ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​បើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​លើ​ញត្តិ​បក្ស​ប្រឆាំង

នៅព្រឹកថ្ងៃទី៣១ ខែឧសភានេះ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ប្រសិនបើរកឃើញថាញត្តិ ដែលគណបក្សសង្រ្គោះជាតិថ្វាយព្រះមហាក្សត្រមានភាពមិនប្រក្រតីមែន នោះក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។ ការលើកឡើងនេះ ក្រោយពីបក្សប្រឆាំងបានយកញត្តិ ដែលមានស្នាមមេដៃប្រមាណ២០ម៉ឺន ថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំឲ្យព្រះមហាក្សត្រជួយព្រះរាជអន្តរាគមន៍លើបញ្ហានយោបាយ ដែលកំពុងឡើងកម្តៅ។

ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​បើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​លើ​ញត្តិ​បក្ស​ប្រឆាំង

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់វិទ្យុបារាំងថា ប្រសិនបើក្រសួងព្រះបរមរាជវាំង រកឃើញភាពមិនប្រក្រតី ឬការបន្លំស្នាមមេដៃក្នុងញត្តិ ដែលគណបក្សសង្រ្គោះជាតិ ថ្វាយព្រះមហាក្សត្រ ហើយស្នើសុំឲ្យមានការអន្តរាគមន៍ត្រួតពិនិត្យពីក្រសួងមហាផ្ទៃ នោះក្រសួងនឹងចាត់វិធានការពិនិត្យឡើងវិញ។

លោក ខៀវ សុភ័គ បានបន្តឲ្យដឹងទៀតថា ប្រសិនបើពិនិត្យទៅរកឃើញថាមានការក្លែងបន្លំស្នាមមេដៃ នោះអ្នកដែលយកស្នាមមេដៃថ្វាយព្រះមហាក្សត្រកំពុងតែភូតកុហកព្រះមហាក្សត្រហើយ។

នៅព្រឹកនេះ គណបក្សសង្រ្គោះជាតិបានរៀបចំធ្វើសន្និសីទកាសែតនៅស្នាក់ការគណបក្ស ដោយក្នុងនោះ លោក អេង ឆៃអ៊ាង អនុប្រធានគណៈកម្មាធិការនាយក និងជាតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិមណ្ឌលខេត្តកណ្តាល បានឲ្យដឹងថាគណបក្សសង្រ្គោះជាតិ នឹងបន្តប្រមូលស្នាមមេដៃបន្ថែមទៀត ដើម្បីធ្វើញត្តិទូលថ្វាយព្រះមហាក្សត្រ។

កាលពីថ្ងៃទី៣០ ខែឧសភា តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ បាននាំយកញត្តិដែលមានស្នាមមេដៃប្រមាណ២០ម៉ឺន យកទៅដាក់ថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំឲ្យព្រះមហាក្សត្រជួយព្រះរាជអន្តរាគមន៍ លើបញ្ហានយោបាយ ដែលកំពុងតែឡើងកម្តៅខ្លាំងៗឡើង។ ការរៀបចំយកញត្តិដាក់ថ្វាយព្រះមហាក្សត្រនេះធ្វើឡើងក្រោយពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនកាលពីថ្ងៃទី ២៦ ខែឧសភា។

ជុំវិញរឿងរ៉ាវនៃការតាមចាប់ខ្លួនលោក កឹម សុខា លោក ខៀវ សុភ័គ បានឲ្យដឹងថារហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃមិនទាន់ទទួលបានដីកាឲ្យអនុវត្តចាប់ខ្លួនលោកកឹម សុខានៅឡើយទេ។ ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងបន្ទាប់ពីថ្ងៃម្សិលមិញរដ្ឋសភា ដែលមានសមាជិកពីគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីទៅលើលោក កឹម សុខា ដែលត្រូវចោទពីបទល្មើសជាក់ស្តែង ហើយមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួនមើលឃើញថាជារឿងនយោបាយ៕

ប្រភពៈ RFI