤​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន ២​គ្រឿង ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ម្តាយកូន ២​នាក់ ជិះ​ម៉ូតូ​ម៉ា​កវី​ណូ​មិន​ចាំ​ពណ៌ ​មិន​ចាំ​ស្លាក​លេខ​ក្រោយ​ពេលដែល​ជនសង្ស័យ​បាន​ឆក់​រួច ក៏បាន​យក​កាបូប​នោះ ទៅ​ឲ្យ​គ្នា​២​នាក់​ទៀត​ដែល​ចាំ​ទទួល​របស់​ដែល​ខ្លួន​ឆក់​បាន​នោះ។

បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​ឆក់​រួចមក កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ប្រចាំការ​នៅ​ទីនោះ ក៏បាន​ដេញ​តាម និង​ឃាត់ខ្លួន​បាន​នៅ​ចំណុច​មុខ​ផ្ទះ​ក្រហម ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ រឺ​ឯ​ជនសង្ស័យ ២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ក្រោយមក​សមត្ថកិច្ច​បា​ន​យក​ជនសង្ស័យ​ខាងលើ​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឫស្សីកែវ ដើម្បី​សាកសួរ​បន្ត។

លោក នាយ​ប៉ុស្តិ៍​ឫស្សីកែវ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ គឺជា​មុខសញ្ញា​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់ និង​ធ្លាប់​ជាប់គុក​ផង​ដែរ ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ​កំពុង​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឫស្សី​កែវ​ដើម្បី​កសាង​ឯកសារ​ចាត់ការ​បន្ត​៕

ឆក់​កាបូប​បានសម្រេច តែ​គេច​មិន​រួច​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ ២​នាក់