ជំនឿ៖ គ្រវាស​អង្ករ​មុខ​ផ្ទះ ពេល​សុបិន​អាក្រក់ នាំ​លាភ​សំណាង

ពេលសុបិនមិនល្អដូចជា ត្រូវគេដេញបាញ់ ចាក់សម្លាប់ គ្រួសារមានបញ្ហាជាដើម ចាស់ៗបានប្រាប់កូនចៅឱ្យគ្រវាសអង្ករនៅមុខផ្ទះ ឬទៅស្រោចទឹកចេញ ដើម្បីបណ្ដេញគ្រោះចង្រៃទៅឱ្យឆ្ងាយ ដោយនាំមកវិញនូវលាភសំណាង។

លោក កង សំរិទ្ធកិត្យា បានបង្ហើបឱ្យដឹងថា អ្នកម្ដាយរបស់លោកក៏ធ្លាប់ប្រាប់ដូច្នេះដែរ៖ “បើជួបរឿងបែបនេះ ម្ដាយខ្ញុំប្រាប់ឱ្យគ្រវាសអង្ករមុខផ្ទះ ហើយនិយាយថា សូមឲ្យរឿងអាក្រក់ទាំងឡាយណាដែលបានកើតមាននៅក្នុងសុបិន ឲ្យវាប្រែក្លាយជារឿងល្អវិញ ហើយនាំតែលាភសំណាងមកលើរូបខ្ញុំ និងគ្រួសារ”។

យុវជនមកពីភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាមរូបនេះ ប្រាប់ទៀតថា ពេលធ្វើតាមការណែនាំខាងលើ លោកមានអារម្មណ៍ល្អ ហើយបច្ចុប្បន្ននេះ លោកក៏នៅអនុវត្តពេលយល់សប្ដិអាក្រក់ម្ដងៗ។

ចំណែកយុវជន ជិន ផល្លា និយាយថា៖ “ខ្ញុំជឿបង! ខ្ញុំលើកករណីមួយ ប៉ាខ្ញុំយល់សប្ដិឃើញ គាត់បាក់ធ្មេញ តែអត់មានឈាមទេ។ ស្រាប់តែស្អែកខានស្អែក បងប្អូនសាច់ឆ្ងាយខ្ញុំស្លាប់។ អ៊ីចឹងខ្ញុំក៏ធ្វើតាម ដើម្បីកុំឱ្យមានរឿងហ្នឹងកើតលើយើង”។

ផល្លា រៀបរាប់ថា ជឿឬមិនជឿ គឺអាស្រ័យលើការយល់ឃើញរបស់មនុស្សម្នាក់ៗ ហើយនិយាយបែបនេះក៏មិនបានន័យថា លោកជឿ១០០%នោះដែរ។ “ខ្ញុំអត់ជឿទាំងស្រុងទេ តែរឿងខ្លះយើងក៏ត្រូវជឿដែរ”។

ចំពោះរឿងនេះដែរលោកតា ញ៉ែម ស៊ុំ ចាស់ទុំក្នុងភូមិទំពាំងឫស្សី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានប្រសាសន៍ថា ជំនឿនេះមិនមែនចេះតែកើតមានឡើងទេ ហើយត្រូវពលរដ្ឋខ្មែរអនុវត្តតគ្នាពីចាស់ៗសម័យដើមមក។

“មិនមែនវាចេះតែមានទេ មានគ្រូគេប្រាប់ត្រឹមត្រូវ។ ឧទាហរណ៍ថាចៅឯងយល់សប្ដិឃើញ គេចាប់ច្រមុជទឹក ភ្ញាក់ព្រឹកឡើងចៅឯងត្រូវ បាចអង្ករនិយាយថា ជីប…! ទៅ! ស្ពាយអង្ករនេះទៅឱ្យឆ្ងាយទៅ កុំនៅកន្លែងនេះ”។ លោកតាបញ្ជាក់។

លោកតាថា ការធ្វើបែបនេះនឹងបណ្ដេញរឿងអាក្រក់មិនឱ្យនៅក្នុងផ្ទះ ហើយជំនឿអរូបិយនេះទៀតសោត ខ្លាំងឬខ្សោយវាអាស្រ័យលើ ពាក្យសម្ដីរបស់មនុស្ស។ បច្ចុប្បន្នក៏នៅមានពលរដ្ឋខ្មែរអនុវត្តដែរ។

ដោយឡែក ជឹម ចាន់នី ក៏បានឱ្យដឹងដូចគ្នាថា ចាស់ៗក៏ប្រាប់ឱ្យធ្វើដូច្នេះដែរ ប៉ុន្តែយុវជនខ្ពស់ស្រលះរូបនេះ មិនជឿនឹងអបិយជំនឿនេះឡើយ ប៉ុន្តែលើកអះអាងថា អ្វីៗតែងមានហេតុនិងផល។

យុវជនថ្លែងថា៖ “ឧទាហរណ៍ថា យប់មិញខ្ញុំយល់សប្ដិឃើញគ្រោះថ្នាក់ចរាចរណ៍។ ព្រលឹមឡើងខ្ញុំជិះម៉ូតូទៅបុកគេ ឬគេមកបុកយើង តើយើងគួរជឿលើជំនឿឬជឿលើហេតុផល បណ្ដាលឱ្យយើងបុកគ្នា។ ជួនកាលមកពីយើងបើកលឿនពេក ឬក៏អ្នកបុកយើង គេមិនប្រុងប្រយ័ត្ន។ វាមានហេតុមានផលរបស់វា អាទាំងអស់ហ្នឹង មនុស្សយើងជាអ្នកធ្វើតើ។ សម្រាប់ខ្ញុំជំនឿធ្វើឱ្យមនុស្សខ្វះការពិចារណា”៕

ប្រភព៖ sabay

  • ជំនឿ៖ គ្រវាស​អង្ករ​មុខ​ផ្ទះ ពេល​សុបិន​អាក្រក់ នាំ​លាភ​សំណាង已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:ចំនេះដឹង
Tags: