កម្ពុជា​គ្រោង​នឹង​ចូល​ជា​សមាជិក​ សន្ធិសញ្ញា​សហ​ប្រតិបត្តិការ​ ប្រកាសនីយបត្រ​តក្កកម្ម ​នា​ពេល​ខាងមុខ​នេះ

កម្ពុជា​គ្រោង​នឹង​ចូល​ជា​សមាជិក​ សន្ធិសញ្ញា​សហ​ប្រតិបត្តិការ​ ប្រកាសនីយបត្រ​តក្កកម្ម ​នា​ពេល​ខាងមុខ​នេះ



ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​ថា កម្ពុជា​បាន​នឹង​កំពុង​សិក្សា​អំពី​ការ ចូល​ជា​សមាជិក​សន្ធិសញ្ញា​សហ​ប្រតិបត្តិការ​ប្រកាសនីយបត្រ​តក្កកម្ម ដែល​ហៅ​កាត់ (PCT) ដើម្បី​ផ្តល់ ភាព​ងាយស្រួល​ដល់​តក្ក​ករ​ខ្មែរ និង​បរទេស ដែល​ចង់​ការពារ​តក្កកម្ម​របស់​ប្រទេស​ខ្លួន។

​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ឲ្យ​ដឹង ក្នុងឱកាស​បើក​សិក្ខាសាលា​ស្តីពី សន្ធិសញ្ញា​សហប្រតិបត្តិ​ការ​ប្រកាសនីយបត្រ​ត​ក្ក​កម្ម សហការ​ជាមួយ​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​ជប៉ុន និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន នៅ​ថ្ងៃទី​៣១ ខែ ឧសភា ឆ្នាំ​២០១៦ នេះ​។

លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងថា ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​យល់ឃើញថា ប្រព័ន្ធ​ប្រកាស​នី​យ ប​ត្រ​តក្កកម្ម គឺជា​មូលដ្ឋានគ្រឹះ​មួយ​ដែល​ផ្តល់​ភាពកក់ក្តៅ ដល់​ការការពារ​សិទ្ធិ​ជូន​តក្កករ។ លោក​បន្ត​ថា ​សព្វថ្ងៃ​នេះ មាន​ត​ក្ត​កម្ម​ជាង​៥៥​លាន​ត្រូវបាន​រកឃើញ​ក្នុង​ពិភពលោក ការ​ទទួល​បាន​តក្កកម្ម យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ ក៏​ដោយសារ​ប្រព័ន្ធ​ការពារ​ប្រកាសនីយបត្រ​តក្កកម្ម​លើ​ពិភពលោក មាន​ភាពរឹងមាំ ដែល​ផ្តល់​ទំនុកចិត្ត​យ៉ាងខ្លាំង​ក្នុងការ​ជំរុញ​ឲ្យ​មានការ​ច្នៃប្រឌិត និង​បង្កើត​ថ្មី។

លោក​ទេសរដ្ឋមន្ត្រី បាន​លើក​ឡើង​ទៀត​ថា ការ​ចូល​ជា​សមាជិក​សន្ធិសញ្ញា សហប្រតិបត្តិ​ការប្រកាស​នី​យ​ប​ត្រ​តក្កកម្ម គឺជា​ការ​ផ្តល់​ភាពងាយស្រួល​ដល់​តក្កករ​ខ្មែរ ដែល​ចង់​ការពារ​តក្កកម្ម​របស់​ខ្លួន នៅ​ប្រទេស​ផ្សេងទៀត ដោយ​តក្កករ​ខ្មែរ​មិនចាំបាច់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​នោះឡើយ គ្រាន់តែ​ស្នើ ដាក់ពាក្យ​សុំ​ និង​គូស​បញ្ជាក់​ប្រទេស​ដែល​ខ្លួន​ចង់​ការពារ គឺជា​រួចជាស្រេច។

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែង​បន្ថែម​ទៀត​ថា ក្រោយពី​មាន​កិច្ចប្រជុំ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ និង​ជាមួយ​វិស័យ​ឯកជន​មកនេះ លោក​គ្រោង​នឹង​ស្នើ​សុំ​ការ​អនុញ្ញាត ពី​ស​ម្តេច​អគ្គ​មហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​ឲ្យ​ប្រទេស​កម្ពុជា​ចូល​ជា សមាជិក​សន្ធិសញ្ញា​អន្តរជាតិ ដែល​ហៅថា សន្ធិសញ្ញា​សហប្រតិបត្តិ​ការ​ប្រកាស​នីយបត្រ​ត​ក្ក​កម្ម នេះ​តែម្ដង។

សូម​រំលឹក​ផង​ដែរ​ថា ការ​ចូល​ជា​សមាជិក (PCT) កម្ពុជា​នឹង​ដើរ​តួនាទី​ជា​ការិយាល័យ​ទទួល​ពាក្យសុំ ជំនួស​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក។ ចំណែក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) ជាទី ស្នាក់​ការ​ធំ​សម្រាប់​ទទួល​ពាក្យសុំ ពិនិត្យ និង​ស្រាវជ្រាវ រួច​ផ្ញើមក​ឲ្យ​កម្ពុជា ចំណែកឯ​សិទ្ធិ​ក្នុងការ​ផ្តល់ ប្រកាសនីយបត្រ​តក្កក​ម្ម គឺ​ភាគី​កម្ពុជា​ជា​អ្នកសម្រេច​ផ្តល់ ឬ​អត់​ពិនិត្យ​ទៅលើ​ស្ថានភាព​ច្បាប់​របស់ កម្ពុជា។ លើស​ពី​នេះ​ទៀត​ការ​ចូល​ជា​សមាជិក​អង្គការ​នេះ នឹង​ផ្តល់​លទ្ធភាព​ឲ្យ​យើង​ទទួល​បាន​ពាក្យសុំ ការពារ​ប្រកាសនីយបត្រ​តក្កកម្ម​បាន​ច្រើន បង្កើន​ប្រាក់ចំណូល និង​អាច​ទទួល​បាន​ការ​វិនិយោគ លើ​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន​៕