លោក​ស្រី​ Clinton ​ប្រកួត​ចុង​ក្រោយ​នៅ​រដ្ឋ​ California​ ​មុន​ពេល​ទទួល​បាន​ការ​តែង​តាំង

លោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីការបរទេសស.រ.អ.ជិតបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីស.រ.អ.ខាងគណបក្សប្រជាធិបតេយ្យជាផ្លូវការហើយ ក៏ប៉ុន្តែលោកស្រីប្រឈមមុខនឹងការប្រកួតប្រជែងចុងក្រោយបង្អស់មួយនៅក្នុងរដ្ឋ California ដែលជារដ្ឋមានប្រជារាស្ត្រច្រើនបំផុតនៅក្នុងប្រទេសអាមេរិក។ ការប្រកួតចុងក្រោយនេះគឺប្រឆាំងនឹងអ្នកប្រជែងតែម្នាក់គត់របស់លោកស្រីគឺលោក Bernie Sanders ដែលជាសមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Vermont។

លោក​ស្រី​ Clinton ​ប្រកួត​ចុង​ក្រោយ​នៅ​រដ្ឋ​ California​ ​មុន​ពេល​ទទួល​បាន​ការ​តែង​តាំង

(ពីឆ្វេងទៅស្តាំ) រូបថតលោក Bernie Sanders និងលោកស្រី Hillary Clinton មកពីគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump នៃគណបក្សសាធារណរដ្ឋ ដែលជាបេក្ខជនចុងក្រោយនៃការប្រកួតប្រជែងដើម្បីបានក្លាយជាបេក្ខជនប្រធានាធិបតីជាផ្លូវការ។

លោកស្រី Clinton ដែលស្វះស្វែងឱ្យបានក្លាយទៅជាប្រធានាធិបតីស្ត្រីទីមួយនៃស.រ.អា.ជិតប្រមែប្រមូលបានពួកប្រតិភូភាគច្រើនសម្រាប់មហាសន្និបាតជាតិរបស់គណបក្សប្រជាធិបតេយ្យដើម្បីតែងតាំងបេក្ខជនប្រធានាធិបតីនៅខែកក្កដាខាងមុខនេះ។ លោកស្រីមានប្រតិភូ ២៣១០ ក្នុងបណ្តាប្រតិភូ ២៣៨៣ដែលលោកស្រីត្រូវការដើម្បីក្លាយទៅជាស្ត្រីទីមួយដែលត្រូវតែងតាំងសម្រាប់តំណែងប្រធានាធិបតីដោយគណបក្សស.រ.អា.ធំមួយ។ ចំណែកលោក Sanders មានប្រតិភូ១៥៤២នាក់ដែលសន្យាថាគាំទ្រលោក។

លោកស្រី Clinton ដែលជាអ្នកការទូតកំពូលស.រ.អា.ពីឆ្នាំ២០០៩ ដល់២០១៣ ទំនងជានឹងទទួលបានការតែងតាំងនៅថ្ងៃទី៧ ខែមិថុនានេះ។ ការណ៍នេះអាចកើតមានបាននៅពេលដែលប្រជារាស្ត្រក្នុងរដ្ឋ California កំពុងតែបោះឆ្នោតនៅសប្តាហ៍ក្រោយពីព្រោះលោកស្រីមានការគាំទ្រច្រើនណាស់នៅក្នុងរដ្ឋ New Jersey នាប៉ែកខាងកើតស.រ.អា. ដែលនៅទីនោះការបោះឆ្នោតចប់បីម៉ោងមុនរដ្ឋCalifornia។

មានរដ្ឋបួនទៀតក៏ធ្វើការបោះឆ្នោតបឋមដែរនៅថ្ងៃអង្គារក្រោយគឺរដ្ឋ Montana រដ្ឋ New Mexico រដ្ឋ North Dakota និងរដ្ឋ South Dakota ក៏ប៉ុន្តែរដ្ឋ California ទាក់ទាញការយកចិត្តទុកដាក់ខ្លាំងបំផុតរបស់លោកស្រី Clinton។ លោកស្រីបានលប់ចោលការប្រជុំជាមួយអ្នកគាំទ្រឃោសនាបោះឆ្នោតដែលបានកំណត់ត្រូវធ្វើនៅកន្លែងឯទៀតៗក្នុងសប្តាហ៍នេះ ដើម្បីវិលត្រឡប់ទៅកាន់តំបន់ឆ្នេរសមុទ្រខាងលិចស.រ.អា.ដើម្បីធ្វើដំណើរប្រាំថ្ងៃនៅទូទាំងរដ្ឋ California។

លោក Jerry Brown អភិបាលរដ្ឋ California បានគាំទ្រលោកស្រី Clinton កាលពីថ្ងៃអង្គារ ដោយលោកបានមានប្រសាសន៍ថា លោកស្រីមានឱកាសល្អបំផុតក្នុងការយកជ័យជម្នះលើលោក Donald Trump នៅក្នុងការបោះឆ្នោតទូទៅនៅខែវិច្ឆិកា។

លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យមានប្រាក់រាប់ពាន់លានដុល្លារហាក់ដូចជាប្រាកដនឹងក្លាយទៅជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋដើម្បីបន្តតំណែងពីលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ានៅពេលលោកប្រធានាធិបតីចាកចេញពីតំណែងនៅខែមករាឆ្នាំក្រោយ៕

ប្រភពៈ VOA