យោធា​ថៃ-កម្ពុជា​ចង់​បង្កើត​គណៈកម្មាធិការ​ចម្រុះ​ដោះស្រាយ​បទល្មើស​នៅ​ព្រំដែន

គណៈកម្មការ​ជាយដែន​ថ្នាក់​យោធភូមិភាគ​ទី​២ របស់​ថៃ និង​យោធភូមិភាគ​ទី​៤ របស់​កម្ពុជា ចង់​បង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​ចម្រុះ​មួយ ដើម្បី​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា​ចំពោះ​បញ្ហា​បទល្មើស​ផ្សេងៗ​ដែល​កើត​មាន​ឡើង​នៅ​ក្រៅ​ពី​ចំណុច​ច្រក​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

ការ​ចង់​បង្កើត​គណៈកម្មាធិការ​ចម្រុះ​នេះ ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​ឯកសារ​ព្រាង នៃ​កិច្ច​ប្រជុំ​របស់​មន្ត្រី​យោធា​យោធភូមិភាគ​ទី​២ របស់​ថៃ និង​មន្ត្រី​យោធា​យោធភូមិភាគ​ទី​៤ របស់​កម្ពុជា ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​សៀមរាប។

មេ​បញ្ជាការ​យោធភូមិភាគ​ទី​៤ របស់​កម្ពុជា លោក​ឧត្តមសេនីយ៍ ជា ម៉ន និង​មេ​បញ្ជាការ​យោធភូមិភាគ​ទី​២ របស់​ថៃ បាន​ដឹក​នាំ​មន្ត្រី​ជំនាញ និង​អភិបាល​ខេត្ត​ដែល​ជាប់​ព្រំដែន​គ្នា​ជាច្រើន ជួប​ប្រជុំ​នៅ​ខេត្ត​សៀមរាប នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៣១ ខែ​ឧសភា។

កិច្ច​ប្រជុំ​នោះ គឺ​ក្នុង​គោល​បំណង​បង្កើត​ចំណង​នៃ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ដើម្បី​ឲ្យ​ខេត្ត​ខ្មែរ និង​ថៃ ដែល​ជាប់​ព្រំដែន​គ្នា មាន​សន្តិសុខ​ល្អ ព្រម​ទាំង​ស្ថិរភាព​នៅ​តាម​បណ្ដោយ​ព្រំដែន​កាន់​តែ​រឹងមាំ ហើយ​នាំ​មក​នូវ​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទាំង​សង​ខាង។

ពេញ​មួយ​ព្រឹក​ថ្ងៃ​អង្គារ ក្រុម​លេខា​របស់​យោធភូមិភាគ​ទី​២ របស់​ថៃ និង​យោធភូមិភាគ​ទី​៤ របស់​កម្ពុជា ដែល​មាន​មន្ត្រី​ជំនាញ​ជាច្រើន​ផ្នែក​ចូលរួម​ផង បាន​ជួប​ប្រជុំ​គ្នា​រយៈពេល​ជាច្រើន​ម៉ោង។

ប្រធាន​ក្រុម​លេខា និង​ជា​មេ​បញ្ជាការ​រង​នៃ​យោធភូមិភាគ​ទី​២ របស់​ថៃ គឺ​លោក​ឧត្តមសេនីយ៍ត្រី ថារ៉ាកន ថាំមៈវីនថន (Tharakorn Thamak Vinthorn)។ លោក​ថ្លែង​នៅ​ក្នុង​កិច្ច​ជួប​ប្រជុំ​ក្រុម​លេខា​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៣១ ខែ​ឧសភា ថា កិច្ច​ប្រជុំ​នៃ​គណៈកម្មការ​ព្រំដែន​ថ្នាក់​ភូមិ​ភាគ​ថៃ-កម្ពុជា ពេល​នេះ គឺ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​កិច្ច​សហប្រតិបត្តិការ​ដោយ​ស្មោះ​ត្រង់​ជាមួយ​គ្នា ដើម្បី​បង្កើត​ឲ្យ​មាន​សន្តិសុខ​នៅ​តាម​បរិវេណ​ព្រំដែន៖ «កិច្ច​ប្រជុំ​រួម​ក្រុម​លេខា​ពេល​នេះ ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ថា នឹង​មាន​ការ​ព្រមព្រៀង​គ្នា​យ៉ាង​ប្រសើរ ចំពោះ​ប្រតិបត្តិការ​នៃ​ភាគី​ទាំង​ពីរ ដែល​តែង​សហការ​គ្នា​រហូត​មក ព្រម​ទាំង​រួម​គ្នា​រិះរក​វិធានការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ ដើម្បី​ដាក់​សំណើ​ទៅ​ជូន​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ផង»

មេ​បញ្ជាការ​យោធភូមិភាគ​ទី​៤ របស់​កម្ពុជា លោក​ឧត្តមសេនីយ៍ ជា ម៉ន គ្រាន់​តែ​អាន​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​ប៉ុណ្ណោះ មិន​បាន​អធិប្បាយ​ឲ្យ​ស៊ី​ជម្រៅ​នូវ​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​នោះ​ទេ។ ទោះ​យ៉ាង​ណា ឯកសារ​ព្រាង​ខ្លះ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន ឲ្យ​ដឹង​ថា ភាគី​កម្ពុជា នឹង​ជជែក​អំពី​ការ​បង្ក​លក្ខណៈ​ឲ្យ​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ-ថៃ ដែល​នៅ​ខេត្ត​ជាប់​ព្រំដែន​គ្នា​ក្នុង​ការ​ឆ្លង​ដែន ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ជា​ប្រចាំ​ថ្ងៃ។ ភាគី​កម្ពុជា-ថៃ គាំទ្រ​ដល់​ការ​ឆ្លង​ដែន​ស្រប​ច្បាប់ ដោយ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​មាន​ជីវភាព​ប្រសើរ ព្រម​ទាំង​ភាព​សុខដុមរមនា។ ក្រៅ​ពី​នេះ ថ្នាក់​យោធភូមិភាគ​ទី​២ របស់​ថៃ និង​យោធភូមិភាគ​ទី​៤ របស់​ខ្មែរ ក៏​បាន​គិតគូរ​ទៅ​ដល់​គោលការណ៍​នៃ​ការ​បើក​ច្រក​ព្រំដែន ដើម្បី​លើក​កម្ពស់​ដល់​ច្រក​ឆ្លង​ដែន​អនុគ្រោះ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម ការ​លក់​ដូរ​របស់​ប្រជាពលរដ្ឋ​ខ្លះៗ ដោយ​ចង់​ឲ្យ​ក្លាយ​ទៅ​ជា​ច្រក​អន្តរជាតិ​សម្រាប់​អនាគត​ដែរ។

យោធភូមិភាគ​ទី​២ របស់​ថៃ មាន​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំដែន​គ្នា​ជាមួយ​ខ្មែរ ដូចជា​ខេត្ត​បូរីរ៉ាំ ខេត្ត​សុរិន្ទ ខេត្ត​ស៊ីសាកេត និង​ខេត្ត​អ៊ូប៊ុនរ៉ាត់ថានី ជាដើម។ ចំណែក​ឯ​យោធភូមិភាគ​ទី​៤ របស់​កម្ពុជា គឺ​មាន​ខេត្ត​ឧត្តរមានជ័យ ខេត្ត​ព្រះវិហារ ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។