ចង់​មាន​អាយុ​វែង គួរតែ​សាកល្បង​វិធី​ទាំងនេះ​

ចង់​មាន​អាយុ​វែង គួរតែ​សាកល្បង​វិធី​ទាំងនេះ​

​ពាក្យ​មួយ​ឃ្លា​និយាយថា អ្វីៗ​អាច​ផ្លាស់ប្តូរ​បាន​ទាំងអស់ លើកលែង​តែ​សេចក្តីស្លាប់​មួយ​ប៉ុណ្ណោះ ព្រោះ​វា​ជា​រឿង ដែល​មិន​អាច​ចៀសផុត​បាន​។ យ៉ាងណាមិញ មានរឿង​ច្រើនណាស់ ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ជួយ​ឲ្យ​ដំណើរ​ជីវិត​អ្នក បន្តបាន​កាន់តែ​យូរ​ទៅមុខទៀត​។ រឿង​ធម្មតាៗ​រាល់ថ្ងៃ ដែល​ធ្វើឲ្យ​មនុស្ស​អាយុ​ខ្លី​នោះ មានដូចជា ជក់បារី និង​ការ​គេង​មិន​បាន​គ្រប់គ្រាន់​។ ដូច្នេះ បើសិន​ជា​អ្នក​ចង់​បាន​អាយុ​វែង ក្រៅពី​ចៀសវាង​រឿង​ធ្វើឲ្យ​អាយុ​ខ្លី អ្នក​គួរតែ​ព្យាយាម ធ្វើ​រឿង​ផ្សេងៗ​បន្ថែមទៀត ដូចជា ៖

ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
រាងកាយ​មនុស្ស​យើង ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់ ទើប​អាច​ធ្វើការ​បាន​យ៉ាង​ល្អ​។ បើសិនជា​គ្មាន​ទឹក​ទេ  អាច​នឹង​ឈប់​ធ្វើការ ឬ​ធ្វើការ​កាន់តែ​យឺតៗ​ទៅ​។ ក្នុងករណី​ជីវិត​រស់នៅ ដោយ​មិន​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​មែន​នោះ រាងកាយ​ពិតជា​ងាយ​មាន​ជំងឺ​ខ្លាំងណាស់​។

ចូរ​ប្រាកដថា សើច​បាន​រាល់ថ្ងៃ​
ចូរ​ប្រាកដថា ការ​សើច​របស់​អ្នក កើត​ឡើង​ពិតប្រាកដ មិនមែន​បន្លំ​ឡើយ​។ វា​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ ក្នុង​ការពង្រឹង​លំហូរ​ឈាម​ទៅ​បេះ​ដូង​។ បើសិន​ជា​អ្នក​អាចធ្វើ​បាន​រាល់ថ្ងៃ អ្នក​នឹង​អាច​កាត់បន្ថយ ការ​កើន​បញ្ហា​កក​ជាតិ​ខ្លាញ់ ក្នុង​សរសៃឈាម ការ​រលាក និង​កំណក​ឈាម​បាន​យ៉ាង​ល្អ​។ ដូច្នេះ​ចូរ​ចំណាយពេល ពីរ​បី​នាទី​ក្នុង​មួយថ្ងៃ ដើម្បី​សើច​ទៅ​។

ឈប់​បង្ខំ​ខ្លួនឯង​ទៀត នៅពេល​មាន​ជំងឺ​ហើយ​
អ្នកខ្លះ​គិតថា វា​ពិតជា​រឿង​មួយ​អស្ចារ្យ​ណាស់ នៅពេល​មនុស្ស​ម្នាក់ អាច​ធ្វើ​ការងារ​ទាំង​ខ្លួន​មាន​ជំងឺ តែ​វា​នឹង​ធ្វើឲ្យ​រាងកាយ ចុះខ្សោយ​កាន់តែខ្លាំង​ទៅវិញ​ទេ​។ ដូច្នេះ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា ខ្លួនឯង​មិន​ស្រួល​ខ្លួន​ហើយ​នោះ ចូរ​ចំណាយ​ពេលវេលា​ខ្លះ ដើម្បី​ខ្លួនឯង​សម្រាក​ពី​ការងារ​ខ្លះ​ទៅ ព្រោះ​រាងកាយ ត្រូវការ​ពេលវេលា​ដើម្បី​ជា​វិញ​ដែរ​។

រំលាយ​ជាតិ​ខ្លាញ់​
ការសិក្សា​បង្ហាញថា ការរំលាយ​ជាតិ​ខ្លាញ់ យ៉ាងហោចណាស់ ១,១០០ កាឡូរី​ក្នុង​មួយ​សប្តាហ៍​អាចជួយ​កាត់បន្ថយ ការ​កកកុញ​ជាតិ​ខ្លាញ់ ក្នុង​សរីរាង្គ​ក្នុង​ពោះ​បាន ដូច្នេះ អ្នក​ក៏​អាច​កាត់បន្ថយ ការ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម បាន​យ៉ាង​អស្ចារ្យ​។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​នៅ​ពេល​នេះ គឺ​ចំណាយ​ពេលវេលា​ហាត់ប្រាណ ឲ្យបាន​ច្រើន​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។

កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
ការស្រាវជ្រាវ​បានបញ្ជាក់​ថា យើង​មិនគួរណា ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនជាង ៣ ដង​ក្នុង​រយៈពេល ២៤ ម៉ោង​ឡើយ ព្រោះ​វា​អាច​ប្រឈម​ខ្លាំង នឹង​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​រហូតដល់ ៥ ដង​ឯណោះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។