ធ្វើ​ដូចម្ដេច​ទើប​អាច​រក្សា​ចំណង​ស្នេហា​បាន​យូរ​អង្វែង?

គូ​ស្នេហ៍​គ្រប់​រូប​តែង​ប្រាថ្នា​រក្សា​ការ​ស្រលាញ់​ឲ្យ​បាន​យូរ​បំផុត​រហូត​ដល់​ជីវិត​ចុង​ក្រោយ ប៉ុន្តែ​បញ្ហា​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​​ក្ដី​ស្រមៃ​នោះ​រលាយ​សូន្យ ហើយ​ពេល​ខ្លះ​ឈាន​ដល់​បែក​បាក់​គ្នា​ក៏​មាន ប្រសិន​បើ​មិន​ចេះ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង។ ចុះ​ធ្វើ​យ៉ាង​ណា ទើប​អាច​រក្សា​ចំណង​ស្នេហា​បាន​យូរ​អង្វែង?

 

 ​ធ្វើ​ដូចម្ដេច​ទើប​អាច​រក្សា​ចំណង​ស្នេហា​បាន​យូរ​អង្វែង?រូបតំណាង

 

«​តាំង​ពី​ស្រលាញ់​គ្នា​មក ឈ្លោះ​គ្នា​មិន​ដល់​បី​ដង​ផង» នេះ​ជា​ការ​លើក​ឡើង​របស់​កញ្ញា ហេង ស្រីតូច ដែល​មាន​​ទំនាក់​ទំនង​​ស្នេហា​ជាមួយ​នឹង​​​​សង្សារ​​​​អស់​​​​រយៈពេល ៥​ឆ្នាំ​កន្លះ​ហើយ​។ ជា​បុគ្គលិក​ក្រុម​ហ៊ុន​ឯកជន​មួយ​ក្នុង​វ័យ​ ២៥ឆ្នាំ ​កញ្ញា ស្រីតូច បាន​បង្ហាញ​​ពីកត្តាធំៗទាំង៤ ខាងក្រោម​ ដែល​ធ្វើ​ឱ្យ​កញ្ញា​អាច​ថែរក្សា​ចំណង​ស្នេហា​យ៉ាង​រលូន​​មក​ដល់​ពេលនេះ។ ​
អង្វែង?

១. ត្រូវ​មើល​គ្នា​សិន​មុន​ស្រលាញ់៖
មុន​ស្រលាញ់​គ្នា ត្រូវ​មើល​សិន​ថា​តើ​ម្នាក់​ហ្នឹង​បណ្ដើរ​​គ្នា​ជាមួយ​ខ្លួន​សម​ឬ​អត់? មិនមែន​ឃើញ​ភ្លាម​ចេះ​តែ​ស្រលាញ់​ភ្លាម​នោះ​ទេ។ បើ​​មិន​សូវ​សម​អីចឹង ពេល​ដែល​បណ្ដើរ​​គ្នា​ទៅក្រៅ នឹង​អាច​មាន​ការ​បង្អាប់​ចុះ​បង្អាប់​ឡើង ក៏​អាច​​ធ្វើ​ឱ្យ​ប៉ះពាល់​​ទំនាក់ទំនង​ដែរ ។

 

២. ​សម្រប​សម្រួល​គ្នា៖ នៅ​ជាមួយ​គ្នា​យូៗ​ទៅ ចាប់ផ្ដើម​ចេញ​ចរិត​ពិត​មក​ហើយ អ៊ីចឹង​ចំណុច​មួយ​ចំនួន អាច​​មិន​ចូល​ចិត្ត​គ្នា​នោះ​​ទេ។ “ចំណុច​មួយ​ចំនួន​របស់​សង្សារ​ខ្ញុំ ខ្ញុំ​មិន​ចូលចិត្ត​ទេ ហើយ​ចំណុច​មួយ​ចំនួន​របស់​ខ្ញុំ​ក៏​សង្សារ​ខ្ញុំ​មិន​ចូលចិត្ត​ដែរ ក៏​ប៉ុន្តែ​យើង​​រៀន​រស់​នៅ​ជាមួយ​ចំណុច​អាក្រក់​របស់​គ្នា​ហ្នឹង​រៀ​ងៗ​ខ្លួន។ ឧទាហរណ៍​ថា​ សង្សារ​ខ្ញុំ​មិន​ចូលចិត្ត​ញ៉ាំ​ត្រី​ទេ  ចឹង​មាន​ន័យ​ថា​ខ្ញុំ​ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​ត្រី​ដែរ ពេល​ទៅ​ញ៉ាំ​អីចឹង​ត្រូវ​ហៅ​ត្រី​ ២មុខ ខ្ញុំ​ហៅ​តែ​មួយ​មុខ​វិញ​ ។​ ឧទាហរណ៍​មួយ​ទៀត ខ្ញុំ​ចូលចិត្ត​ដើរលេង តែ​សង្សារ​ខ្ញុំ​មិន​ចូលចិត្ត​ដើរ​លេង ចឹង​សង្សារ​ខ្ញុំ​ក៏​តាម​ខ្ញុំ​ទៅ ឧស្សាហ៍​ដើរ​លេង​ជាមួយ​គ្នា​​ចឹង​ទៅ ។ មានន័យ​ថា​យើង​ព្យាម​បំពេញ​ចំណុច​ខ្វះ​ខាត​គ្នា​ទៅវិញ​ទៅមក”។ ស្រី​តូច បញ្ជាក់។

 

ស្រី​តូច​បាន​បន្ថែម​ទៀត​ថា៖ “សម្រាប់​រឿង​ឈ្លោះ​គ្នា​ និង​រឿង​ផ្សះផ្សា​ហ្នឹង គឺ​ពួក​ខ្ញុំ​មិន​សូវ​មាន​ទេ ដោយសារ​តែ​ពួក​ខ្ញុំ​បង្ការ​។ ភាគច្រើន​បង្ការ​មិន​ឱ្យ​មាន​ករណី​ឈ្លោះ​គ្នា​ ឬ​ជជែក​គ្នា​កើត​ឡើង​ទេ តាំង​ពី​ស្រលាញ់​គ្នា​មក​ឈ្លោះ​គ្នា​មិន​ដល់​បី​ដង​ផង ។ មាន​ន័យ​ថា អា​រឿង​ណា​ដែល​ធ្វើ​ទៅ​អាច​ឈ្លោះ​គ្នា​ គឺ​ពួក​ខ្ញុំ​អត់​ធ្វើ​ទេ… ឧបមា​ថា​សង្សារ​ខ្ញុំ​មិន​ចង់​ឱ្យ​ខ្ញុំ​ដើរ​លេង​ជាមួយ​ពួកម៉ាក​ប្រុសៗ​នៅ​ពេល​យប់​ ​ខ្ញុំ​ឈប់​ដើរ​លេង​ជាមួយ​ពួក​ម៉ាក​ប្រុស​ៗ​ពេល​យប់ ដើរ​តែ​ពេល​ថ្ងៃ​អីចឹង​ទៅ។

 

៣. ត្រូវ​មាន​​ពេល​វេលា​សម្រាប់​គ្នា​៖ ត្រូវ​មាន​ពេល​វេលា​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ទោះ​ជា​រវល់​នឹង​រៀន ឬ​ធ្វើការ​យ៉ាងណាក៏ដោយ យ៉ាង​ហោច​ណាស់​ក៏​ក្នុង​មួយ​អាទិត្យ ​ត្រូវ​ជួប​គ្នា​ប្រហែល​ពី ២ ទៅ ៣ ដង ដើម្បី​ទៅ​ញ៉ាំ​អី​ជា​មួយ​គ្នា​។​

៤. ស្មោះត្រង់​៖
ចំណុច​នេះ ស្រី​តូច បាន​និយាយ​ថា “ត្រូវ​តែ​ស្មោះ​ត្រង់​ បាន​ន័យ​ថា​មិន​មែន​មនុស្ស​ប្រុស​ហ្នឹង​ស្រលាញ់​យើង​ហើយ​ដើរ​ទៅ​រក​ជម្រើស​ផ្សេង​អី​ចឹង​ ហើយ​ខ្ញុំ​ក៏​ចឹង​ដែរ​ខ្ញុំ​មិន​មែន​ថា​មាន​សង្សារ​ស្រលាញ់​ហើយ​ ខ្ញុំ​ដើរ​ទៅលេង​សើច​ជាមួយ​ប្រុស​ផ្សេង​រញ៉េរញ៉ៃ​នោះ​ទេ។​

 

ដើម្បី​រក្សា​ទំនាក់​ទំនង​បាន​ល្អ ​មុននឹង​យើង​ស្រលាញ់​គ្នា ​ត្រូវ​​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់​ថា​ម្នាក់​ហ្នឹង​​ត្រូវ​គ្នា​ឬ​អត់។ បន្ទាប់ពី​ស្រលាញ់​​ហើយ ​ត្រូវ​សម្រប​សម្រួល​គ្នា ហើយ​ត្រូវ​ស្មោះត្រង់ និង​មាន​ពេលវេលា​ឱ្យ​គ្នា​ទៅវិញ​ទៅមក​។ ​បើ​សិន​ជា​រវល់​តែ​រៀន​ពេក ឬ​ធ្វើការ​ពេក នឹង​បរាជ័យ​ក្នុង​រឿង​ស្នេហា​ហើយ។

 

នេះ​គ្រាន់​តែ​ជា​ពិសោធន៍​ជាក់​ស្ដែង​របស់​យុវតី​ម្នាក់​ប៉ុណ្ណោះ​ទាក់ទង​នឹង​រឿង​ស្នេហា។ តើ​ប្រិយមិត្ត​មាន​គំនិត​ល្អៗ​ផ្សេងៗ​ទៀត​ដែរ​ឬ​ទេ ​ដើម្បី​ធ្វើ​ឲ្យ​ស្នេហា​របស់​មិត្ត​មាន​ភាព​យូរអង្វែង?

អត្ថបទ៖ CCJ