សម្តេច ស ខេង ទទួលបន្ទុក​ស្រាវជ្រាវ​ញត្តិ​ស្នាម​មេដៃ​ដែល CNRP យក​ថ្វាយ​ព្រះមហាក្សត្រ​ និពន្ធដោយ : ខន ចំប៉ា       May-31-2016, 11:07 pm         1418

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377សម្តេច ស ខេង ទទួលបន្ទុក​ស្រាវជ្រាវ​ញត្តិ​ស្នាម​មេដៃ​ដែល CNRP យក​ថ្វាយ​ព្រះមហាក្សត្រ​​សម្តេច ស ខេង គឺជា​អ្នកទទួលខុសត្រូវ ស្រាវជ្រាវ​រក​ការពិត ចំពោះ​ញត្តិ​ស្នាម​មេដៃ ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​យកទៅ ព្រះមហាក្សត្រ​។

​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្រាវជ្រាវ​ទៅលើ​ញត្តិ​ដែលមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាង​១៧​ម៉ឺន​នាក់ ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​យកទៅ ព្រះមហាក្សត្រ កាលពី​រសៀល​ថ្ងៃទី​៣០​ខែឧសភា​។​

តាមរយៈ​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី ៣១ ខែឧសភា​នេះ សម្តេច ស ខេង ត្រូវធ្វើ​ការស្រាវជ្រាវ​ស្នាម​មេដៃ​ទាំងនោះ តាមរយៈ ការធ្វើ​កោសល្យ​វិ​ច្ច័​យ ការស្រាវជ្រាវ​ពី​ប្រជាជន​ដោយផ្ទាល់ ឬ​មធ្យោបាយ​ផ្សេងទៀត ដែល​អាច​រកឃើញ​នូវ​ភាពត្រឹមត្រូវ​។

ទាក់ទង​នឹង​ករណីនេះ ដែរ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មិន​ជឿ​លើ​ព័ត៌មាន​ដែល​លេច​ឮថា ស្នាម​មេដៃ​អ្នកគាំទ្រ ដែល​ខ្លួន​បានដាក់​ថ្វាយ​ជូន​ព្រះមហាក្សត្រ ជា​ស្នាម​មេដៃ​ក្លែងក្លាយ​នោះឡើយ ដោយ​គណបក្ស​ចាត់ទុក​ព័ត៌មាន​ជា​រឿង​មិន​ពិត​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អ៊ូ ច័ន្ទ​ឫទ្ធិ អះអាងថា ការដាក់​ញត្តិ ដោយមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាង​១៧​ម៉ឺន​នាក់ ដាក់ថ្វាយ​ព្រះមហាក្សត្រ គឺជា​ស្នាម​មេដៃ​ពិត​ត្រឹមត្រូវ​។ លោក អ៊ូ ច័ន្ទ​ឫទ្ធិ អះអាងថា បើសិនជា​មន្ត្រី​បរមរាជវាំង​មានការ​សង្ស័យ ហើយ​បង្កើត​ក្រុម​អ្នកត្រួតពិនិត្យ​លើ​ស្នាម​មេដៃ​នេះ លោក​នឹង​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ខ្លួន​ចំនួន​១៧​ម៉ឺន​នាក់ ដែល​បាន​ផ្តិតមេដៃ​នោះ​ទៅ​បង្ហាញ​នៅមុខ​ព្រះបរមរាជវាំង ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​គណបក្ស​៕