សមត្ថកិច្ច​ឃាត់​រថយន្ត​ធុន​យក្ស​៣​គ្រឿង​ សង្ស័យ​បង្កប់​ឈើ​ខុសច្បាប់

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ចម្រុះ​បាន​ចាប់​ឃាត់​រថយន្ត​ធុន​យក្ស​៣​គ្រឿង​ដឹក​ដើម​អាកា​ស្យា សង្ស័យ​ថា​មាន​បង្កប់​ឈើ​ខុសច្បាប់​ដឹក​ចូល​ទៅ​ប្រទេស​វៀតណាម​តាម​ប៉ុស្តិ៍​ព្រំដែន បុស្ស​មន​ស្ថិត​នៅ​ភូមិ​វាល ឃុំ​បុស្ស​មន ស្រុក​រំដួល កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១​ខែឧសភា ឆ្នាំ​២០១៦ ក៏​ប៉ុន្តែ​សមត្ថកិច្ច​ទើបតែ​ពិនិត្យ​បាន​មួយ​គ្រឿង​ត្រូវ​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ព្រំដែន​បុស្ស​មន​ម្នាក់​បាន​មក​បញ្ជា​ឲ្យ​ម្ចាស់​រថយន្ត​ឡើង​បើករថយន្ត​ចេញ​តាម​ប៉ុស្តិ៍​ព្រំដែន​បុស្ស​មន ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម​យ៉ាង​រំភើយ​ធ្វើ​ឲ្យ​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត មន្ត្រី​សាខា​គយ​និង​រដ្ឋាករ​បុស្ស​មន​ឈរ​មើល​ទាំង​ហួសចិត្ត​។

លោក ឈួ​ន ចាន់​វុ​ឌ្ឍី ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​សង្ស័យ​បង្កប់​ឈើ​ខុសច្បាប់​ទី​១,​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ភ្លៅ​០៥​ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A-0207 ទី​២,​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស ភ្លៅ​០៥​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-1178 និង​ទី​៣ ,​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ភ្លៅ​០៥​ពាក់​ស្លាក​លេខ​ស្វាយ​រៀង 3A-1205 សុទ្ធតែ​ដឹក​កំណាត់​ដើម​អាកា​ស្យា​ពេញ​ទ្រុង​។ ប្រភព​ដដែល​បន្ត​ទៀត​ថា សមត្ថកិច្ច​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បាន​ឃាត់​រថយន្ត​៣​គ្រឿង​ពិនិត្យ​មើល​សង្ស័យ​ថា​មាន​ដឹក​បង្កប់​ឈើ​ខុសច្បាប់​ហើយ​បាន​សួរ​ទៅ​កាន់​អ្នកបើកបរ​រថយន្ត​ទាំងនោះ​គេ​ឆ្លើយ​ថា ពួក​គេ​គ្រាន់​ជា​អ្នកស៊ីឈ្នួល​ដឹក​ឲ្យ​គេ​ទេ​មិនដឹង​ថា​ម្ចាស់​គេ​ឈ្មោះ​អី ឬ​ក្រុមហ៊ុន​ឈ្មោះ​អ្វី​នោះ​ទេ គឺ​ពួក​គេ​ស៊ីឈ្នួល​ដឹក​ពី​ស្រុក​លើក​ដែក​ខេត្តកណ្តាល​មក​ដល់​ព្រំដែន​វៀតណាម​ខេត្តស្វាយរៀង​យក​តម្លៃ​៨០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រឿង​។​បន្ទាប់​មក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កំពុង​ពិនិត្យ​រថយន្ត​១​គ្រឿង​ពាក់​ស្លាក​លេខ ស្វាយ​រៀង 3A-1205 ស្រាប់តែ​មាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ព្រំដែន​បុស្ស​មន​ម្នាក់​ជិះ​ម៉ូតូ​មក​ឡូឡា​រួច​បញ្ជា​ឲ្យ​ម្ចាស់​រថយន្ត​ឡើង​បើក​ចេញពី​ចំណុច​ភូមិ​វាល​ទៅ​តាម​ច្រកព្រំដែន បុស្ស​មន​ឆ្លង​ទៅ​ចំណុច​តំបន់​ស​ក្នុង​ទឹកដី​ប្រទេស​វៀតណាម​ឈប់​នៅ​លើ​ថ្នល់​ខាង​មុខ​ប៉ុស្តិ៍​ព្រំដែន​វៀតណាម​។

បន្ទាប់​មក​លោក​ផា​ន់​រតនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង មន្ត្រីសង្កាត់រ​ដ្ឋា​ល​ព្រៃឈើ​រមាស​ហែក ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត មន្ត្រី​សាខា​គយ និង​រដ្ឋាករ​បុស្ស​មន និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្រកព្រំដែន​បុស្ស​មន​មន្ត្រី​ទាហាន​ត្រួតពិនិត្យ​រថយន្ត​បាន​មួយ​គ្រឿង​ដែល​រើ​កំណាត់ឈើ​ផ្ទេរ​ដាក់​រថយន្ត​វៀតណាម ក្រោយមក​ពិនិត្យ​រថយន្ត​២​គ្រឿង​ទៀត​គឺ​ស្លាក​លេខ ត្បូងឃ្មុំ 3A-0207 និង​រថយន្ត​ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​3A-1178 មិន​ទាន់​ពិនិត្យ​រួច​ផង​ស្រាប់តែ​មាន​ទា​ហ​a​ន​វៀតណាម​បាន​ជិះ​ម៉ូតូ​មក​ដេញ​សមត្ថកិច្ច​យើង​ឲ្យ​ត្រឡប់​មក​ខាង​ព្រំដែន​ខ្មែរ​វិញ​ហើយ​នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ទាហាន​វៀតណាម​បាន បញ្ជា​ឲ្យ​ម្ចាស់​រថយន្ត​ទាំង​០៣​គ្រឿង​បើក​ចូល​ទៅ​ប្រទេស​វៀតណាម​បាត់​ឈឹង​។ ទោះបី​លោក​ព្រះរាជអាជ្ញា​រង​ឲ្យ​ម្ចាស់​រថយន្ត​បើករថយន្ត​ថយ​មក​ក្រោយ​ចូល មក​ព្រំដែន​ខ្មែរ​វិញ​ក៏​ប៉ុន្តែ​ម្ចាស់​រថយន្ត​មិន​ព្រម​ស្តាប់​គឺ​បាន​បើករថយន្ត​ចូល​ទៅ​ខាង​ប្រទេស​វៀតណាម​។ ដូច្នេះ​ធ្វើ​ឲ្យ​សមត្ថកិច្ច​កាន់តែ​សង្ស័យ​ថា ពិតជា​មាន​លួច​បង្កប់​ឈើ​ខុសច្បាប់​ហើយ​មើលទៅ​ទើប​មិន​ព្រម​ឲ្យ​សមត្ថកិច្ច​ពិនិត្យ​។ លោក​ផា​ន់​រតនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ធ្វើ​កំណត់ហេតុ​ឆែកឆេ​រថយន្ត​ទាំង​០៣​គ្រឿង​នេះ និង​រថយន្ត​ឈ្មើ​សរួច​ហើយ និង​ដាក់​កម្លាំង​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​កងរាជអាវុធហត្ថ កម្លាំង​លោកនាយ​ប៉ុស្តិ៍​ច្រកព្រំដែន បុស្ស​មន​ចាប់​ឃាត់​រថយន្ត​ល្មើស​ទាំង​០៣​គ្រឿង​មក​ដោះស្រាយ​តាម​នីតិវិធី​។​លោក ឈួ​ន វុ​ឌ្ឍី ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្វាយ​រៀង​បាន​មាន​ប្រសាសន៍​ថា ចំពោះ​ឈ្មួញ​ដឹកឈើ​ឬ​កំណាត់ឈើ​អាកា​ស្យា​ក៏​ដោយ​បើ​ដឹក​ឆ្លង​ដែន​ទៅ​បរទេស​តាម​ច្បាប់ គឺ​ក្រុមហ៊ុន​ត្រូវ​តែ​មាន​អាជ្ញា​ប​ណ្ណ័ នាំ​ចេញ​ឬ​សុំ​ច្បាប់​នាំ​ចេញ ក៏​ប៉ុន្តែ​នេះ​សម្បី​តែ​ម្ចាស់​ក៏​មិនដឹង​ថា​អ្នក​ណា​ជា​ម្ចាស់​និង​ច្បាប់​នាំ ឈើ​ចេញ​ក៏​គ្មាន​គឺ​មាន​តែ​អ្នក​រត់ការ​តែ​មិន​ហ៊ាន​ចេញ​មុខ​ហើយ​ពេល​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង​ត្រួតពិនិត្យ​បែរជា​បើក​រត់​មិន​ឲ្យ​ពិនិត្យ​។

​ហើយ​គ្រាន់តែ​ហួសចិត្ត​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​បុស្ស​មន​បើក​កុងត្រូល ឲ្យ​រថយន្ត​ទាំង​បី​គ្រឿង​និង​រថយន្ត​តា​កូ​ម៉ា​រត់កា​ទៅ​យ៉ាង​រលូន​។​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បង្ហើប​ឲ្យ​ដឹង​ថា​រាល់​យប់​នៅ​វេលា​ម៉ោង​១១​ទៅ​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​មាន​រថយន្ត​ធុន​យក្ស​ប្រមាណ​៥​ទៅ​១០​គ្រឿង​ដឹក​ទំនិញ​ចេញ​តាម​ច្រក​ប៉ុស្តិ៍​ព្រំដែន​បុស្ស​មាន់​រាល់​យប់​រក​ដេក​មិន​លក់​មិនដឹង​ថា​ដឹក​អី​ហើយ​រថយន្ត​បី​គ្រឿង​នេះ​ជាប់ផុង​ទេ ទើប​បែកធ្លាយ​ដល់​រដ្ឋបាល​ព្រៃឈើ​កុំ​អី​ទៅ​បាត់​តាំ​ពី​យប់​ម្លេះ​។​ដូច្នេះ​សូម​រង់ចាំ​តាមដាន​ចំណាត់ការ​របស់​សមត្ថកិច្ច​បន្ត​ទៀត​៕