អគ្គិសនី​កម្ពុជា ចុះ​តម្លៃប្រើប្រាស់ ៣០​រៀល​គត់​ក្នុង​១​គីឡូវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ចាប់ពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ទៅ អគ្គិសនី​ស្ទឹង​ត្រែង​ចុះថ្លៃ​ក្នុង​ការ​ប្រើប្រាស់ ចរន្តអគ្គិសនី​៣០​រៀល​គត់​ក្នុង​១​គីឡូវ៉ាត់ ខណៈ​បច្ចុប្បន្ន​តម្លៃ ៩៨០​រៀល មក​ត្រឹម ៩៥០​រៀល ក្នុង​១​គីឡូវ៉ាត់ ចំពោះ​អតិថិជន​ប្រើប្រាស់​ធម្មតា និង​អាជីវកម្ម​។ ទោះបី​មានការ​ចុះ​តម្លៃ​ពី​៩៨០​រៀល មក​ត្រឹម​៩៥០​រៀល ក៏​ប្រជាពលរដ្ឋ​មួយ​ចំនួន​មានការ​អល់អែក​ជាមួយនឹង​តម្លៃ​ដែល​អាជ្ញាធរ​អគ្គិសនី​ចុះថ្លៃ​តិចតួច​ពេក មិន​សក្ដិ​សម​ទៅ​នឹង​ជីវភាព​របស់ ប្រជាពលរដ្ឋ​បច្ចុប្បន្ន ដោយ​អ្នកខ្លះរ​អូរ​ទាំ​ថា ក្នុង​១​ខែ​ៗ​ចំណាយ​ទៅ​លើ​ថ្លៃ​ភ្លើង​ច្រើន​ជាង​ចំណាយ​ផ្សេង​ៗ​។​

លោក ជា សំណាង ប្រធាន​ផ្នែក​អាជីវកម្ម នៃ​អង្គភាព​អគ្គិសនី​ស្ទឹង​ត្រែង​បានឱ្យ​ដឹង​ថា ការ​ចុះថ្លៃ​គឺ​ធ្វើ​ទៅ​តាម​ដំណាក់កាល​របស់​វា ហើយ​តំលៃ​ពី​៩៨០​រៀល មក​នៅ​៩៥០​រៀល គឺជា​ការ​សម្រេច​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​។ ក្រោយ​ពី​ទទួល​ដំណឹង​នៃ​ការ​ចុះថ្លៃ​អគ្គិសនី​ស្ទឹង​ត្រែង បាន​ជូនដំណឹង និង​ធ្វើការ​ផ្សព្វផ្សាយ ហើយ​ចូលរួម​នៅ​សាលា​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ដែល​មានការ​ចូលរួម​ពី​លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ដើម្បី​ជ្រាប​ជា​ព័ត៌មាន​។ លោក ជា សំណាង បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០០៨ ការ​ប្រើប្រាស់​សម្រាប់​អតិថិជន​ធម្មតា និង​អាជីវកម្ម​តម្លៃ ១២២០​រៀល ក្នុង​១​គីឡូវ៉ាត់ ហើយ​ចាប់ពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៦​នេះ តម្លៃ​ត្រឹមតែ ៩៨០​រៀល និង​ចាប់ពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៦​ទៅ តម្លៃ​៩៥០​រៀល ក្នុង​១​គីឡូវ៉ាត់​។

លោក​ប្រធាន​ផ្នែក​បន្ត​ថា  ការ​ចុះ​តម្លៃ​មិនមែន​តែ​ចំពោះ​អតិថិជន​ធម្មតា រឺ​អាជីវកម្ម​ទេ ចំពោះ​អតិថិជន​តំឡើង​ត្រង់​ហ្វូ​៥០​កា​វេ​អា អតិថិជន​មធ្យម​លើ LV ក្រោម​ត្រង់​ហ្វូ​អគ្គ​ស​នី​កម្ពុជា ក៏​បាន​បញ្ចុះតម្លៃ​ពី ៩២០​រៀល មក​៩០០​រៀល និង​អតិថិជន LV វិនិយោគ​ត្រង់​ហ្វូ ខ្លួនឯង​បញ្ចុះតម្លៃ​ពី ៨៧០​រៀល មក​៨៥០​រៀល ដោយឡែក​អតិថិជន MV ទៅ​តង់ស្យុង MV ខ្ពស់​២២​កា​វេ​អា បញ្ចុះតម្លៃ​ពី ៨៣០​រៀល មក​នៅ​០.១៧២៥ ដុល្លា​។

លោក ជា សំ ណា​ង បាន​បន្ថែម​ថា ចំពោះ​ព័ត៌មាន​មិន​ទាន់​ផ្លូវការ អាជ្ញាធរ​អគ្គិសនី​កម្ពុជា នឹង​មានការ​ចុះថ្លៃ​នៃ​ការ​ប្រើប្រាស់​អគ្គ​ស​នី ជា​បន្តបន្ទាប់​ទៀត គឺ​នៅ​ឆ្នាំ​២០១៨ នៅ​ពេល​ក្រុមហ៊ុន វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ដាក់​ឱ្យ​ប្រើប្រាស់ តែ​ការ​ទិញ​អគ្គិសនី ពី​ប្រទេស​ឡាវ​នៅ​តែ​បន្ត​។ ប្រជាពលរដ្ឋ ដែល​ជា​អតិថិជន​របស់​អគ្គ​ស​នី ស្ទឹង​ត្រែង​មួយ​ចំនួន មានការ​ថ្នាំងថ្នាក់ ដោយសារ​តម្លៃ ភ្លើង​ចុះ​តិចតួច​ពេក​ត្រឹមតែ​៣០​រៀល ធ្វើ​ឱ្យ​ការ​ចំណាយ​លើ​ថ្លៃ​ភ្លើង​នៅ​តែ​ខ្ពស់​ដដែល ដោយ​ពួក​គាត់​ចង់ឱ្យ​តម្លៃ​ភ្លើង​ចុះ​លើស​ពី​៣០​រៀល​ក្នុង​១​គីឡូវ៉ាត់​៕